(សេអ៊ូល)៖ ក្រុមមន្ត្រីកូរ៉េខាងត្បូងបាននិយាយថា នាវាផ្ទុកយន្តហោះអាមេរិកមួយគ្រឿងបានចូលចតនៅឯកំពង់ផែមួយរបស់កូរ៉េខាងត្បូងហើយ នៅថ្ងៃសុក្រនេះ ជាលើកដំបូងក្នុងរយៈពេលជាង ៤ឆ្នាំមកនេះ ដើម្បីចូលរួមជាមួយនាវាចម្បាំងកូរ៉េខាងត្បូងបង្ហាញសាច់ដុំយោធា ជាសារព្រមានដល់កូរ៉េខាងជើង។ នេះបើយោង តាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២៣ ខែកញ្ញា ឆ្នាំ២០២២។

នាវាផ្ទុកយន្ដហោះចម្បាំង យូអេសអេស រ៉ូណាល់ រីហ្គិន (USS Ronald Reagan) រួមទាំងនាវាចម្បាំងអមដំណើរជាច្រើនគ្រឿងទៀត បានចូលចតនៅឯ មូលដ្ឋានទ័ពជើងទឹក ក្នុងទីក្រុងកំពង់ផែប៊ូសាន (Busan)។ ការមកដល់នៃកងនាវាចម្បាំងអាមេរិកនេះ គឺជាការដាក់ពង្រាយដ៏សំខាន់ ដែលស្ថិតក្រោមផែនការ យុទ្ធសាស្រ្តបង្ហាញកម្លាំងនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិកនៅក្នុងតំបន់ ដើម្បីកំញើញកូរ៉េខាងជើង។

ប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ស៊ុកយុល (Yoon Suk-yeol) បានជំរុញឲ្យមានការធ្វើសមយុទ្ធរវាងកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក រួមទាំងការបង្ហាញអំណាចយោធាផ្សេងទៀត ឆ្លើយតបចំពោះកូរ៉េខាងជើង ដែលកាលពីដើមឆ្នាំនេះបានធ្វើការសាកល្បងមីស៊ីលជាបន្តបន្ទាប់។

គួរបញ្ជាក់ថា នាវាផ្ទុកយន្តហោះអាមេរិកធ្លាប់ចូលចតនៅកូរ៉េខាងត្បូង កាលពីឆ្នាំ២០១៨។ ចាប់តាំងពីឆ្នាំនោះមក កូរ៉េខាងត្បូងបានកាត់បន្ថយសកម្មភាពយោធា រួមគ្នាជាច្រើន ជាមួយសហរដ្ឋអាមេរិក ចំពោះមុខកិច្ចខិតខំប្រឹងប្រែងផ្នែកការទូតជាមួយកូរ៉េខាងជើង។ ប៉ុន្តែ កិច្ចពិភាក្សាត្រូវបានជាប់គាំង ខណៈកាលពីដើម ខែកញ្ញានេះទីក្រុងព្យុងយ៉ាង បានដាក់ចេញនូវច្បាប់ថ្មីមួយដែលអាចប្រើអាវុធនុយក្លេអ៊ែរ គ្រប់ពេលវេលាប្រសិនបើរបបដឹកនាំលោក គីម ជុងអ៊ុន មានអារម្មណ៍ ថាទទួលការគំរាមកំហែង៕