(តាស្កិន)៖ ក្រុមរដ្ឋអាជ្ញារបស់ប្រទេសអ៊ូសបេគីស្ថាន បានព្រមានដល់ពលរដ្ឋកុំឲ្យចូលរួមជាមួយកងកម្លាំងបរទេស បន្ទាប់ពីប្រទេសរុស្ស៉ីបានប្រកាសផ្តល់សញ្ជាតិស្របច្បាប់ភ្លាមៗ សម្រាប់អ្នកដែលចុះឈ្មោះចូលរួមជាមួយកងកម្លាំងរបស់ខ្លួន ខណៈដែលអ៊ុយក្រែនបានអះអាងថា ជនជាតិអ៊ូសបេគីស្ថានមួយចំនួន ត្រូវបានចាប់ខ្លួន នៅពេលកំពុងជួយរុស្ស៉ីប្រយុទ្ធ។ នេះបើយោងតាមការចុះផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២២ ខែកញ្ញា ឆ្នាំ២០២២។

ការិយាល័យអគ្គរដ្ឋអាជ្ញានៃប្រទេសអាស៉ីកណ្តាលមួយនេះ បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា អ្នកប្រយុទ្ធគ្នាក្នុងជម្លោះយោធានៅបរទេស ត្រូវប្រឈមមុខនឹងការកាត់ទោសព្រហ្មទណ្ឌ ក្រោមច្បាប់របស់អ៊ូសបេគីស្ថាន។ វីដេអូមួយដែលត្រូវបានផ្សព្វផ្សាយ តាមបណ្តាញសង្គមរបស់អ៊ុយក្រែន ក្នុងខែនេះបានបង្ហាញឲ្យឃើញថា ជនជាតិអ៊ូសបេគីស្ថានពីររូប ត្រូវបានចាប់ខ្លួន កំលុងការប្រយុទ្ធគ្នារវាងរុស្ស៉ីនិងអ៊ុយក្រែន។ ជនទាំង២នាក់នោះ បាននិយាយថា ពួកគេត្រូវបានជ្រើសរើស នៅក្នុងទីក្រុងមូស្គូ។

គួរបញ្ជាក់ថា ជនជាតិអ៊ូសបេគីស្ថានរាប់ពាន់នាក់ បាននិងកំពុងរស់នៅឬធ្វើដំណើរចេញ-ចូលជាប្រចាំក្នុងប្រទេសរុស្ស៉ី ដើម្បីស្វែងរកការងារធ្វើ និងផ្គត់ផ្គង់គ្រួសារ។ អ្នកខ្លះធ្វើការខុសច្បាប់ហើយប្រឈមនឹងការនិរទេស។ អ៊ូសបេគីស្ថាន គឺជាអតីតប្រទេសសូវៀត ដែលមានប្រជាជនច្រើនបំផុត បន្ទាប់ពីរុស្ស៉ីនិងអ៊ុយក្រែន ហើយប្រជាជនភាគច្រើន ចេះនិយាយភាសារុស្ស៉ីយ៉ាងស្ទាត់ជំនាញ។ មួយវិញទៀត ក្នុងចំណោមប្រជាជនអ៊ូសបេគីស្ថានទាំង ៣៥លាននាក់ គឺភាគច្រើនជាមនុស្សវ័យក្មេង៕