(សេអ៊ូល)៖ នៅថ្ងៃព្រហស្បតិ៍នេះ ក្រុមស្រាវជ្រាវដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានអះអាងថា កូរ៉េខាងជើងប្រហែលជា កំពុងត្រៀមលក្ខណៈដើម្បីបញ្ចេញនាវាមុជទឹកថ្មីមួយ ដែលត្រូវបានជឿថា មានសមត្ថភាពបាញ់មីស៉ីលផ្លោងបាលីស្ទីគ ចេញពីក្រោមផ្ទៃទឹក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២២ ខែកញ្ញា ឆ្នាំ២០២២។

ក្រុមស្រាវជ្រាវ 38 North ដែលតាមដានជាប់លើសកម្មភាពកូរ៉េខាងជើង បានលើកឡើងថា យោងតាមរូបភាពនៃសកម្មភាព នៅឯរោងចក្រដំឡើងនាវា ស៉ីនប៉ូខាងត្បូង (Sinpo South) ដែលស្ថិតនៅបណ្តោយឆ្នេរភាគខាងកើត នៃប្រទេសកូរ៉េខាងជើង ចាប់តាំងតែពីថ្ងៃទី១៨ ខែកញ្ញា គឺបានឱ្យតំរុយថា ទីក្រុងព្យុងយ៉ាងកំពុងរៀបចំ សម្រាប់ការបញ្ចេញនាវាមុជទឹកថ្មី១គ្រឿង។

ក្រុមអ្នកវិភាគបានប្រទះឃើញសញ្ញាជាលើកដំបូង ដែលបង្ហាញថា យ៉ាងហោចណាស់ នាវាមុជទឹកថ្មីចំនួន១គ្រឿង កំពុងស្ថិតក្នុងការសាងសង់ នៅកូរ៉េខាងជើង គឺតាំងតែពីឆ្នាំ២០១៦មកម្ល៉េះ ហើយកាលពីឆ្នាំ២០១៩ ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងជើង បានបង្ហាញឱ្យឃើញលោក គីម ជុងអ៊ុន ចុះពិនិត្យនាវាមុជទឹក១គ្រឿង ដែលគេមិនធ្លាប់បានដឹងកន្លងមកឡើយ។ ក្រុមអ្នកវិភាគជឿថា យោងតាមទំហំនៃនាវាមុជទឹកថ្មីនោះ គឺវាទំនងជាត្រូវបានរចនាឡើង ដើម្បីអាចបាញ់មីស៉ីលផ្លោងបាលីស្ទីគបាន។

គួរបញ្ជាក់ថា កូរ៉េខាងជើងមានក្រុមនាវាមុជទឹកច្រើនគ្រឿង ប៉ុន្តែក្នុងនោះមានតែនាវាមុជទឹក១គ្រឿងប៉ុណ្ណោះ ដែលគេដឹងថា មានសមត្ថភាពផ្ទុកមីស៉ីលបាលីស្ទីគ។ ក្រុមអ្នកវិភាគធ្លាប់បានជជែកដេញដោលថា តើនាវាមុជទឹកដែលទំនងជានាវាមុជទឹកថ្មីនោះ ពិតជាមានការរចនាថ្មីសន្លាងតែម្តងមែន ឬមួយក៏វាផ្អែកលើនាវាមុជទឹកប្រភេទ Romeo Class ដែលទីក្រុងព្យុងយ៉ាងទិញយកមកពីចិន កាលពីកំលុងទសវត្សរ៍ឆ្នាំ១៩៧០ មុនពេលដែលកូរ៉េខាងជើង ចាប់ផ្តើមផលិតពួកវាដោយខ្លួនឯង។

នៅចំពោះមុខការធ្វើតស្តបាញ់មីស៉ីលជាច្រើនគ្រាប់បន្តបន្ទាប់ ក្នុងឆ្នាំ២០២២នេះ កូរ៉េខាងជើងបានបាញ់តេស្ត មីស៉ីលបាលីស្ទីគ ប្រភេទចេញពីនាវាមុជទឹក (SLBM) កាលពីខែឧសភាកន្លងទៅ ចេញពីទីតាំងក្បែរទីក្រុងស៉ីនប៉ូ (Sinpo) ជាកន្លែងដែលកូរ៉េខាងជើង ឈរជើងក្រុមនាវាមុជទឹករបស់ខ្លួន ក៏ដូចជាសម្ភារៈសម្រាប់ការធ្វើតេស្ត SLBM៕