(តេហ្គូស៉ីហ្កាល់ប៉ា)៖ តុលាការនៅក្នុងប្រទេសហុងឌូរ៉ាស កាលពីថ្ងៃពុធសប្តាហ៍នេះ បានសម្រេចផ្តន្ទាទោសអតីតជំទាវទីមួយ លោកស្រី រ៉ូសា បូនីឡា (Rosa Bonila) ឱ្យជាប់ពន្ធនាគាររយៈពេល១៤ឆ្នាំ ពីបទឆបោកនិងកេងបន្លំលុយមូលនិធិ ដែលទុកសម្រាប់ប្រើប្រាស់ក្នុងកម្មវិធីសុខុមាលភាពសង្គម។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២២ ខែកញ្ញា ឆ្នាំ២០២២។

លោកស្រី បូនីឡា ជាភរិយាអតីតប្រធានាធិបតីហុងឌូរ៉ាស លោក ព័រហ្វីរីយ៉ូ ឡូបូ (Porfirio Lobo) បានចំណាយថវិកាប្រមាណ ១២.២លានឡេមពីរ៉ាស ស្មើនឹងខ្ទង់ ៥៩០,០០០ដុល្លារអាមេរិកនាពេលនោះ ដែលទុកសម្រាប់ផ្តល់ឱ្យកុមារៗ រស់នៅតាមក្រុមគ្រួសារមានប្រាក់ចំណូលទាប ទៅលើការទូទាត់ក្រេឌីតកាតផ្ទាល់ខ្លួន ព្រមទាំងទៅលើថ្លៃសាលារៀនរបស់កូនៗលោកស្រី ហើយនិងទៅលើការសាងសង់អចលនទ្រព្យ។

គួរបញ្ជាក់ថា កន្លងមក អតីតជំទាវទីមួយហុងឌូរ៉ាសរូបនេះ ធ្លាប់ត្រូវបានផ្តន្ទាទោសឱ្យជាប់ពន្ធនាគា រយៈពេលរហូតដល់៥៨ឆ្នាំ រួចមកហើយនៅក្នុងការកាត់ក្តីមួយ ដែលតុលាការកំពូលរបស់ហុងឌូរ៉ាស បានសម្រេចចាត់ទុកជាមោឃៈវិញ កាលពីដើមឆ្នាំ២០២០ ក្រោយហេតុផលថា វាពោរពេញចំណុចមិនសមស្របគ្នាជាច្រើន។ តុលាការកំពូលបានបញ្ជារឱ្យមាន ការជំនុំជម្រះសំណុំរឿងឡើងវិញ ដោយតុលាការជាន់ទាប ដែលបានរកឃើញថា លោកស្រី បូនីឡា ពិតជាមានទោសដូចការចោទប្រកាន់ កាលពីខែមីនា ឆ្នាំនេះ៕