(ភ្នំពេញ)៖ នៅវេលាម៉ោង៦៖០៣នាទីល្ងាចថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ ម៉ោងនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ត្រូវនឹងម៉ោង៥៖០៣នាទីព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ ម៉ោងនៅទីក្រុងភ្នំពេញ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញដឹកនាំគណ:ប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ធ្វើដំណើរដល់ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ប្រកបដោយសុវត្ថិភាព បន្ទាប់ពីធ្វើការហោះហើរអស់រយៈពេលប្រមាណជា២២ម៉ោង។

សូមជំរាបថា សម្តេចតេជោ ហ៊ុន សែន បានដឹកនាំគណៈប្រតិភូហោះចេញពីកម្ពុជានៅវេលាម៉ោងប្រមាណ ៨ព្រឹកថ្ងៃពុធ ទី២១ ខែកញ្ញា ឆ្នាំ២០២២។ ដំណើរអញ្ជើញទៅក្រុងញូវយ៉កនាពេលនេះ ដើម្បីអញ្ជើញចូលរួមសម័យប្រជុំលើកទី៧៧ នៃកិច្ចពិភាក្សាទូទៅរបស់មហាសន្និបាត អង្គការសហប្រជាជាតិ (ម.ស.អ.ស.ប) ក្រោមប្រធានបទ «ចំណុចរបត់សំខាន់នៃការផ្លាស់ប្តូរមិនអាចត្រឡប់ក្រោយបាន៖ ដំណោះស្រាយបរិវត្តកម្មចំពោះ បញ្ហាប្រឈមប្រទាក់ក្រឡាគ្នា» ធ្វើឡើងចាប់ពីថ្ងៃទី២១ ដល់២៣ ខែកញ្ញា ឆ្នាំ២០២២។

សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងអញ្ជើញធ្វើសេចក្តីថ្លែងការណ៍ជាតិរបស់កម្ពុជា នៅក្នុងកិច្ចពិភាក្សាទូទៅរបស់ ម.ស.អ.ស.ប។ បទអន្តរាគមន៍នេះ នឹងផ្តោតលើតួនាទីស្ថាបនារបស់កម្ពុជាក្នុងការគាំទ្រពហុភាគីនិយមផ្អែកលើការ គោលការណ៍ច្បាប់ ការរួមសហការគ្នាប្រយុទ្ធប្រឆាំងនឹងការគំរាមកំហែង ផ្នែកសុខភាពជាសកលដែលកំពុងបន្តកើតមាន ការប្រែប្រួលអាកាសធាតុ ការពង្រឹងប្រព័ន្ធពាណិជ្ជកម្ម ពហុភាគី គោលនយោបាយឌីជីថល និងសេដ្ឋកិច្ចបៃតង ព្រមទាំងការធ្វើជាប្រធានអាស៊ានរបស់កម្ពុជា និងកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការកាត់បន្ថយផលប៉ះពាល់នៃជំងឺរាតត្បាតកូវីដ-១៩ និងការរក្សាបាននូវនិរន្តរភាពនៃកំណើនសេដ្ឋកិច្ច-សង្គមយូរអង្វែង។

* ស្វែងយល់ពីអង្គការសហប្រជាជាតិ៖

អង្គការសហប្រជាជាតិ (UN) បានបង្កើតឡើងនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ១៩៤៥ ដោយមានសមាជិកចំនួន ៥១ប្រទេស ប៉ុន្តែនៅពេលនោះពុំទាន់មានទីស្នាក់ការនៅឡើយ។ រហូតដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ១៩៤៥ ទើបសភាសហរដ្ឋអាមេរិក បានបោះឆ្នោតជាឯកច្ឆន្ទ សម្រេចយកស្នាក់ការនៅទីក្រុងញ៉ូវយ៉ក។

* ប្រទេសសមាជិក

គិតមកដល់ពេលនេះយ៉ាងហោចណាស់មានប្រទេស និងដែនដីចំនួន២៥១ ដែលត្រូវបានគេស្គាល់។ ក្នុងនោះ ១៩៥ត្រូវបានទទួលស្គាល់ថាជាប្រទេស ហើយក្នុងចំណោមទាំង ១៩៥នេះទៀតសោត ប្រទេសដែលជាសមាជិករបស់អង្គការសហប្រជាជាតិ មានត្រឹមតែ១៩៣ប៉ុណ្ណោះ ខណៈ២ប្រទេសទៀត គឺ Holy See និង State of Palestines គ្រាន់តែជាប្រទេសសង្កេតការណ៍របស់អង្គការនេះ ពោលមិនមែនជាសមាជិកពេញសិទ្ធិឡើយ។

* ទិសដៅ និងគោលការណ៍

ធម្មនុញ្ញអង្គការសហប្រជាជាតិមាន ១១១មាត្រា។ ក្នុងនោះ មាត្រា១ និងមាត្រា២ បានចែងពីទិសដៅ និងគោលការណ៍របស់ខ្លួន។

១៖ ទិសដៅ
* រក្សាសន្តិសុខ និងសន្តិភាពពិភពលោក ដោយចាត់វិធានការយ៉ាងមានប្រសិទ្ធភាព ដើម្បីបង្ក្រាប និងបញ្ចៀសរាល់ការគំរាមកំហែងសន្តិសុខ ព្រមទាំងធ្វើការគាបសង្កត់រាល់អំពើរំលោភ ឬធ្វើឲ្យខូចដល់សន្តិសុខពិភពលោក។
* ពង្រឹងមិត្តភាពរវាងប្រជាជាតិទាំងឡាយ ដោយឈរលើគោលការណ៍គោរពសិទ្ធិប្រជាពលរដ្ឋ និងចាត់វិធានការផ្សេងៗ ដើម្បីពង្រឹងសន្តិភាព។
* ធ្វើឲ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិខាងផ្នែកសេដ្ឋកិច្ច ប្រាជ្ញា ឬមនុស្សធម៌ ដោយគ្មានការប្រកាន់ពូជសាសន៍ ភេទ ភាសា និងសាសនា។
* ស្ថិតក្នុងក្របខណ្ឌដែលប្រជាជាតិនានាខិតខំប្រឹងប្រែង ដើម្បីឆ្ពោះទៅរកសេចក្តីបញ្ចប់រួមគ្នា។

២៖ គោលការណ៍
* សមាជិកទាំងអស់ត្រូវបំពេញកាតព្វកិច្ច ដោយជឿជាក់លើធម្មនុញ្ញអង្គការសហប្រជាជាតិ
* សមាជិកទាំងអស់ត្រូវដោះស្រាយរាល់ជម្លោះអន្តរជាតិ ដោយមធ្យោបាយសន្តិភាពនៅក្នុងលក្ខខណ្ឌមិនធ្វើឲ្យខូចខាតដល់សន្តិភាព សន្តិសុខ និងយុត្តិធម៌
* ត្រូវអត់ធ្មត់រាល់អំពើគំរាមកំហែង និងការប្រើកម្លាំងប្រឆាំងនឹងប្រទេសណាមួយ នៅក្នុងទំនាក់ទំនងអន្តរជាតិរបស់ខ្លួន
* ធម្មនុញ្ញអង្គការសហប្រជាជាតិមិនអនុញ្ញាតឲ្យអង្គការសហប្រជាជាតិ ធ្វើអន្តរាគមន៍ក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសណាមួយឡើយ។

* ស្ថាប័ននានា

អង្គការសហប្រជាជាតិ មានស្ថានប័នសំខាន់ៗចំនួន ៦គឺ មហាសន្និបាត លេខាធិការដ្ឋាន ក្រុមប្រឹក្សាភិបាល ក្រុមប្រឹក្សាសន្តិសុខ តុលាការអន្តរជាតិ និងក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គម។

១៖ មហាសន្និបាត
មហាសន្និបាតប្រចាំឆ្នាំ គឺជាវេទិកាជួបជុំប្រទេសសមាជិក ដើម្បីពិភាក្សា និងអនុម័តលើសេចក្តីសម្រេចផ្សេងៗ នៅរៀងរាល់ខែកញ្ញា។ ភាសាផ្លូវការ ដែលគេប្រើក្នុងមហាសន្និបាត មានភាសាអង់គ្លេស បារាំង អេស្ប៉ាញ អារ៉ាប់ រុស្ស៉ី និងចិន។

២៖ ក្រុមប្រឹក្សាសន្តិសុខ
នៅថ្ងៃទី១ ខែមករា ឆ្នាំ១៩៩៦ ក្រុមប្រឹក្សានេះមានសមាជិកសរុប ១១ប្រទេស។ ដោយសមាជិកអង្គការសហប្រជាជាតិ ចេះតែកើនឡើងជាលំដាប់ ទើបក្រុមប្រឹក្សាសន្តិសុខបន្ថែមសមាជិករហូតដល់ ១៥ប្រទេស នៅឆ្នាំ១៩៨៨ ដោយមានប្រទេសមហាអំណាចអចិន្ត្រៃយ៍ចំនួន៥ គឺសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស សហភាពសូវៀត (រុស្ស៉ី) បារាំង និងចិន។ ចំណែកសមាជិកធម្មតាមានចំនួន ១០ប្រទេស គឺអាល់ហ្សេរី អាហ្សង់ទីន ប្រេស៉ីល សាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ អ៉ីតាលី ជប៉ុន នេប៉ាល់ សេណេហ្កាល់ យូហ្គោស្លាវី និងស៉ីមបាវ៉េ។

ក្រុមប្រឹក្សាសន្តិសុខ ជាអង្គការនីតិប្រតិបត្តិ មានតួនាទីពង្រឹងសនិ្តភាពពិភពលោក។ សមាជិកអចិន្ត្រៃយ៍ទាំង៥ នៃក្រុមប្រឹក្សាសន្តិសុខ ដែលជាពួកមហាអំណាច មានគោលការណ៍កុងសង់ស៉ីស នៅពេលចង់សម្រេចឆន្ទៈអ្វីមួយ ប៉ុន្តែសព្វថ្ងៃនេះពួកមហាអំណាច មិនដែលគោរពគោលការណ៍មួយនេះឡើយ។

ប្រសិនបើប្រទេសជាសមាជិកណាមួយ ដែលទាក់ទងក្នុងរឿងជម្លោះ មិនព្រមអនុវត្តន៍តាមសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខនោះ ក្រុមប្រឹក្សានេះ នឹងចាត់វិធានការ ២យ៉ាងរួមមាន៖

* ទណ្ឌកម្មមិនប្រើកម្លាំង
- ធ្វើការពិភាក្សាតាមផ្លូវការទូត
- ដាក់ទណ្ឌកម្មសេដ្ឋកិច្ច ផ្តាច់ទំនាក់ទំនងសេដ្ឋកិច្ចអន្តរជាតិ បិទផ្លូវគោក ផ្លូវអាកាស នាំឲ្យប្រទេសនោះមានវិបត្តិសង្គម និងវិបត្តិសេដ្ឋកិច្ច។

* ទណ្ឌកម្មដោយប្រើកម្លាំង
បញ្ជូនទ័ពមួកខៀវទៅហ៊ុមព័ទ្ធ បញ្ជូននាវាចម្បាំងទៅក្នុងដែនទឹក ឬបើកការវាយប្រហារតាមផ្លូវអាកាស ដើម្បីកៀបសង្កត់ប្រទេសនោះ ឲ្យទទួលយកលក្ខខណ្ឌរបស់ក្រុមប្រឹក្សាសន្តិសុខ ដូចជាសង្គ្រាមនៅឈូងសមុទ្រពែក្ស នៅឆ្នាំ១៩៩១ របស់អង្គការសហប្រជាជាតិ ប្រឆាំងជាមួយប្រទេសអ៉ីរ៉ាក់ ដែលមិនព្រមដកទ័ពចេញពីប្រទេសកូវ៉ែត។

៣៖ តុលាការអន្តរជាតិ
តុលាការអន្តរជាតិមានចៅក្រមចំនួន ១៥នាក់ មានអាណត្តិ ៩ឆ្នាំ ជ្រើសតាំងដោយមហាសន្និបាតចំនួន ១/៣ (៥នាក់) ក្នុងរយៈពេល ៣ឆ្នាំម្តង។ ចៅក្រម ដែលត្រូវបានជ្រើសរើស គឺជាមនុស្សមានសីលធម៌ល្អ តាមលក្ខខណ្ឌប្រទេសមួយជ្រើសរើសចៅក្រមម្នាក់។

៤៖ លេខាធិការដ្ឋាន
អង្គការសហប្រជាជាតិ មានអគ្គលេខាធិការជាប្រធាន ដែលមានអាណត្តិ ៥ឆ្នាំ ជ្រើសតាំងដោយមហាសន្និបាត។ អគ្គលេខាធិការអង្គការសហប្រជាជាតិ មានចំនួន ៩រូប ហើយ (១៩៤៥ ដល់២០២០) គឺចាប់តាំងពីលោក ទ្រីវ លី ដល់លោក អាន់តូនីញ៉ូ គូតេរ៉េស។

* លោក ទ្រីវ លី (១៩៤៦-១៩៥២) ជាអគ្គលេខាធិការដំបូងបង្អស់ មានសញ្ជាតិន័រវ៉ែស ត្រូវបានតែងតាំងជាអគ្គលេខា នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ១៩៤៦ ដល់ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ១៩៥០ និងត្រូវបានតែងតាំងបន្ត ដល់ឆ្នាំ១៩៥២។
* លោក ដាក់ហាំ ម៉ាសូល (១៩៥៣-១៩៦១) ជាតិស៊ុយអែត ត្រូវបានតែងតាំងជាអគ្គលេខា នៅថ្ងៃទី១០ ខែមេសា ឆ្នាំ១៩៥៣ ដល់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ១៩៦១។
* លោក អ៊ូ ថាន់ (១៩៦១-១៩៧១) ជាតិភូមា ត្រូវបានតែងតាំងជាអគ្គលេខា នៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ១៩៦១។ លុះដល់ថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៦៦ លោកត្រូវបានបន្តតែងតាំង ជាអគ្គលេខាធិការ នៅអាណត្តិទី២ ដែលបញ្ចប់នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ១៩៧១។
* លោក ឃើត វ៉ាលហេម (១៩៧២-១៩៨១) ជាតិអូទ្រីស ត្រូវបានតែងតាំងជាអគ្គលេខា នៅថ្ងៃទី១ ខែមករា ឆ្នាំ១៩៧២។ លោកត្រូវតែងតាំងនៅអាណត្តិទី២ នៅខែធ្នូ ឆ្នាំ១៩៧៦ បញ្ចប់នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ១៩៨១។
* លោក សាវីយេ ប៉េរ៉េដឺគូអេឡា (១៩៨២-១៩៩១) ជាតិប៉េរូ ត្រូវបានតែងតាំងជាអគ្គលេខា នៅថ្ងៃទី១ ខែមករា ឆ្នាំ១៩៨២ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ១៩៩១។
* លោក ប៊ូ ត្រូស ប៊ូត្រូសកាលី (១៩៩២-១៩៩៦) ជាតិអេហ្ស៉ីប ត្រូវបានតែងតាំងជាអគ្គលេខា នៅថ្ងៃទី១ ខែមករា ឆ្នាំ១៩៩២ បញ្ចប់នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ១៩៩៦។
* លោក កូហ្វី អាណាន់ (១៩៩៧-២០០៦) ជាតិហ្កាណា ត្រូវបានតែងតាំងជាអគ្គលេខា នៅថ្ងៃទី១ ខែមករា ឆ្នាំ១៩៩៧ បញ្ចប់អាណត្តិទី នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០០៦។
* លោក បាន គីមូន (២០០៧-២០១៦) ជាតិកូរ៉េ ត្រូវបានតែងតាំងជាអគ្គលេខា នៅថ្ងៃទី១ ខែមករា ឆ្នាំ២០០៧ និងបញ្ចប់អាណត្តិទី២ ឆ្នាំ២០១៦។
* លោក អាន់តូនីញ៉ូ គូតេរ៉េស (២០១៧-) ត្រូវបានតែងតាំងជាអគ្គលេខា នៅថ្ងៃទី១ ខែមករា ឆ្នាំ២០១៧។

៥៖ ក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គម
ក្រុមប្រឹក្សានេះ មានសមាជិកចំនួន ៥៤ប្រទេស និងតែងតែបើកសម័យប្រជុំចំនួន ២ដង ក្នុងមួយឆ្នាំ ដើម្បីពិភាក្សាលើបញ្ហាសេដ្ឋកិច្ច និងបញ្ហាជំនួយដល់ប្រទេសតតិយលោក។ ក្រុមប្រឹក្សានេះ ជួយលើកស្ទួយជីវភាពប្រជាជន អភិវឌ្ឍន៍សេដ្ឋកិច្ចពិភពលោក និងតាមឃ្លាំមើលសិទ្ធិមនុស្ស ដែលមានអង្គការផ្សេងៗ ទៀតជាចំណុះ ដូចជាអង្គការការងារអន្តរជាតិ អង្គការស្បៀងអាហារពិភពលោក និងអង្គការរូបិយវត្ថុអន្តរជាតិ ជាដើម។

៦៖ ក្រុមប្រឹក្សាភិបាល
ក្រុមប្រឹក្សានេះ ទទួលបន្ទុកគ្រប់គ្រងផ្នែករដ្ឋបាលលើប្រទេសទាំងឡាយ ដែលជាអតីតអាណានិគមរបស់អ៉ីតាលី អាល្លឺម៉ង់ និងជប៉ុន៕

មហាសន្និបាតអង្គការសហប្រជាជាតិប្រចាំឆ្នាំ

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ

តុលាការអន្តរជាតិ អង្គការសហប្រជាជាតិ

កម្ពុជានៅក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គម អង្គការសហប្រជាជាតិ

និមិត្តសញ្ញា ក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គម

អគារអង្គការសហប្រជាជាតិ

ទង់ជាតិប្រទេសសមាជិក អង្គការសហប្រជាជាតិ