(វ៉ាស៉ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បាននិយាយនៅក្នុងបទសម្ភាសន៍មួយដែលបានចាក់ផ្សាយកាលពីថ្ងៃអាទិត្យ ចុងសប្តាហ៍ កន្លងទៅនេះថា «ជំងឺកូវីដ១៩ បានដល់ទីបញ្ចប់ហើយ» បើទោះជាចំនួនអ្នកឆ្លង និងអ្នកស្លាប់ប្រចាំថ្ងៃក្នុងប្រទេសនៅតែត្រូវបានរាយការណ៍ក៏ដោយ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១៩ ខែកញ្ញា ឆ្នាំ២០២២។

ក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍អាមេរិក CBS នៅខាងក្រៅកម្មវិធី Detroit Auto Show ដែលជាព្រឹត្តិការណ៍មួយដែលទាក់ទាញអ្នកទស្សនា រាប់ពាន់នាក់ លោក បៃដិន បានគូសបញ្ជាក់ថា «យើងនៅតែមានបញ្ហាត្រូវដោះស្រាយជាមួយកូវីដ។ យើងនៅតែធ្វើការជាច្រើនលើបញ្ហានេះ ប៉ុន្តែ ជំងឺឆ្លងរាតត្បាតបានដល់ទីបញ្ចប់ហើយ។ ប្រសិនបើយើងសង្កេតមើលឃើញថា គ្មាននរណាម្នាក់ពាក់ម៉ាសឡើយ។ គ្រប់គ្នាហាក់ដូចជាអាចបញ្ចេញ នូវភាពស្រស់ស្រាយ ដូច្នេះខ្ញុំគិតថាវាកំពុងផ្លាស់ប្តូរហើយ»

គួរបញ្ជាក់ថា ថ្មីនេះលោក បៃដិន បានស្នើសុំសភាផ្តល់មូលនិធិចំនួន ២២.៤ពាន់លានដុល្លារបន្ថែមទៀត ដើម្បីត្រៀមសម្រាប់ក្នុងករណី មានការកើនឡើងនូវករណីឆ្លងឡើងវិញ។ លោក បៃដិន និងភរិយា សុទ្ធតែធ្លាប់បានឆ្លងជំងឺនេះរួចហើយ៕