(តៃប៉ិ)៖ គ្រោះរញ្ជួយដីកម្រិត ៦.៨រ៉ិចទ័រ បានវាយប្រហារលើតំបន់ដាច់ស្រយាលមួយ ស្ថិតនៅភាគអាគ្នេយ៍នៃកោះតៃវ៉ាន់ នៅថ្ងៃអាទិត្យនេះ ដោយបង្កឱ្យមាន ការប្រកាសអាសន្នពីរលកយក្សស៊ូណាមិ។ នេះបើតាមការិយាល័យឧតុនិយមតៃវ៉ាន់ ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី១៨ ខែកញ្ញា ឆ្នាំ២០២២។

ការិយាល័យឧតុនិយមតៃវ៉ាន់ បានឱ្យដឹងថាគ្រោះរញ្ជួយដីខាងលើមានចំណុចកណ្ដាល នៅក្នុងតំបន់តៃទុង (Taitung) ហើយវាបានកើតឡើងតែប៉ុន្មានម៉ោង ប៉ុណ្ណោះ បន្ទាប់ពីគ្រោះរញ្ជួយដីកម្រិត ៦.៤រ៉ិចទ័រ វាយប្រហារលើតំបន់ដូចគ្នាដដែល កាលពីល្ងាចថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ។ ដោយឡែក បើតាមទីភ្នាក់ងារ ភូមិវិទ្យាអាមេរិក USGS គ្រោះរញ្ជួយដីនៅថ្ងៃអាទិត្យនេះ មានកម្រិតរញ្ជួយដល់ទៅ ៧.២រ៉ិចទ័រឯណោះ និងមានជម្រៅរញ្ជួយទៅក្នុងដី១០គីឡូម៉ែត្រ ព្រមទាំង បង្កឱ្យមានការខូចខាតមួយចំនួនផងដែរ។តែមិនទាន់មានសេចក្តីរាយការណ៍ពីជនរងគ្រោះណាម្នាក់នៅឡើយទេ។

គួររំលឹកថា មនុស្សជាង ១០០នាក់ បានស្លាប់នៅក្នុងគ្រោះរញ្ជួយដីមួយ ដែលបានវាយប្រហារលើតំបន់ភាគអាគ្នេយ៍កោះតៃវ៉ាន់ កាលពីឆ្នាំ២០១៦ ខណៈគ្រោះរញ្ជួយដីកម្រិត ៧.៣រ៉ិចទ័របានផ្ដាច់ជីវិតមនុស្សជាង ២០០០នាក់ កាលពីឆ្នាំ១៩៩៩៕