(ប៊ីស្កេក)៖ រដ្ឋាភិបាលកៀហ្ស៉ីស៉ីស្ថាន នៅថ្ងៃអាទិត្យនេះបានឱ្យដឹងថាទាហានរបស់ខ្លួន ៣៦នាក់បានស្លាប់ និង១២៩នាក់រងរបួស នៅក្នុងការប៉ះទង្គិចគ្នាដោយ អាវុធនៅឯតំបន់ព្រំដែនជាមួយតាហ្ស៉ីគីស្ថាន កាលពីប៉ុន្មានថ្ងៃមុននេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី១៨ ខែកញ្ញា ឆ្នាំ២០២២។

ប្រទេសទាំង២ ដែលធ្លាប់ជាអតីតដែនដីសហភាពសូវៀត បានផ្ទុះជម្លោះព្រំដែននឹងគ្នាកាលពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែកញ្ញានេះ ដោយភាគទាំង ២បានចោទគ្នា ទៅវិញទៅមកថាបានប្រើរថក្រោះ កាំភ្លើងធំ ដ្រូន និងគ្រាប់រ៉ុក្កែតវាយប្រហារលើប៉ុស្ដិ៍យាមនៅតំបន់បណ្ដោយព្រំដែន។ កៀហ្ស៉ីស៉ីស្ថានក៏បានជម្លៀសមនុស្ស ១៣៧,០០០នាក់ ចេញពីតំបន់ជម្លោះផងដែរ។

តាហ្ស៉ីគីស្ថាន មិនបានផ្ដល់ព័ត៌មានពីអ្នកស្លាប់ និងរងរបួសនោះទេ ក៏ប៉ុន្តែបើតាមប្រភពពីមន្ត្រីសន្តិសុខ ទាហានតាហ្ស៉ីគីស្ថាន ជាង៣០នាក់បានស្លាប់នៅក្នុង ជម្លោះជាមួយទាហានកៀហ្ស៉ីស៉ីស្ថាន នៅមុនពេលភាគីទាំង២ យល់ព្រមទទួលយកបទឈប់បាញ់កាលពីថ្ងៃទី១៦ ខែកញ្ញានេះ៕