(កៀវ)៖ ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន បានគំរាមចាត់វិធានការសងសឹកយ៉ាងធ្ងន់ធ្ងរបំផុត ជាមួយការចោទប្រកាន់ថាអ៊ុយក្រែនកំពុងព្យាយាមដឹកនាំ សកម្មភាពភេរវកម្ម និងបង្កការបំផ្លិចបំផ្លាញដល់ហេដ្ឋារចនាសម្ព័ន្ធស៊ីវិលរុស្ស៉ី។ នេះបើតាមការដកស្រង់ចេញពីសារព័ត៌មាន Al Jazeera នៅថ្ងៃអាទិត្យ ទី១៨ ខែកញ្ញា ឆ្នាំ២០២២។

ថ្លែងក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃសុក្រសប្ដាហ៍នេះ លោក ពូទីន បានចោទប្រកាន់ថាអ៊ុយក្រែនកំពុងព្យាយាមធ្វើសកម្មភាពភេរវកម្ម និងបង្ក ការបំផ្លិចបំផ្លាញដល់ហេដ្ឋារចនាសម្ព័ន្ធស៊ីវិលរុស្ស៉ី ទាំងដែលទាហានរុស្ស៉ីកំពុងឈ្លានពានអ៊ុយក្រែន។ ប្រធានាធិបតីរុស្ស៉ីរូបនេះបានគូសបញ្ជាក់ដូច្នេះថា «យើង ពិតជាបានអត់ធ្មត់ក្នុងការចាត់វិធានការឆ្លើយតបតាំងតែពីដើមទី មកម្ល៉េះ...ប្រសិនបើស្ថានភាពនៅតែបន្តវិវត្តក្នុងទិសដៅបែបនេះតទៅទៀត នោះការឆ្លើយតប នឹងត្រូវធ្វើឡើងយ៉ាងធ្ងន់ធ្ងរបំផុត»

លោក ពូទីន បន្ថែមទៀតថាផែនការយោធារបស់លោក នៅអ៊ុយក្រែនកំពុងដើរទៅមុខសន្សឹមៗ ដោយរុស្ស៉ីនឹងសម្រេចគោលដៅរបស់ខ្លួនតាមផែនការ បើទោះ ជាអ៊ុយក្រែនកំពុងរីកចម្រើនទៅមុខក្នុងការវាយដណ្ដើមយកទឹកដីរបស់ខ្លួនមកវិញក៏ដោយ។ បើតាមលោក ពូទីន គោលដៅចម្បងនៃសង្រ្គាមនៅអ៊ុយក្រែន នោះគឺការរំដោះតំបន់ដុនបាស់ទាំងមូល ជាទីដែលសម្បូរទៅដោយប្រជាជននិយាយភាសារុស្ស៉ី៕