(តូក្យូ)៖ ប្រជាជនជប៉ុនជិត ៣លាននាក់ ត្រូវបានជំរុញឱ្យជម្លៀសខ្លួនទៅកាន់កន្លែងមានសុវត្ថិភាពរៀបចំឡើងដោយរដ្ឋ ចំពោះមុខការប្រកាសអាសន្នកម្រិតធ្ងន់ពី ព្យុះទីហ្វុងដ៏កំណាច ណានម៉ាដូល (Nanmadol) ដែលអាចនឹងចាប់ផ្ដើមវាយប្រហារនៅថ្ងៃអាទិត្យនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី១៨ ខែកញ្ញា ឆ្នាំ២០២២។

មកទល់នឹងពេលនេះ អាជ្ញាធរជប៉ុនបានជំរុញឱ្យប្រជាជន ២.៩លាននាក់ រស់នៅលើកោះគ្យូស៊ុ (Kyushu) ជម្លៀសខ្លួនទៅរកកន្លែងមានសុវត្ថិភាព តែនេះមិនមែនជាការ បង្ខិតបង្ខំនោះទេ ហើយកន្លងមកអាជ្ញាធរមានការលំបាកយ៉ាងខ្លាំងក្នុងការបញ្ចុះបញ្ចូលឱ្យប្រជាជនក្នុងតំបន់ជម្លៀសខ្លួន។ អាជ្ញាធរឧតុនិយមជប៉ុនបានចេញការប្រកាស អាសន្នពិសេសដ៏កម្រមួយ សម្រាប់តំបន់ កាហ្គូស៊ីម៉ា (Kagoshima) នៃកោះគ្យូស៊ុ ដែលជាការប្រកាសអាសន្នធ្វើឡើងនៅពេលដែលមានការព្យាករពីការប្រឈមមុខនឹង ស្ថានភាពធ្ងន់ធ្ងរមិនធ្លាប់ពីមុនមក។

គួរបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃអាទិត្យនេះ ប្រជាជនជាង ២៥,៦៨០គ្រួសារ នៅក្នុងតំបន់ Kagoshima និងតំបន់ មិយ៉ាហ្សាគិ (Miyazaki) គ្មានអគ្គិសនីប្រើប្រាស់ រីឯសេវា រថភ្លើង ជើងហោះហើរ និងការធ្វើដំណើរតាមផ្លូវទឹកត្រូវបានលុបចោល រហូតដល់ស្ថានភាពព្យុះស្ងប់ស្ងាត់៕