(មូស្គូ)៖ ក្រសួងការពារជាតិរុស្ស៉ី នៅថ្ងៃសៅរ៍ចុងសប្ដាហ៍នេះបាននិយាយថាកងកម្លាំងរបស់ខ្លួន បានបើកការវាយប្រហារលើកងទ័ពអ៊ុយក្រែន នៅក្នុងតំបន់ជាច្រើន នៃប្រទេសអ៊ុយក្រែន ហើយក៏បានចោទប្រកាន់ផងដែរថាទីក្រុងកៀវ បានបាញ់គ្រាប់ផ្លោងនៅក្បែររោងចក្រថាមពលនុយក្លេអ៊ែរ ហ្សាប៉ូរីសហ្ស៉ីយ៉ា (Zaporizhzhia)។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ១៨ ខែកញ្ញា ឆ្នាំ២០២២។

កងកម្លាំងរុស្ស៉ីបានបើកការវាយប្រហារនៅក្នុងតំបន់ខឺសុន ម៉ៃកូឡេវ ខាកៀវ និងតំបន់ដូណេត ខណៈកងកម្លាំងអ៊ុយក្រែនបានបរាជ័យក្នុងការដឹកនាំការវាយលុក នៅក្បែរទីក្រុង ប្រាវឌីណេ (Pravdyne) នៃតំបន់ខឺសុន។ បើតាមក្រសួងការពារជាតិរុស្ស៉ី អ៊ុយក្រែនបានបាញ់គ្រាប់ផ្លោងនៅក្បែររោងចក្រនុយក្លេអ៊ែរហ្សាប៉ូរីសហ្ស៉ីយ៉ា កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ បើទោះជាកម្រិតសារធាតុវិទ្យសកម្មនៅក្បែររោងចក្រនេះស្ថិតក្នុងកម្រិតធម្មតាក៏ដោយ។ ក៏ប៉ុន្តែ អ្នកនាំពាក្យក្រសួងការបរទេសអ៊ុយក្រែន បានបដិសេធថាកងកម្លាំងអ៊ុយក្រែនមិនបានដឹកនាំការវាយប្រហារ នៅក្បែររោងចក្រនេះឡើយ។

គួរបញ្ជាក់ថា រុស្ស៉ី និងអ៊ុយក្រែន បានចោទប្រកាន់ដាក់គ្នាទៅវិញទៅមកជារឿយៗ ពីការវាយប្រហារនៅក្បែររោងចក្រនុយក្លេអ៊ែរហ្សាប៉ូរីសហ្ស៉ីយ៉ា ខណៈទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ បានអនុម័តលើដំណោះស្រាយមួយដោយស្នើឱ្យរុស្ស៉ីបញ្ចប់ការគ្រប់គ្រងរបស់ខ្លួនលើរោងចក្រនេះ។ អ៊ុយក្រែនបានទទួល ជោគជ័យយ៉ាងខ្លាំង នៅក្នុងប្រតិបត្តិការវាយបកដណ្ដើមយកទឹកដីមកវិញ ជាពិសេសនៅក្នុងតំបន់ភាគខាងត្បូង និងភាគឦសាន៕