(តូក្យូ)៖ ទីភ្នាក់ងារតាមដានអាកាសធាតុរបស់ប្រទេសជប៉ុននៅថ្ងៃសៅរ៍នេះបានព្រមានអំពីហានិភ័យ «ដែលមិនធ្លាប់មានពីមុនមក» ពីព្យុះទីហ្វុង «ដ៏គ្រោះថ្នាក់ខ្លាំង» ដែលកំពុងឆ្ពោះទៅកាន់កោះគីយូស៊ុ (Kyushu) ភាគខាងត្បូង ដោយជំរុញឲ្យអ្នកស្រុកត្រូវរកកន្លែងជ្រកនៅមុនពេលព្យុះមកដល់។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី១៧ ខែកញ្ញា ឆ្នាំ២០២២។

ព្យុះទីហ្វុង ឈ្មោះ ណានម៉ាដូល (Nanmadol) កំពុងតែបក់បោកក្នុងល្បឿនរហូតដល់ ២៧០គីឡូម៉ែត្រក្នុងមួយម៉ោង ហើយត្រូវបានចាត់ថ្នាក់ជាព្យុះ «ដ៏សាហាវ»
នៅពេលរសៀល ព្យុះនេះបានរំកិលទៅជិតកោះ មីណាមី ដៃតូ (Minami Daito) ចម្ងាយ៤០០គីឡូម៉ែត្រ ខាងកើតកោះ អូគីណាវ៉ា (Okinawa)។ គេរំពឹងថាព្យុះនេះនឹងខិតមកជិត ឬបោកបក់មកលើខេត្ត កាគូស៉ីម៉ា (Kagoshima) ភាគខាងត្បូងនៃកោះ Kyushu នៅថ្ងៃអាទិត្យសប្តាហ៍នេះ បន្ទាប់មកផ្លាស់ទីទៅភាគខាងជើង នៅថ្ងៃបន្ទាប់ មុនពេលធ្វើដំណើរឆ្ពោះទៅកាន់កោះសំខាន់របស់ប្រទេសជប៉ុន ផ្សេងទៀត។

លោក រីយូតា គូរ៉ូរ៉ា (Ryuta Kurora) ប្រធានផ្នែកព្យាករណ៍អាកាសធាតុនៃទីភ្នាក់ងារឧតុនិយមជប៉ុន បានប្រាប់អ្នកយកព័ត៌មាន យ៉ាងដូច្នេះថា «ហានិភ័យនៃព្យុះគឺមិនធ្លាប់មានពីមុនមក ដែលធ្វើឲ្យទឹកសមុទ្រមានរយៈកម្ពស់ខ្ពស់ ព្យុះមានកម្លាំងខ្លាំងក្លា និងភ្លៀងធ្លាក់ខ្លាំង។ ការ ប្រុង ប្រយ័ត្ន ជា អតិបរមា គឺ ត្រូវ តែដាក់ចេញ និងស្នើ ដល់ អ្នក ស្រុក ជម្លៀស ចេញ ឲ្យបាន ព្រោះវាជាព្យុះទីហ្វុងដ៏គ្រោះថ្នាក់»

គួរបញ្ជាក់ថា បច្ចុប្បន្ននេះប្រទេសជប៉ុនកំពុងស្ថិតក្នុងរដូវព្យុះទីហ្វុង ហើយប្រឈមមុខនឹងព្យុះបែបនេះប្រហែល ២០ក្នុងមួយឆ្នាំ ដែលតែងតែកើតមាននូវភ្លៀងធ្លាក់ខ្លាំងដែលបណ្តាលឱ្យមានការបាក់ដី ឬទឹកជំនន់ភ្លាមៗ៕