(ហាណូយ)៖ ម្ចាស់ហាងការ៉ាអូខេ (KTV) មួយកន្លែង ស្ថិតនៅខេត្តប៊ីញឌុង (Binh Duong) ភាគខាងត្បូងនៃប្រទេសវៀតណាម ត្រូវបានអាជ្ញាធរចាប់ខ្លួន កាលពីថ្ងៃសុក្រសប្តាហ៍នេះ ក្រោយករណីគ្រោះអគ្គិភ័យកើតមានឡើងនៅទីនោះ ដែលបានសម្លាប់មនុស្សចំនួន៣២នាក់ កាលពីសប្តាហ៍មុន។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន VN Express នៅថ្ងៃសៅរ៍ ទី១៧ ខែកញ្ញា ឆ្នាំ២០២២។

ម្ចាស់ហាងការ៉ាអូខេ អាន់ ភូ (An Phu) ដែលមានឈ្មោះថា ឡេ អាញ សួន (Le Anh Xuan) កំពុងប្រឈមមុខនឹងការចោទប្រកាន់ពី បទបំពានបទប្បញ្ញត្តិសុវត្ថិភាពអគ្គិភ័យ។ ការចាប់ខ្លួននេះធ្វើឡើង នៅរយៈពេល៨ថ្ងៃ បន្ទាប់ពីប៉ូលិសវៀតណាមបានបើកការស៉ើបអង្កេត ជុំវិញករណីឆេះហាង KTV ខាងលើ ដែលបានកើតឡើងនាវេលាម៉ោងខ្ទង់ ៨៖៣០នាទីយប់ ថ្ងៃទី៦ ខែកញ្ញា ជាមួយវត្តមានភ្ញៀវនិងបុគ្គលិក សរុបប្រមាណ៦០នាក់ ស្ថិតក្នុងអគារនោះ ដែលមានកម្ពស់៣ជាន់។

ការស៉ើបអង្កេតបានរកឃើញថា អគ្គិភ័យបានចាប់ផ្តើមចេញពីការឆ្លងចរន្តអគ្គិសនី នៅជាន់ទី២ រួចបង្កជាការឆេះរាលដាលដល់ជាន់ទី៣ ជាទីដែលសាកសពមនុស្សទាំង៣២នាក់ ត្រូវបានរកឃើញ ខណៈមនុស្សជាច្រើននាក់ បានបង្ខំចិត្តលោតចុះពីយ៉រនៅជាន់ទី២ ទៅរកទីសុវត្ថិភាព ហើយរាប់សិបនាក់បានរងរបួស។

គួរបញ្ជាក់ថា លោក សួន ទទួលបានអាជ្ញាបណ្ណសម្រាប់បើកអាជីវកម្មរបស់លោក កាលពីឆ្នាំ២០១៥។ ការចុះត្រួតពិនិត្យចំនួន៣លើក ដោយអាជ្ញាធរកាលពីឆ្នាំ២០១៩ ២០២១ និង២០២២ បានសន្និដ្ឋានថា ហាង KTV នោះ គឺបានបំពេញគ្រប់គ្រាន់ តាមស្តង់ដាសុវត្ថិភាពអគ្គិភ័យ៕