(សាម៉ាកាន់)៖ ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន កាលពីថ្ងៃសុក្រសប្តាហ៍នេះ បានបដិសេធថា រុស្ស៉ីមិនជាប់ពាក់ព័ន្ធអ្វីជាមួយនឹង វិបត្តិថាមពលដែលកំពុងកើតឡើងនៅអឺរ៉ុបឡើយ ហើយលោកបាននិយាយថា ប្រសិនបើសហភាពអឺរ៉ុប ចង់បានឧស្ម័នបន្ថែមទៀតនោះ គឺខ្លួនតែដកទណ្ឌកម្មទាំងឡាយ ដែលរារាំងមិនឱ្យបណ្តាញបំពង់ផ្គត់ផ្គង់ឧស្ម័ន Nord Stream 2 អាចបើកដំណើរការបាន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១៧ ខែកញ្ញា ឆ្នាំ២០២២។

ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន ក្រោយកិច្ចប្រជុំកំពូលនៃអង្គការកិច្ចសហប្រតិបត្តិការសៀងហៃ នៅឯប្រទេសអ៊ូសបេគីស្ថាន លោក ពូទីន បានបន្ទោសទៅលើ អ្វីដែលលោកហៅថា «របៀបវារៈបៃតង» សម្រាប់ការផ្ទុះឡើងនៃវិបត្តិថាមពលរបស់អឺរ៉ុប ហើយលោកបានទទូចថា រុស្ស៉ីនឹងបំពេញកាតព្វកិច្ចផ្នែកថាមពលរបស់ខ្លួន ប៉ុន្តែវាអាស្រ័យទៅលើអឺរ៉ុបជាមុន។

លោកប្រធានាធិបតីរុស្ស៉ីបាននិយាយយ៉ាងដូច្នេះថា «អ្វីដែលសំខាន់បំផុត ប្រសិនបើអ្នកចង់បានខ្លាំងណាស់ គឺគ្រាន់តែដកទណ្ឌកម្មលើ បំពង់ Nord Stream 2 ដែលមានសមត្ថភាពផ្គត់ផ្គង់ឧស្ម័ន ៥៥ពាន់លានម៉ែត្រគូបក្នុង១ឆ្នាំ ពោលគឺគ្រាន់តែចុចប៊ូតុង នោះអ្វីៗនឹងចាប់ផ្តើមដំណើរការទៅមុខបានភ្លាមៗ»

គួរបញ្ជាក់ថា បំពង់ Nord Stream 2 ដែលរត់នៅក្រោមបាតសមុទ្របាល់ទិច ក្នុងទិសដៅស្របគ្នា ជាមួយបំពង់ Nord Stream 1 ត្រូវបានសាងសាង់ឡើងកាលពីមួយឆ្នាំមុន ប៉ុន្តែប៉ុន្មានថ្ងៃមុនពេលរុស្ស៉ីបញ្ជូនទ័ពចូលឈ្លានពានលើអ៊ុយក្រែន នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ អាល្លឺម៉ង់បានសម្រេចចិត្តមិនទាន់ឱ្យវាដំណើរការ។

អឺរ៉ុបចោទរុស្ស៉ីថា បាននិងកំពុងប្រើប្រាស់ឧស្ម័នជាអាវុធ ដើម្បីសងសឹកចំពោះទណ្ឌកម្មរបស់លោកខាងលិច ដែលបានដាក់លើទីក្រុងមូស្គូ ជុំវិញការឈ្លានពានអ៊ុយក្រែន។ រីឯរុស្ស៉ីបានអះអាងថា ក្រុមលោកខាងលិច បានបំផ្ទុះសង្រ្គាមសេដ្ឋកិច្ចប្រឆាំងមកលើខ្លួន ហើយទណ្ឌកម្មបានបង្កផលប៉ះពាល់ជាខ្លាំងដល់ ប្រតិបត្តិការបំពង់ឧស្ម័ន Nord Stream 1 ដែលត្រូវក្រុមហ៊ុនឧស្ម័នយក្សរុស្ស៉ី Gazprom ប្រកាសកាលពីដើមខែនេះថា នឹងបន្តបិទ៕