(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃសុក្រសប្តាហ៍នេះ សហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូង បានថ្កោលទោស ការប្រកាសច្បាប់ប្រើប្រាស់អាវុធនុយក្លេអ៊ែរ របស់កូរ៉េខាងជើង ថាជាទង្វើបង្កើនភាពតានតឹងនិងបង្កអស្ថិរភាព ហើយទីក្រុងវ៉ាស៉ីនតោនបានប្តេជ្ញាថា នឹងបន្តដាក់ពង្រាយក៏ដូចជាធ្វើលំហាត់ សព្វាវុធយុទ្ធសាស្រ្តផ្សេងៗខ្លួន ដើម្បីទប់ស្កាត់និងឆ្លើយតប ចំពោះទីក្រុងព្យុងយ៉ាង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី១៧ ខែកញ្ញា ឆ្នាំ២០២២។

សេចក្តីថ្លែងការណ៍រួមចេញក្រោយកិច្ចប្រជុំ EDSCG ដែលប្រមូលផ្តុំក្រុមមន្រ្តីជាន់ខ្ពស់ផ្នែកការទូត និងការពារជាតិរបស់សម្ព័ន្ធមិត្តទាំងពីរ បានគូសបញ្ជាក់ជាថ្មី នូវការប្តេជ្ញាចិត្តយ៉ាងរឹងមាំរបស់សហរដ្ឋអាមេរិក ក្នុងការការពារកូរ៉េខាងត្បូង ហើយថែមទាំងបានលើកឡើងថា ការវាយប្រហារដោយនុយក្លេអ៊ែរណាមួយ ពីសំណាក់កូរ៉េខាងជើង នឹងទទួលរងទៅវិញ នូវការឆ្លើយតបយ៉ាងខ្លាំងសម្បើមជាទីបំផុត។

ក្នុងសេចក្តីថ្លែងការណ៍ខាងលើ សហរដ្ឋអាមេរិកបានបង្ហាញការប្តេជ្ញាចិត្ត ក្នុងការសហការជាមួយកូរ៉េខាងត្បូង តាមរយៈការដាក់ពង្រាយនិងធ្វើលំហាត់ សព្វាវុធយុទ្ធសាស្រ្តផ្សេងៗរបស់ខ្លួននៅក្នុងតំបន់ ប្រកបដោយប្រសិទ្ធភាពនិងទាន់ពេលវេលា ដើម្បីទប់ស្កាត់និងឆ្លើយតបចំពោះកូរ៉េខាងជើង ហើយពង្រឹងសន្តិសុខក្នុងតំបន់។

សេចក្តីថ្លែងការណ៍ដដែល បានលើកឡើងអំពីការហ្វឹកហាត់រួមគ្នា នៃក្រុមយន្តហោះចម្បាំង F-35A របស់ភាគីទាំងពីរ កាលពីខែកក្កដាកន្លងទៅ និងការគ្រោងចល័តនាវាផ្ទុកយន្តហោះចម្បាំង Ronald Reagan ទៅកាន់តំបន់ឧបទ្វីបកូរ៉េ ក្នុងពេលខាងមុខនេះ ជាឧទាហរណ៍ជាក់ស្តែង នៃការប្តេជ្ញាចិត្តរបស់ទីក្រុងវ៉ាស៉ីនតោន។

គួរបញ្ជាក់ថា កាលពីសប្តាហ៍មុន កូរ៉េខាងជើងបានប្រកាសជាផ្លូវការ នូវសិទ្ធិប្រើប្រាស់អាវុធនុយក្លេអ៊ែរ ដើម្បីវាយប្រហារការពារខ្លួនទុកជាមុន តាមរយៈច្បាប់ថ្មីមួយ ដែលលោក គីម ជុងអ៊ុន បានអះអាងថា នឹងធ្វើឱ្យឋានៈរដ្ឋនុយក្លេអ៊ែររបស់ខ្លួន មិនអាចកែប្រែវិញបាន ហើយលែងអនុញ្ញាតឱ្យមាន ការកិច្ចចរចាស្តីពីការរំសាយអាវុធនុយក្លេអ៊ែរតទៅទៀត៕