(ប៉េកាំង)៖ កិច្ចប្រជុំកំពូលនៃអង្គការកិច្ចសហប្រតិបត្តិការសៀងហៃ ដែលត្រូវបានប្រារពធ្វើឡើង ក្នុងទីក្រុងប្រវត្តិសាស្រ្តសាម៉ាខាន់នៃប្រទេសអ៊ូបេគីស្ថាន កាលពីថ្ងៃទី១៥ និងទី១៦ ខែកញ្ញា ឆ្នាំ២០២២ កន្លងទៅនេះ បានទាក់ទាញចំណាប់អារម្មណ៍ របស់ពិភពលោកយ៉ាងខ្លាំង។ ចាប់តាំងពីឆ្នាំ២០១៩មក ពោលគឺចាប់តាំងពីការចាប់ផ្ដើម នៃការីករាលដាលជំងឺកូវីដ១៩ នេះគឺជាកិច្ចប្រជុំកំពូលលើកទី១ ដែលមេដឹកនាំទាំងអស់របស់ប្រទេសសមាជិក អង្គការកិច្ចសហប្រតិបត្តិការសៀងហៃ បានចូលរួមដោយផ្ទាល់។

ជាងនេះទៅទៀត នៅក្នុងបរិបទដែលពិភពលោកកំពុងជួបប្រទះ នូវបញ្ហាប្រឈមធ្ងន់ធ្ងរទាំងផ្នែកសន្តិសុខ នយោបាយ និងសេដ្ឋកិច្ច ចំណាប់អារម្មណ៍របស់ពិភពលោក បានផ្ដោតទៅលើរបៀបវារៈនៃកិច្ចពិភាក្សា និងលទ្ធផលនៃកិច្ចប្រជុំកំពូលនេះ ដែលនឹងមានឥទ្ធិពលទៅលើ តំបន់និងពិភពលោកទាំងមូល។

អង្គការតំបន់មួយនេះ បានបង្កើតឡើងក្នុងឆ្នាំ២០០១ ដោយប្រទេសចិន កាហ្សាក់ស្ថាន គៀគីស្ថាន តាជីគីស្ថាន រុស្ស៊ី និងអ៊ូបេគីស្ថាន។ នៅពេលអង្គការនេះត្រូវបានបង្កើតឡើងនៅគ្រាដំបូង ប្រទេសលោកខាងលិចជាច្រើនបានមើលស្រាលទៅលើ អនាគតរបស់អង្គការនេះ និងទស្សទាយថា នឹងមិនអាចស្ថិតស្ថេរនៅបានយូរអង្វែងនោះឡើយ វានឹងរលាយរសាត់បាត់ពីឆាកពិភពលោកយ៉ាងឆាប់រហ័ស។ ក៏ប៉ុន្តែការព្យាករបែបនោះ គឺមិនត្រឹមត្រូវនោះឡើយ ដោយផ្ទុយទៅវិញ អង្គការនេះមិនត្រឹមតែស្ថិតនៅគង់វង្សប៉ុណ្ណោះទេ តែក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ អង្គការកិច្ចសហប្រតិបត្តិការសៀងហៃបានវិវត្តរីកធំធាត់គួរឲ្យកត់សម្គាល់ ដោយចំនួនសមាជិករបស់ខ្លួនត្រូវបានបង្កើនជាបន្តបន្ទាប់ ហើយប្រទេសមួយចំនួនផ្សេងទៀត ក៏កំពុងស្នើសុំចូលជាសមាជិកថ្មី ផងដែរ។

ប្រទេសឥណ្ឌានិងប៉ាគីស្ថាន ត្រូវបានអនុញ្ញាតឲ្យចូលជាសមាជិករបស់អង្គការនេះក្នុងឆ្នាំ២០១៧ និងនៅក្នុងឆ្នាំ២០២២នេះ ប្រទេសអ៊ីរ៉ង បានចូលជាសមាជិករបស់អង្គការនេះជាផ្លូវការផងដែរ។ ទន្ទឹមនឹងនេះ អង្គការកិច្ចសហប្រតិបត្តិការសៀងហៃ ក៏បានធ្វើកិច្ចសហប្រតិបត្តិការជាមួយ ប្រទេសសង្កេតការណ៍របស់ខ្លួនដែលរួមមាន ប្រទេសអាហ្វហ្កានីស្ថាន បេឡារុស និងម៉ុងហ្គោលី និងប្រទេសដៃគូពិភាក្សាដែលមានដូចជាប្រទេសអាមេនី អាហ្ស៊ែបៃហ្សង់ កម្ពុជា នេប៉ាល់ ស្រីលង្កា និងតួគី។ ប្រទេសមួយចំនួនផ្សេងទៀតដូចជា ប្រទេសអេហ្ស៊ីព កាតា និងអារ៉ាប៊ីសាអ៊ូឌីត ក៏នឹងត្រូវផ្ដល់ឋានៈជា ប្រទេសសង្កេតការណ៍នាពេលខាងមុខផងដែរ។

ការពង្រីកខ្លួនក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅនេះ បានប្រែក្លាយអង្គការកិច្ចសហប្រតិបត្តិការសៀងហៃ ទៅជាអង្គការតំបន់ធំជាងគេបំផុត ដែលគ្របដណ្ដប់ដែនដីដ៏ធំល្វឹងល្វើយនៅក្នុងដែនដីអាស៊ីអឺរ៉ុប ដោយពង្រីកបន្ថែមទៅកាន់តំបន់មជ្ឈិមបូព៌ា អាស៊ីខាងត្បូង អាស៊ីអាគ្នេយ៍ និងតំបន់កូកាស ដោយគ្របដណ្ដប់ប្រជាជនប្រហែល៤០% នៃប្រជាជនពិភពលោក ហើយផលិតផលសរុបក្នុងស្រុករបស់ ប្រទេសសមាជិកមានទំហំជិត៣០ នៃផលិតផលក្នុងស្រុកសរុបរបស់ពិភពលោក។

អង្គការតំបន់មួយនេះបានរួមចំណែកយ៉ាងសំខាន់ដល់អភិបាលកិច្ចសកល តាមរយៈកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ក្នុងការថែរក្សាសន្តិសុខស្ថេរភាព និងពង្រឹងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមយ៉ាងល្អនៅក្នុងតំបន់របស់ខ្លួន និងបានពង្រីកកិច្ចសហប្រតិបត្តិការ ជាមួយប្រទេសសង្កេតការណ៍និងដៃគូសន្ទនានានា និងសហការយ៉ាងជិតស្និទ្ធជាមួយ អង្គការសហប្រជាជាតិនិងអង្គការតំបន់ និងអន្តរជាតិដទៃផ្សេងទៀត ដើម្បីដោះស្រាយបញ្ហាប្រឈមសកល និងពង្រឹងថែរក្សាសន្តិសុខស្ថេរភាព និងការអភិវឌ្ឍរបស់ពិភពលោក។

ជាមួយនឹងការពង្រីកខ្លួនដោយរួមបញ្ចូល ប្រទេសផលិតប្រេងធំៗនៅលើពិភពលោក ដូចជា ជារុស៊្សី អារ៉ាបីសាអ៊ូឌីត និង អ៊ីរ៉ង់ ដែលតំណាងឲ្យជាងពាក់កណ្ដាលនៃការផលិតប្រេង ប្រចាំឆ្នាំរបស់ពិភពលោក គេរំពឹងថាអង្គការនេះនឹងមានតួនាទី កាន់តែសំខាន់ក្នុងការធានានូវស្ថេរភាពថាមពលរបស់ពិភពលោក ដែលជាបញ្ហាប្រឈមចម្បងរបស់ពិភពលោកនាពេលបច្ចុប្បន្ន។

ទន្ទឹមនឹងនេះ «ស្មារតីសៀងហៃ» ដែលជាគុណតម្លៃស្នូលនិងជាមគ្គុទេសក៍របស់ អង្គការកិច្ចសហប្រតិបត្តិការសៀងហៃ នឹងផ្ដល់ជាគំរូថ្មីមួយសម្រាប់អភិវឌ្ឍកែលម្អទំនាក់ទំនងអន្តរជាតិ និងអភិបាលកិច្ចសកល។ «ស្មារតីសៀងហៃ» ខុសប្លែកទាំងស្រុងពីទស្សនៈរបស់ លោកខាងលិចស្ដីពីទំនាក់ទំនងអន្តរជាតិ។ គោលការណ៍ស្នូលរបស់ «ស្មារតីសៀងហៃ» គឺ «ជំនឿទុកចិត្តគ្នាទៅវិញទៅមក ផលប្រយោជន៍រួម សមភាព ការពិគ្រោះពិភាក្សា ការគោរពភាពចម្រុះនៃអរិយធម៌ និងកិច្ចខិតខំប្រឹងប្រែងដើម្បីសម្រេចការអភិវឌ្ឍរួម»

និយាយម្យ៉ាងទៀត អង្គការនេះ ប្រកាន់ខ្ជាប់នូវគោលការណ៍បើកចំហ បរិយាប័ន្ន និងតម្លាភាព ដោយផ្ដោតទៅលើភាពជាដៃគូស្មើភាពគ្នា ការគោរពគ្នាទៅវិញទៅមក ការផ្ដល់ផលប្រយោជន៍ឲ្យគ្នាទៅវិញទៅមក ដោយទាត់ចោលនូវទស្សនៈចាស់គំរិល ដែលចាត់ទុកទំនាក់ទំនងអន្តរជាតិជា ល្បែងដែលមានអ្នកឈ្នះនិងអ្នកចាញ់ ដែលពោរពេញទៅដោយការប្រឈមមុខដាក់គ្នា ក្នុងនាមជាសត្រូវ។

នៅក្នុងបរិបទបច្ចុប្បន្ន ដែលពិភពលោកកំពុងប្រឈមនឹងបញ្ហាប្រឈមធ្ងន់ធ្ងរផ្នែក សន្តិសុខ សេដ្ឋកិច្ច នយោបាយ គេរំពឹងថាអង្គការកិច្ចសហប្រតិបត្តិការសៀងហៃ ជាមួយនឹងកំណើនកម្លាំងឥទ្ធិពលសេដ្ឋកិច្ចនយោបាយរបស់ខ្លួន នឹងដើរតួជាសរសរទ្រូងដ៏រឹងមាំ ដែលទ្រទ្រង់ការថែរក្សាស្ថេរភាព និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ពិភពលោក និងការកសាងសណ្ដាប់ធ្នាប់ពិភពលោកពហុប៉ូល ដែលមានសមធម៌និងយុត្តិធម៌៕

អត្ថបទដោយលោកសាស្រ្តាចារ្យបណ្ឌិត នាក់ ចិន្ដារិទ្ធិ នាយកមជ្ឈមណ្ឌលកម្ពុជាសម្រាប់ស្រាវជ្រាវផ្លូវសូត្រសមុទ្រសតវត្សរ៍ទី២១ នៃសកលវិទ្យាល័យភូមិន្ទភ្នំពេញ