(ប៉េកាំង)៖ ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ លោក Xi Jinping ប្រធានរដ្ឋចិនបានអញ្ជើញថ្លែងសុន្ទរកថាគន្លឹះ ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាប្រមុខរដ្ឋនៃអង្គការសហប្រតិបត្តិការសៀងហៃ លើកទី២២ ដែលប្រារព្ធធ្វើនៅទីក្រុង Samarkand ប្រទេសអ៊ូបេគីស្ថាន។ លោកបានអញ្ជើញឡើងថ្លែងសុន្ទរកថាគន្លឹះក្រោមចំណងជើងថា «ក្តាប់ជាប់ចរន្តនៃយុគសម័យ បង្កើនសាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការ ដើម្បីរួមគ្នាបង្កើតអនាគតដ៏ល្អបវរ» ដែលបានសង្កត់ធ្ងន់ថា ប្រកាន់ខ្ជាប់ «ស្មារតីសៀងហៃ» បង្កើនសាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការ ដើម្បីជំរុញឲ្យបង្កើតសហគមន៍រួមវាសនា នៃអង្គការសហប្រតិបត្តិការសៀងហៃ ដែលកាន់តែមានភាពស្និទ្ធស្នាល។

លោក Xi Jinping បានលើកឡើងថា មហាដីគោកអឺរ៉ាស៊ីជាគ្រួរសារួមរបស់យើង ការថែរក្សាសន្តិភាពនិងវឌ្ឍនភាពរបស់អឺរ៉ាស៊ី គឺជាការរំពឹងទុករួមនៃប្រទេសក្នុងតំបន់និងពិភពលោកផងដែរ ដូច្នេះ អង្គការសហប្រតិបត្តិការសៀងហៃ មានភារកិច្ចដ៏សំខាន់ក្នុងកិច្ចការនេះ។ យើងគួរអនុវត្តសេចក្តីថ្លែងការណ៍ចំនួន ២ ស្តីពីការគាំពារសន្តិសុខថាមពលអន្តរជាតិ និងសន្តិសុខស្បៀងអាហារ ដែលទើបត្រូវបានអនុម័តក្នុងកិច្ចប្រជុំលើកនេះ ដើម្បីលើកកំពស់កម្រិតការពារសន្តិសុខខាងថាមពល និងស្បៀងអាហារ។ ប្រទេសចិននឹងផ្តល់ជំនួយមនុស្សធម៌បន្ទាន់ដូចជាស្បៀងអាហារជាដើមដែលមានតម្លៃ ១៥០០ លានយាន់ប្រាក់ចិនដល់ប្រទេសកំពុងអភិវឌ្ឍន៍ដែលមានសេចក្តីត្រូវការ។ ការដែលប្រជាជនបណ្តាប្រទេសក្នុងតំបន់ សុទ្ធតែមានជីវភាពរស់នៅដ៏ល្អបវរ គឺជាគោលដៅរួមរបស់យើង។ ភាគីចិនបានលើកឡើងគំនិតផ្តួចផ្តើមអភិវឌ្ឍជាសកល គឺសង្ឃឹមថាអាចសម្រេចការអភិវឌ្ឍជាសកលកាន់តែខ្លាំងក្លា មានភាពបៃតងនិងល្អប្រសើរ។ ភាគីចិនមានឆន្ទៈជួយបណ្តាប្រទេស បំពេញសម្រេចការអភិវឌ្ឍជានិរន្តភាព។ កន្លងមកនេះមានប្រទេសចំនួនកាន់តែច្រើនឡើងៗបានសុំចូលក្នុង «មហាគ្រួសារនៃអង្គការសហប្រតិបត្តិការសៀងហៃ» ដែលបានបង្ហាញឱ្យឃើញថា អនាគតនៃអង្គការនេះទទួលបាន ការគាំទ្រជាទូលំទូលាយពីអន្តរជាតិ។

លោក Xi Jinping បានគូសបញ្ជាក់ថា ប្រទេសចិនបានខិតខំសម្រួលទាំងការប្រយុទ្ធប្រឆាំង និងការបង្ការជំងឺកូវីដ១៩ ជាមួយនឹងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមកិច្ច និន្នាការជាទូទៅរបស់សេដ្ឋកិច្ចចិន ដែលបន្តអភិវឌ្ឍឆ្ពោះទៅកាន់ល្អ ក្នុងរយៈពេលយូរនឹងមិនកែប្រែទេ ដែលនឹងផ្តល់កម្លាំងចលករដ៏ខ្លាំងក្លាដល់ ការស្តារសេដ្ឋកិច្ចពិភពលោកឡើងវិញ ហើយក៏នឹងបន្តផ្តល់ឱកាសទីផ្សារ កាន់តែធំទូលាយដល់គ្រប់ប្រទេសផងដែរ។

លោក Xi Jinping បានបន្ថែមទៀតថា រយៈពេលមួយខែទៀត យើងខ្ញុំនឹងបើកធ្វើសមាជទូទាំងប្រទេសលើកទី២០ នៃបក្សកុម្មុយនីស្តចិន។ យើងនឹងតស៊ូសម្រេចឱ្យបាននូវការស្តាប្រជាជាតិចិន មានភាពរុងរឿងឡើងវិញតាមរយៈទំនើបកម្មបែបចិន បន្តជំរុញយ៉ាងសកម្ម នូវការបង្កើតសហគមន៍រួមវាសនានៃមនុស្សជាតិ ដើម្បីឱ្យការអភិវឌ្ឍថ្មីរបស់ប្រទេសចិននាំនូវកាលានុវត្តភាពថ្មីជូនដល់ពិភពលោក រួមចំណែកក្នុងការគាំពារសន្តិភាព វឌ្ឍនភាពសកល ក៏ដូចជាការឈានទៅមុខនៃអរិយធម៌មនុស្សជាតិ៕

វិទ្យុមិត្តភាពកម្ពុជាចិន