(ប៉េកាំង)៖ ប្រធានាធិបតីចិន លោក ស៉ី ជិនពីង កាលពីថ្ងៃសុក្រសប្តាហ៍នេះ បានអំពាវនាវឱ្យរុស្ស៉ីនិងប្រទេសដទៃទៀត ដែលជាសមាជិក នៃអង្គការកិច្ចសហប្រតិបត្តិការសៀងហៃ (SCO) ផ្តល់ការគាំទ្រដល់គ្នាទៅវិញទៅមក ដើម្បីរារាំងកុំឱ្យកម្លាំងបរទេសអាចដុតបញ្ឆេះឱ្យមាន «បដិវត្តន៍ពណ៌» នៅក្នុងប្រទេសពួកគេបាន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី១៧ ខែកញ្ញា ឆ្នាំ២០២២។

ថ្លែងចេញពីប្រទេសអ៊ូសបេគីស្ថាន ក្នុងកិច្ចប្រជុំកំពូលនៃអង្គការសន្តិសុខ-នយោបាយ-សេដ្ឋកិច្ចខាងលើ ដែលដឹកនាំដោយចិននិងរុស្ស៉ី លោក ស៉ី បានលើកឡើងថា បណ្តាសមាជិកទាំងអស់របស់ SCO គួរតែជ្រោមជ្រែងទៅវិញទៅមក នូវកិច្ចប្រឹងប្រែងដែលប្រទេសនីមួយៗ សម្រេចបានក្នុងការការពារផលប្រយោជន៍ នៃសន្តិសុខនិងការអភិវឌ្ឍរៀងៗខ្លួន។

នាឱកាសនោះ លោកប្រធានាធិបតីចិន បានបន្ថែមថា ប្រទេសចិននឹងផ្តល់ការបណ្តុះបណ្តាល ដល់អាជ្ញាធរអនុវត្តច្បាប់ចំនួន២,០០០នាក់ មកពីប្រទេសជាសមាជិក SCO សម្រាប់រយៈពេល៥ឆ្នាំខាងមុខ ហើយនឹងបង្កើតមូលដ្ឋានបណ្តុះបណ្តាលមួយ ដែលផ្តោតសំខាន់ទៅលើ ការងារប្រយុទ្ធប្រឆាំងអំពើភេរវកម្ម។

គួរបញ្ជាក់ថា លោក ស៉ី ក៏បានអញ្ជើញបណ្តាប្រទេសជាសមាជិក ឱ្យចូលរួមក្នុងកិច្ចផ្តួចផ្តើមសន្តិសុខសកលរបស់ចិនផងដែរ ខណៈវាគឺជាគោលគំនិតមួយ ដែលរូបលោកបានស្នើឡើងដំបូង កាលពីខែមេសាកន្លងទៅ ដោយក្នុងរួមមានទាំងគោលការណ៍ដែលថា មិនគួរមានប្រទេសណាត្រូវពង្រឹងសន្តិសុខរបស់ខ្លួន ដោយផ្អែកលើការបំផ្លាញសន្តិសុខរបស់ប្រទេសដទៃទៀតឡើយ៕