(សាម៉ាកាន់)៖ នាយករដ្ឋមន្រ្តីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី កាលពីថ្ងៃសុក្រសប្តាហ៍នេះ បានប្រាប់ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន ថា ឥឡូវមិនមែនជាពេលសម្រាប់ធ្វើសង្រ្គាមនោះទេ ខណៈអ្នកទាំងពីរបានជួបពិភាក្សាគ្នា នៅក្រៅកិច្ចប្រជុំកំពូល នៃអង្គការកិច្ចសហប្រតិបត្តិការសៀងហៃ (SCO) ដែលប្រារព្ធឡើងនៅប្រទេសអ៊ូសបេគីស្ថាន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី១៧ ខែកញ្ញា ឆ្នាំ២០២២។

ទីក្រុងញូដេលីនិងទីក្រុងមូស្គូ មានចំណងទាក់ទងយូរអង្វែងជាមួយគ្នា តាំងតែពីសម័យសង្រ្គាមត្រជាក់មកម្ល៉េះ ហើយរុស្ស៉ីនៅតែបន្តជា អ្នកផ្គត់ផ្គង់សព្វាវុធធំជាងគេរបស់ឥណ្ឌា។ យ៉ាងណាមិញ ក្នុងជំនួបទល់មុខគ្នាលើកដំបូង ចាប់តាំងពីទីក្រុងមូស្គូបានឈ្លានពានអ៊ុយក្រែន កាលពីខែកុម្ភៈ ឆ្នាំនេះ លោក ម៉ូឌី បានប្រាប់លោក ពូទីន ត្រង់ៗយ៉ាងដូច្នេះថា «ឯកឧត្តម ខ្ញុំដឹងថាពេលវេលាឥឡូវនេះ គឺមិនមែនជាពេល សម្រាប់សង្រ្គាមឡើយ»

លោកនាយករដ្ឋមន្រ្តីឥណ្ឌា បានក៏បានសង្កត់ធ្ងន់ពីសារៈសំខាន់ នៃការប្រើប្រាស់ការទូតនិងកិច្ចសន្ទនា ដើម្បីដោះស្រាយបញ្ហាផងដែរ។ យ៉ាងណាក៏ដោយ ទីក្រុងញូដេលីមិនបានចេញមុខជាចំហ ថ្កោលទោសលើទីក្រុងមូស្គូ សម្រាប់ការឈ្លានពានអ៊ុយក្រែននោះឡើយ បើទោះបីជាសហរដ្ឋអាមេរិក បានខិតខំបញ្ចុះបញ្ចូលឱ្យធ្វើយ៉ាងដូច្នោះក្តី។

ជាការឆ្លើយតប លោក ពូទីន បានប្រាប់លោក ម៉ូឌី វិញថា «ខ្ញុំយល់ពីគោលជំហរក៏ដូចជាក្តីបារម្ភរបស់អ្នក ជុំវិញជម្លោះនៅអ៊ុយក្រែន។ ពួកយើងនឹងព្យាយាមឱ្យអស់ពីលទ្ធភាព ដើម្បីបញ្ចប់ជម្លោះឱ្យបានឆាប់តាមតែអាចទៅរួច»។ ប៉ុន្តែលោក ពូទីន បន្ថែមថា មេដឹកនាំអ៊ុយក្រែន បានច្រានចោលការចរចាគ្នា ហើយចង់សម្រេចគោលដៅ តាមមធ្យោបាយយោធា។

ចំណែក កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ពេលជួបមុខគ្នាជាមួយប្រធានាធីបតីចិន លោក ស៉ី ជិនពីង លោកប្រធានាធិបតីរុស្ស៉ី បានទទួលស្គាល់ថា ទីក្រុងប៉េកាំងដែលជាសម្ព័ន្ធមិត្តដ៏សំខាន់របស់ខ្លួន ក៏បានបង្ហាញក្តីបារម្ភជុំវិញបញ្ហាជម្លោះ នៅអ៊ុយក្រែនផងដែរ៕