(ប៉េកាំង)៖ អគ្គីភ័យដ៏ធំមួយបានឆាបឆេះអគារការិយាល័យខ្ពស់មួយ នៅកណ្តាលក្រុង Changsha នៃខេត្ត Hunan ភាគខាងត្បូងប្រទេសចិនកាលពីរសៀលថ្ងៃសុក្រ។ ទូរទស្សន៍រដ្ឋ CCTV បាននិយាយថា អគាររាប់សិបជាន់ នៃអគារទូរគមនាគមន៍ចិនដែលមានកម្ពស់ជាង២០០ម៉ែត្រ ត្រូវបានឆេះយ៉ាងសន្ធោសន្ធៅ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន AP នៅថ្ងៃសុក្រ ទី១៦ ខែកញ្ញា ឆ្នាំ២០២២។

បើយោងតាមនាយកដ្ឋានពន្លត់អគ្គិភ័យខេត្តហ៊ូណានបានឲ្យដឹងថា មានរថយន្តពន្លត់អគ្គិភ័យចំនួន៣៦គ្រឿង និងអ្នកពន្លត់អគ្គិភ័យចំនួន២៨០នាក់ ត្រូវបានបញ្ជូនទៅកាន់កន្លែងកើតហេតុ។ ទោះជាយ៉ាងណាមិនទាន់មានរបាយការណ៍មនុស្សស្លាប់ ឬរបួសឡើយ ហើយភ្លើងក៏ត្រូវបានពន្លត់ហើយដែរ។

ការស៊ើបអង្កេតបឋមបានបង្ហាញថា ជញ្ជាំងខាងក្រៅនៃអគារ ៤២ជាន់បានឆាបឆេះ៕