(អ៊ូសបេគីស្ថាន)៖ កិច្ចប្រជុំកំពូលនៃបណ្តាមេដឹកនាំអង្គការកិច្ចសហប្រតិបត្តិការសៀងហៃ Shanghai Cooperation Organisation SCO បានប្រព្រឹត្តទៅនៅក្នុងក្រុង Samakand នៃប្រទេសអ៊ូសបេគីស្ថាន ខណៈសភាពការណ៍សកលលោកកំពុងប្រឈមនឹងភាពតានតឹងដោយសារការប្រឈមមុខរវាងប្រទេសមហាអំណាច។ កិច្ចប្រជុំនេះមានរយៈពីរថ្ងៃ គឺថ្ងៃទី១៥ ដល់១៦ កញ្ញាឆ្នាំ២០២២។ កិច្ចប្រជុំនៅថ្ងៃដំបូងមានការជួបគ្នាទ្វេភាគីរវាងមេដឹកនាំសំខាន់ខ្លះ ក្នុងនោះរួមមានជំនួបទ្វេភាគី រវាងមេដឹកនាំរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន និងមេដឹកនាំចិនលោក ស៊ី ជិនពីង។

រឿងរ៉ាវពាក់ព័ន្ធជុំវិញសង្គ្រាមក្នុងប្រទេសអ៊ុយក្រែន និងបញ្ហាតានតឹងក្នុងដែនកោះតៃវ៉ាន់ គឺជារឿង ដែលកំពុងក្តៅគគុកនិងក៏ជាប្រធានបទដែលមេដឹកនាំ នៃប្រទេសទាំង២បានជជែកពិភាក្សាគ្នា ក្នុងបន្ទប់បិទជិត។ ចិន និងរុស្ស៊ី គឺជាប្រទេសនៃដៃគូគ្មានកម្រិត និងប្រទេសទាំង២ក៏ ជាប្រទេសនៃមហាអំណាចនុយក្លេអ៊ែរ ពិភពលោកផងដែរ។ បណ្តាមេដឹកនាំដែលចូលរួម ត្រូវគេឃើញបានសម្តែងក្តីរីករាយក្នុងពេលជួបជុំអាហារពេល ល្ងាចក្រោយថ្ងៃទី១ នៃកិច្ចប្រជុំបានរំលងផុត។
ដំណើរចាកចេញក្រៅប្រទេសរបស់លោក ស៊ី ជិនពីង ក្នុងការអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូល អង្គការកិច្ចសហប្រតិបត្តិការសៀងហៃ SCO នាពេលនេះ គឺជាលើកដំបូងហើយក្នុងរយៈកាលជាង២ឆ្នាំមកនេះ ក្រោយហេតុការណ៍កូវីដ១៩ ដែលផ្ទុះឡើងក្នុងប្រទេសចិនមុនគេបង្អស់ និងមេដឹកនាំប្រទេសចិន បានសម្រេចចិត្តបិទការធ្វើដំណើរដោយខ្លួនឯងនោះមក។

ជំនួបទល់មុខគ្នារវាងលោក ពូទីន និងលោក ស៊ី ជិនពីង គឺជាជំនួបលើកដំបូងចាប់តាំងពីមានសង្គ្រាមកើតឡើងក្នុងប្រទេសអ៊ុយក្រែន។ មេដឹកនាំរុស្ស៊ីបានថ្លែង អំណរគុណចំពោះមេដឹកនាំចិនដែលប្រកាន់នូវជំហរអព្យាក្រឹតក្នុងជម្លោះនៃសង្គ្រាមអ៊ុយក្រែន។ លោក ពូទីនបានថ្លែងថាលោកយល់អំពីអ្វីដែលជាចម្ងល់ និងភាពខ្វល់ខ្វាយរបស់រដ្ឋាភិបាលចិនជុំវិញរឿងសង្គ្រាមក្នុងអ៊ុយក្រែន។ លោក វ្ល៉ាឌីមៀ ពូទីន បានថ្កោលទោសចំពោះបំណងរបស់ក្រុមប្រទេសលោកខាងលិច និងសហរដ្ឋអាមេរិកដែលចង់បង្កើតពិភពឯកប៉ូល Unipolar World ។

លោកថាមហិច្ឆិតា នោះនឹងជួបបរាជ័យជាមិនខាន។ រុស្ស៊ី និងសហរដ្ឋអាមេរិកគឺជាប្រទេសដែលទទួលខុសត្រូវចំពោះសង្គ្រាមត្រជាក់ជាពិសេស រវាងពីឆ្នាំ១៩៤៥ ដល់ឆ្នាំ១៩៩០ ដែលមានម្ខាងជាក្រុមប៉ូលលោកខាងកើតនិងម្ខាងជាប៉ូល ក្រុមលោកខាងលិច ប៉ុន្តែប៉ូលលោកខាងកើតបានរលាយបែកបាក់ក្រោយពេលដែលអតីត សហភាពសូវៀតបានរងនឹងភាពរង្គោះរង្គើបែកបាក់ក្នុងឆ្នាំ១៩៩១។ សង្គ្រាមក្នុងប្រទេសអ៊ុយក្រែន បានសម្លាប់មនុស្សច្រើនម៉ឺននាក់ និងបានរុញច្រានសេដ្ឋកិច្ច សកលលោកចូលទៅក្នុងស្ថានភាពមួយដែលពិបាកស្មានដល់, បង្កឲ្យតម្លៃស្បៀងអាហារ និងថាមពលមានការកើនឡើងខ្ពស់ នៅចំពោះមុខនឹងការប្រឈមមុខដាក់គ្នា ដ៏ខ្លាំងក្លាបំផុតរវាងរុស្ស៊ី និងលោកខាងលិច គិតចាប់តាំងពីសម័យសង្គ្រាមត្រជាក់នោះមក។

ក្នុងកិច្ចប្រជុំអង្គការកិច្ចសហប្រតិបត្តិការសៀងហៃ SCO នោះ មេដឹកនាំរុស្ស៊ី បានបញ្ជាក់ការគាំទ្ររបស់ខ្លួនចំពោះប្រទេសចិននូវគោលនយោបាយចិនតែមួយ។ លោក វ្លាឌីមៀ ពូទីន នៅបានថ្កោលទោសចំពោះសហរដ្ឋអាមេរិកពាក់ព័ន្ធនឹងករណីរឿងកោះតៃវ៉ាន់។ នៅក្នុងការថ្លែងសុន្ទរកថារបស់លោក ស៊ី ជិនពីង មេដឹកនាំចិនពុំមាន ការលើកឡើងពីឈ្មោះរបស់ប្រទេសអ៊ុយក្រែនឡើយ។ ឯកសារចិន ទាក់ទងនឹងកិច្ចប្រជុំរវាងមេដឹកនាំទាំងពីរក៏មិនបានលើកឡើងពីឈ្មោះប្រទេសអ៊ុយក្រែន នោះដែរ។ ឯកសារនោះ និយាយថាប្រទេសចិនមានឆន្ទៈក្នុងការផ្ដល់ការគាំទ្រមុតមាំដល់ប្រទេសរុស្ស៊ី សម្រាប់បញ្ហានានាដែលទាក់ទងនឹងផលប្រយោជន៍ស្នូលរបស់ខ្លួន។

លោក ស៊ី ជិនពីង បានប្រាប់ទៅលោកពូទីនវិញដែរថា រដ្ឋាភិបាលក្រុងប៉េកាំង មានឆន្ទៈធ្វើកិច្ចការជាមួយនឹងរដ្ឋាភិបាលក្រុងម៉ូស្គូក្នុងនាមជាមហាអំណាច៖ លោក ស៊ី ជិនពីង បានថ្លែងថា «ក្នុងស្ថានភាពដែលមានការប្រឈមចំពោះពិភពលោកនៃយុគសម័យ និងប្រវត្តិសាស្ត្រដែលប្រែប្រួលមិនធ្លាប់មាននេះ, ប្រទេសចិននឹង ពេញចិត្តនឹងធ្វើកិច្ចការជាមួយរុស្ស៊ីដើម្បីបំពេញតួនាទីជាប្រទេសនៃមហាអំណាច និងសម្តែងតួនាទីត្រួសត្រាយដឹកនាំបង្កើតស្ថិរភាពនិងថាមពលវិជ្ជមាន ក្នុងពិភពលោកដែលបានរងភាពរង្គោះរង្គើដោយ សារអំពើចលាចលសង្គម»។

ដំណើរចាកចេញជាលើកដំបូងរបស់លោក ស៊ី ជិនពីង មកកាន់ប្រទេសនៅអាស៊ីកណ្ដាលនេះ គឺជាការបង្ហាញនូវភាពមុះមុតរបស់មេដឹកនាំចិននូវភាពប្តេជ្ញាចិត្ត ក្នុងការធ្វើកិច្ចសហការបើកចំហរជាមួយនឹងរុស្ស៊ី និងវត្តមានរបស់លោក ស៊ី ជិនពីង ក៏ជាសារបង្ហាញទៅកាន់ប្រទេសលោកខាងលិច និងសហរដ្ឋអាមេរិកវិញក្រោយ ស្ថានការណ៍ពន្យុះចិនឱ្យខឹងច្រឡោតជាច្រើនដងមកហើយ ជុំវិញការលូកដៃធ្វើអន្តរាគមន៍ចូលកិច្ចការផ្ទៃក្នុងរបស់ចិនជាពិសេសបញ្ហាកោះតៃវ៉ាន់។

កិច្ចប្រជុំកំពូលនៃអង្គការកិច្ចសហប្រតិបត្តិការសៀងហៃក្នុងសប្តាហ៍នេះ បានចូលរួមពីមេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ibrahim Raisi ដែលអង្គការ SCO ព្រមទទួល ធ្វើជាសមាជិកថ្មី។ ប្រទេសអ៊ីរ៉ង់ត្រូវគេចាត់ទុកថាជាមហាអំណាចប្រេងដ៏កំពូលមួយក្នុងតំបន់មជ្ឈិមបូព៌ា ដែលមានប្រេងបំរុងទុកប្រមាណ១០ភាគរយ និងឧស្ម័ន១៥ភាគរយ នៃសកលលោក ប៉ុន្តែការដាក់ទណ្ឌកម្មលើអ៊ីរ៉ង់ដោយសហរដ្ឋអាមេរិក និងក្រុមប្រទេសលោកខាងលិច មិនអាចធ្វើឱ្យប្រេងអ៊ីរ៉ង់មានលំហូរចរាចរណ៍នៅលើទីផ្សារ ពិភពលោកបានឡើយ។ ការធ្វើសម្ព័ន្ធជាយុទ្ធសាស្ត្រ របស់អ៊ីរ៉ង់ជាមួយនឹងក្រុម SCO នឹងអាចជួយបន្ធូរបន្ថយអំពើអមិត្តទាំងឡាយ ដែលក្រុមប្រទេសលោកខាងលិច បានដាក់ទណ្ឌកម្មសេដ្ឋកិច្ចមកលើប្រទេសអ៊ីរ៉ង់នោះ។

អង្គការកិច្ចសហប្រតិបត្តិការសៀងហៃ SCO គឺជាអង្គការនយោបាយសេដ្ឋកិច្ច និងសន្តិសុខអឺរ៉ាស៊ី។ បើនិយាយអំពីទំហំវិសាលភាពភូមិសាស្ត្រ, អង្គការ SCO នេះគឺជា អង្គការក្នុងតំបន់ដែលធំជាងគេបំផុតរបស់សកលលោកដែលគ្របដណ្តប់ប្រមាណ៦០ភាគរយនៃតំបន់អឺរ៉ាស៊ី, មានប្រជាជនប្រមាណ៤០ភាគរយក្នុងចំណោម ប្រជាជនលើសកលលោក និងមានផលិតផល ក្នុងស្រុកសារុប GDP ជាង ៣០ភាគរយ នៃសកលលោក។ អង្គការ SCO គឺជាអ្នកស្នងតំណែងរបស់ក្រុមអង្គការ Shanghai Five ដែលជាកិច្ចព្រមព្រៀងសន្តិសុខរវាងគ្នាទៅវិញទៅមកបង្កើតឡើងក្នុងឆ្នាំ១៩៩៦ រវាងប្រទេសចិន, កាហ្សាក់ស្ថាន កៀហ្ស៊ីស៊ីស្ថាន, រុស្ស៊ី និងតាជីគីស្ថាន។

នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០០១ មេដឹកនាំនៃប្រទេសទាំង៥នេះ និងប្រទេសអ៊ូសបេគីស្ថាន បានជួបប្រជុំគ្នានៅទីក្រុងសៀងហៃ ដើម្បីប្រកាសពីអង្គការថ្មីមួយជាមួយ និងកិច្ចសហប្រតិបត្តិការផ្នែកនយោបាយ និងសេដ្ឋកិច្ចកាន់តែស៊ីជម្រៅ។ ធម្មនុញ្ញអង្គការ SCO នេះត្រូវបានចុះហត្ថលេខានៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០២ ហើយបានចូលជា ធរមាននៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០០៣។ ចាប់តាំងពីពេលនោះមក សមាជិកភាពរបស់ SCO បានពង្រីកដល់ប្រាំបីរដ្ឋ ដោយមានប្រទេសឥណ្ឌា និងប៉ាគីស្ថានចូលរួមនៅ ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៧ ។ មានប្រទេសជាច្រើនទៀត បានចូលរួមជាប្រទេសសង្កេតការណ៍ ឬដៃគូសន្ទនា។

កិច្ចប្រជុំអង្គការកិច្ចសហប្រតិបត្តិការសៀងហៃ SCO នៅបានចាប់អារម្មណ៍លើសកម្មភាពនៃ មេដឹកនាំឥណ្ឌាលោក នរ៉េនដ្រា ម៉ូឌី និងមេដឹកនាំប្រទេសប៉ាគីស្ថានលោក Shehbaz Sharif ផងដែរ។ លោក Shehbaz Sharif បានជួបពិភាក្សាទ្វេភាគីផងដែរជាមួយនឹងលោក វ្ល៉ឌីមៀ ពូទីន។ មេដឹកនាំប៉ាគីស្ថានលោក Shehbaz Sharif នៅបានជួបជាមួយមេដឹកនាំប្រទេសបេឡារុស, ប្រទេសអ៊ីរ៉ង់ និងកាជីស្ថាន។ មេដឹកនាំឥណ្ឌាលោក នរ៉េនដ្រា ម៉ូឌី នៅក្នុងថ្ងៃនៃកិច្ចប្រជុំទី២ បានអញ្ជើញជួបប្រជុំទ្វេភាគី ជាមួយនឹងមេដឹករុស្ស៊ីដែលកិច្ចពិភាក្សាបានផ្តោតលើបញ្ហាក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក និងកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងក្របខណ្ឌអង្គការសហប្រជាជាតិនិងក្នុងក្របខណ្ឌ G20 ។ នៅក្នុងថ្ងៃប្រជុំទី២ របស់អង្គការកិច្ចសហប្រតិបត្តិការសៀងហៃ SCO មេដឹកនាំដែលអញ្ជើញចូលរួមទាំងអស់បានធ្វើការជួបប្រជុំរួមគ្នាដោយពិភាក្សាត្រង់ ទៅត្រង់មករវាងគ្នាទៅវិញទៅមក។

អង្គការកិច្ចសហប្រតិបត្តិការសៀងហៃ ត្រូវគេរំពឹងថានឹងអាចពង្រីកកិច្ចសហប្រតិបត្តិការ របស់ខ្លួនបានធំជាងនេះទៀត ដែលនឹងមានការចូលរួមពីប្រទេស ម៉ាល់ឌីវ, អេហ្ស៊ីប, កាតា និងប្រទេសអារ៉ាប់សាអ៊ូឌី ជាបន្ថែមទៀតក្នុងពេលឆាប់ៗ ខាងមុខនេះ ដែលនឹងក្លាយជាដៃគូ សន្ទនាក្នុងអង្គការ SCO នេះ។

អង្គការកិច្ចសហប្រតិបត្តិការសៀងហៃ មិនមែនត្រឹមតែជាអង្គការនយោបាយ សេដ្ឋកិច្ចនិង សន្តិសុខប៉ុណ្ណោះទេ, ប៉ុន្តែសមាជិកដែលស្ថិតក្នុងអង្គការ SCO នោះ គឺរួមមាន ទាំងប្រទេស ដែលមានអាវុធនុយក្លេអ៊ែ័រ និងប្រទេសភាគច្រើនគឺជាប្រទេសដែលហ៊ានប្រឈម នឹងសហ រដ្ឋអាមេរិកនៃប្រទេសមហាអំណាចកំពូលលើពិភពលោកនេះ ថែមទៀត។ ជាមួយនឹងការចាប់ផ្តើមពីប្រទេសឥណ្ឌា និងប៉ាគីស្ថាន, សមាជិក SCO ចំនួនបួន រួមទាំង រុស្ស៊ី និងចិន គឺជាប្រទេសដែលមានសមត្ថភាពផ្នែកនុយក្លេអ៊ែរដែល ប្រការនេះហើយ អង្គការប្រតិបត្តិការសៀងហៃ SCO ត្រូវបានគេប្រៀបប្រដូចជាក្រុមមួយនៃប្លុកដែលប្រឆាំងនឹងអង្គការណាតូ។

បច្ចុប្បន្នមានប្រទេសចំនួន១០ដែលគេចាត់ទុកថាជាប្រទេសមានសមត្ថភាពអាវុធនុយក្លេអ៊ែរ។ ប្រទេសទាំង១០ នោះរួមមានរុស្ស៊ីដែលមានគ្រាប់នុយក្លែអ៊ែរ ច្រើនជាងគេដល់៥ពាន់៩៧៧ គ្រាប់, សហរដ្ឋអាមេរិកមានចំនួន៥ពាន់៤២៨គ្រាប់, ចិនមានចំនួន៣៥០គ្រាប់, បារាំងមាន ២៩០គ្រាប់, អង់គ្លេសមាន២២៥គ្រាប់, ប៉ាគីស្ថានមាន១៦៥គ្រាប់, ឥណ្ឌាមាន១៦០គ្រាប់, អ៊ីស្រាអែលមាន៩០គ្រាប់និងកូរេខាងជើងមានប្រមាណ២០គ្រាប់។ សរុបគ្រាប់នុយក្លេអ៊ែរ ដែលពិភពលោកកំពុងមាននេះ ចំនួនទាំងអស់១ម៉ឺន២ពាន់៧០៥គ្រាប់៕