(បាងកក)៖ ក្រុមមន្រ្តីបាននិយាយនៅថ្ងៃសុក្រនេះថា ប៉ូលិសថៃបានចោទប្រកាន់ទាហានម្នាក់ពីបទមនុស្សឃាត ជុំវិញការបាញ់ប្រហារនៅ ឯមូលដ្ឋានបណ្តុះបណ្តាលយោធាមួយកន្លែង ដែលបណ្តាលឲ្យមនុស្សពីរនាក់ស្លាប់ និងម្នាក់ទៀតរបួស។ នេះបើយោងតាមការចុះផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១៦ ខែកញ្ញា ឆ្នាំ២០២២។

ព្រឹន្ទបាលទោ យុងយុទ្ធ មួងកនគីម (Yongyuth Mungkornkim) ដែលជាស្មៀននៅមហាវិទ្យាល័យយោធា រ៉ូយ៉ាល់ ថៃ អាមមី វ៉ (Royal Thai Army War) នឹងត្រូវឡើងសវនាការក្នុងតុលាការយោធា ស្ថិតនៅភាគខាងជើងទីក្រុងបាងកក នៅថ្ងៃពុធសប្តាហ៍ក្រោយ។ លោកត្រូវប្រឈមមុខនឹងការចោទប្រកាន់ពីបទឃាតកម្មគិតទុកជាមុន ប៉ុនប៉ងមនុស្សឃាត កាន់កាប់ និងប្រើប្រាស់កាំភ្លើងនៅទីកន្លែងសាធារណៈ។

អ្នកនាំពាក្យរងនគរបាលជាតិថៃ លោក គីស្នា ផាត់ថាណាចារឺន (Kissana Phathanacharoen) បានប្រាប់ AFP ឲ្យដឹងថា តុលាការយោធានឹងសម្រេចថាតើ ត្រូវផ្តល់ការអនុញ្ញាតឲ្យនៅក្រៅឃុំឬយ៉ាងណា។ សុខភាពផ្លូវចិត្តនិងផ្លូវកាយរបស់លោក យុងយុទ្ធ កំពុងត្រូវបានគ្រូពេទ្យជំនាញធ្វើការពិនិត្យ។ លោក គីស្នា បានបន្ថែមថា ការស៉ើបអង្កេតរបស់ប៉ូលិសមានរយៈពេល ៨៤ថ្ងៃ ដើម្បីស្រាវជ្រាវនិងធ្វើបាយការណ៍អំពីករណីនេះ មុនពេលបញ្ជូនឯកសារទៅមេធាវីរបស់តុលាការយោធា។

គួរបញ្ជាក់ថា កាលពីមួយឆ្នាំមុន ធ្លាប់មានឧប្បត្តិហេតុបាញ់សម្លាប់យ៉ាងហោចណាស់ ពីរករណីផ្សេងគ្នាដោយទាហានថៃ។ ហើយនៅឆ្នាំ២០២០ ឧប្បត្តិហេតុដ៏សាហាវមួយបានកើតឡើង ដោយទាហានថៃម្នាក់ បានបាញ់សម្លាប់មនុស្សចំនួន ២៩នាក់ ក្នុងការវាយប្រហាររយៈ ១៧ម៉ោង បណ្តាលឲ្យមនុស្សជាច្រើនរងរបួស មុនពេលជនសង្ស័យត្រូវបានបាញ់សម្លាប់ ដោយកងកម្លាំងពិសេស៕