(បែរឡាំង)៖ រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ លោកស្រី អាន់ណាឡេណា ប៊ែរបក់ស៍ (Annalena Baerbock) បាននិយាយថា ការគាំទ្ររបស់ទីក្រុងប៊ែរឡាំងសម្រាប់អ៊ុយក្រែននឹងមិនធ្លាក់ចុះឡើយ ចំពោះមុខការកាត់បន្ថយការផ្គត់ផ្គង់ថាមពលរបស់រុស្ស៊ី ខណៈដែលលោកស្រីបានទៅដល់ទីក្រុងកៀវ នៅថ្ងៃសៅរ៍នេះ សម្រាប់ដំណើរទស្សនកិច្ចលើកទី២។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី១០ ខែកញ្ញា ឆ្នាំ២០២២។

លោកស្រី ប៊ែរបក់ស៍ បានគូសបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍យ៉ាងដូច្នេះថា «យើងនឹងឈរក្បែរអ៊ុយក្រែនឲ្យបានយូរតាមការចាំបាច់ ហើយជំនួយរបស់អាល្លឺម៉ង់នឹងរួមបញ្ចូលអាវុធ ព្រមទាំងជំនួយមនុស្សធម៌ និងហិរញ្ញវត្ថុផងដែរ»។

លោកស្រី ប៊ែរបក់ស៍ បានបន្ថែមថា រុស្សីកំពុងគិតថា ការបញ្ឈប់ដំណើរការបញ្ជូនឧស្ម័ន តាមបំពង់ Nord Stream 1 នឹងធ្វើឲ្យអឺរ៉ុបធុញគ្រាន់ក្នុងការជួយអ៊ុយក្រែន ប៉ុន្តែផែនការនេះនឹងមិនដំណើរការឡើយ ព្រោះសមាជិកអឺរ៉ុបទាំងអស់ដឹងថាអ៊ុយក្រែនកំពុងការពារសន្តិភាព និងសណ្តាប់ធ្នាប់សន្តិសុខរបស់ពួកគេ។

គួរបញ្ជាក់ថា អាល្លឺម៉ង់ រួមជាមួយនឹងបណ្តាប្រទេសសហភាពអឺរ៉ុបផ្សេងទៀត កំពុងស្វះស្វែងដោះស្រាយបញ្ហាកង្វះខាតថាមពល ដែលជំរុញឲ្យតម្លៃកើនឡើង បន្ទាប់ពីរុស្ស៊ីបានបញ្ឈប់ការផ្គត់ផ្គង់តាមរយៈបំពង់បង្ហូរឧស្ម័នធម្មជាតិ Nord Stream 1៕