(វ៉ាស៉ីនតោន)៖ បណ្តាទីភ្នាក់ងាររបស់សហរដ្ឋអាមេរិក បានប្រកាសផ្តល់រង្វាន់ជាទឹកប្រាក់ចំនួន ៤០,០០០ដុល្លារ សម្រាប់ព័ត៌មានដែលអាចនាំទៅរក ការចាប់ខ្លួនប្រធានក្រុមហ៊ុនម៉ៅកាវិស័យការពារជាតិម្នាក់ ជាជនជាតិម៉ាឡេស៉ី ដែលបានរត់គេចខ្លួនបាត់ស្រមោល នៅមុនពេលត្រូវតុលាការសម្រេចផ្តន្ទាទោស ពាក់ព័ន្ធសំណុំរឿងពុករលួយធំបំផុតមួយ នៅក្នុងប្រវត្តិសាស្រ្តរបស់យោធាអាមេរិក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Aljazeera នៅថ្ងៃសៅរ៍ ទី១០ ខែកញ្ញា ឆ្នាំ២០២២។

លោក លីអូណាដ ហ្គ្លេន ហ្វ្រាន់ស៉ីស (Leonard Glenn Francis) បានរត់គេចខ្លួនកាលពីពេលកន្លងទៅ ក្នុងខែកញ្ញានេះ បន្ទាប់ពីលួចផ្តាច់ឧបករណ៍តាមដាន GPS ដែលបំពាក់នៅជាប់កជើងរបស់ខ្លួន។ លោកត្រូវបានតុលាការអាមេរិកគ្រោងប្រកាសផ្តន្ទាទោសនៅចុងខែនេះ ក្រោយឆ្លើយសារភាពទោសកាលពីឆ្នាំ២០១៥ សម្រាប់ការពាក់ព័ន្ធក្នុងសំណុំរឿងពុករលួយទំហំ ៣៥លានដុល្លារ ដែលជាប់ទាក់ទងជាមួយក្រុមមន្រ្តីជាន់ខ្ពស់ជាច្រើនរូប នៃកងទ័ពជើងទឹកអាមេរិក។

សេចក្តីប្រកាសរបស់អាជ្ញាធរអាមេរិក នៅថ្ងៃសៅរ៍នេះ បានលើកឡើងដូច្នេះថា «ប្រាក់រង្វាន់៤០,០០០ដុល្លារ នឹងត្រូវផ្តល់ឱ្យសម្រាប់ព័ត៌មាន ដែលជួយឈានទៅរកការឃាត់ខ្លួនលោក ហ្រ្វាន់ស៉ីស។ លោក ហ្រ្វាន់ស៉ីស ប្រឈមនឹងទោសជាប់ពន្ធនាគាររយៈពេល ២៥ឆ្នាំ នៅពេលដែលលោកផ្តាច់ឧបករណ៍តាមដាន GPS ដើម្បីរត់គេចខ្លួន កាលពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២២»

លោក ហ្វ្រាន់ស៉ីស ត្រូវបានអនុញ្ញាតឱ្យបន្តជាប់ឃុំឃាំង នៅក្នុងផ្ទះដែលស្ថិតក្នុងទីក្រុងសាន់ឌីអេហ្គោ (San Diego) នៃរដ្ឋកាលីហ្វ័រញ៉ា (California) ដើម្បីទទួលការមើលថែទាំសុខភាព ហើយទន្ទឹមគ្នាផ្តល់កិច្ចសហប្រតិបត្តិការដល់ក្រុមរដ្ឋអាជ្ញាអាមេរិក ដែលដោយសារតែការជួយរបស់លោក សម្រេចបាននូវការកាត់ទោសលើបុគ្គល៣៣នាក់ ក្នុងចំណោម៣៤នាក់ នាពេលកន្លងមកនេះ ដោយក្នុងនោះរួមមាន មន្រ្តីយោធាជើងទឹកអាមេរិកជាច្រើននាក់ផងដែរ។

កាលពីឆ្នាំ២០១៥ លោក ហ្រ្វាន់ស៉ីស បានឆ្លើយសារភាពថា រូបលោកពិតជាបានផ្តល់សំណូកក្នុងទម្រង់ផ្សេងៗ ព្រមទាំងលុយជាង ៥០០,០០០ដុល្លារ ដល់ក្រុមមន្រ្តីទ័ពជើងទឹកអាមេរិក និងមនុស្សមួយចំនួនទៀត ជាថ្នូរដើម្បីជួយឱ្យក្រុមហ៊ុនផ្តល់សេវាកម្មគាំទ្រនាវា របស់លោក ឈ្មោះថា Glenn Defense Marine Asia Ltd ហៅកាត់ GDMA មានមូលដ្ឋាននៅប្រទេសសិង្ហបុរី អាចទទួលបានកិច្ចសន្យា ដែលរកចំណូលបានច្រើនៗ ពី យោធាជើងទឹកអាមេរិក។

គួរបញ្ជាក់ថា បើតាមក្រុមរដ្ឋអាជ្ញាអាមេរិក ក្រុមហ៊ុន GDMA កេងចំណេញប្រាក់លើយោធាជើងទឹកអាមេរិក បានយ៉ាងតិច៣៥លានដុល្លារ សម្រាប់ការផ្តល់សេវាកម្មផ្សេងៗ ដល់នាវាយោធារបស់អាមេរិក ដោយក្នុងនោះនាវាជាច្រើន ត្រូវបានជំរុញឱ្យធ្វើដំណើរទៅកាន់កំពង់ផែនានា ដែលលោក ហ្រ្វាន់ស៉ីស គ្រប់គ្រងនៅក្នុងតំបន់ប៉ាស៉ីហ្វិក តាមរយៈការជួយពីក្រុមមន្រ្តី ដែលបានទទួលការសូកប៉ាន់ពីរូបលោក៕