(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃសុក្រសប្តាហ៍នេះ សហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មទៅលើ ក្រសួងស៉ើបការណ៍សម្ងាត់និងសន្តិសុខរបស់ប្រទេសអីរ៉ង់ ព្រមទាំងរដ្ឋមន្រ្តីនៃក្រសួងនោះ ជាមួយការចោទប្រកាន់ថា មានជាប់ពាក់ព័ន្ធក្នុងករណីវាយប្រហារតាមប្រព័ន្ធព័ត៌មានវិទ្យា កាលពីខែកក្កដា ទៅលើប្រទេសអាល់បានី ហើយចូលរួមក្នុងសកម្មភាពព័ត៌មានវិទ្យាផ្សេងៗទៀត ប្រឆាំងមកលើសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី១០ ខែកញ្ញា ឆ្នាំ២០២២។

ក្រសួងហិរញ្ញវត្ថុអាមេរិក បានលើកឡើងក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនថា ក្រសួងអ៉ីរ៉ង់ខាងលើជា អ្នកដឹកនាំបណ្តាញក្រុមវាយប្រហារតាមប្រព័ន្ធព័ត៌មានវិទ្យាមួយចំនួន ក្នុងនោះរួមមានទាំងក្រុមដែលពាក់ព័ន្ធ ក្នុងសកម្មភាពស៉ើបការណ៍សម្ងាត់តាមព័ត៌មានវិទ្យា និងសកម្មភាពជំរិតទារប្រាក់តាមមធ្យោបាយបែបនេះ ដើម្បីគាំទ្រដល់រដ្ឋាភិបាលអ៉ីរ៉ង់។ លោក ប្រាយអេន ណេលសុន (Brian Nelson) អនុរដ្ឋមន្រ្តីហិរញ្ញវត្ថុអាមេរិក បាននិយាយថា ទីក្រុងវ៉ាស៉ីនតោននឹងមិនលើកលែងដាច់ខាត ចំពោះសកម្មភាពវាយប្រហារព័ត៌មានវិទ្យា ដែលកាន់តែគឃ្លើនឡើងៗរបស់ទីក្រុងតេហរ៉ង់។

គួរបញ្ជាក់ថា ការប្រកាសដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកធ្វើឡើង បន្ទាប់ពីអាល់បានីបានផ្តាច់ទំនាក់ទំនងការទូតជាមួយប្រទេសអ៉ីរ៉ង់ កាលពីថ្ងៃពុធសប្តាហ៍នេះ ជុំវិញសកម្មភាពវាយប្រហារតាមប្រព័ន្ធព័ត៌មានវិទ្យា កាលពីខែកក្កដាកន្លងទៅ ហើយបានបណ្តេញអ្នការទូត និងបុគ្គលិកទូតរបស់អ៉ីរ៉ង់ ឱ្យចេញពីប្រទេសក្នុងរយៈពេល២៤ម៉ោង។ ក្រុមអ្នកវិភាគបានយល់ឃើញថា ការវាយប្រហារនោះមានបំណង ជាការដាក់ពិន័យចំពោះអាល់បានី សម្រាប់ការគាំទ្រដល់ក្រុមប្រឆាំងរបបដឹកនាំអ៉ីរ៉ង់ ហៅថា មូចាហ៉ីឌីន-អេ កាក (Mujahedin-e Khalq ឬ MEK) ដែលមានមូលដ្ឋាននៅទីនោះ៕