(អ៊ីស្លាម៉ាបាដ)៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អាន់តូនីញ៉ូ ហ្គូទែរ៉េស បានអំពាវនាវឱ្យមានការគាំទ្រជាអន្តរជាតិ «ដ៏ធំ» សម្រាប់ប្រទេសប៉ាគីស្ថាន ដែលរងគ្រោះដោយទឹកជំនន់ ខណៈកំពុងបំពេញទស្សនកិច្ចនៅប្រទេសនេះ កាលពីថ្ងៃសុក្រសប្តាហ៍នេះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២២។

ទីក្រុងអ៊ីស្លាម៉ាបាដ បានដាក់ការចំណាយលើការខូចខាតទាក់ទងនឹងទឹកជំនន់នេះមានចំនួនរហូត ៣០ពាន់លានដុល្លារ។

ភ្លៀងខ្យល់មូសុង និងផ្ទាំងទឹកកករលាយនៅលើភ្នំភាគខាងជើង បានបង្កជាទឹកជំនន់ ដែលបានហូរកាត់ផ្ទះសម្បែងប្រជាជន ផ្លូវថ្នល់ ផ្លូវរថភ្លើង ស្ពាន កសិដ្ឋានចិញ្ចឹមសត្វ និងដំណាំផ្សេងៗ និងបានសម្លាប់មនុស្សប្រហែល ១,៤០០នាក់។

តំបន់ដ៏ធំល្វឹងល្វើយ នៃប្រទេសនេះត្រូវបានជន់លិច ហើយមនុស្សរាប់សែននាក់ត្រូវបានបង្ខំ ឱ្យចាកចេញពីផ្ទះរបស់ពួកគេ។ រដ្ឋាភិបាលនិយាយថា ជីវិតមនុស្សជិត ៣៣លាននាក់ត្រូវបានរំខាន។ ទាំងរដ្ឋាភិបាលប៉ាគីស្ថាន និងអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Guterres បានស្តីបន្ទោសការជន់លិចនេះថា មកពីការប្រែប្រួលអាកាសធាតុ៕