(សេអ៊ូល)៖ កូរ៉េខាងជើង នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះបានអនុម័តច្បាប់ថ្មីមួយដោយតែងតាំងខ្លួនជា «រដ្ឋអាវុធនុយក្លេអ៊ែរ» ជាការសម្រេចចិត្តមួយដែលត្រូវបានលោក គីម ជុងអ៊ុន អះអាងថា «មិនអាចកែប្រែបាន» ជាដាច់ខាត។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA ដែលបានឱ្យដឹងថាច្បាប់ថ្មីខាងលើនេះត្រូវបានអនុម័តដោយ សភាជាតិកូរ៉េខាងជើង ចំពេលដែលក្រុមមន្ត្រីអាមេរិក និងកូរ៉េខាងត្បូងបានព្រមានថាកូរ៉េខាងជើងកំពុងត្រៀមធ្វើតេស្ដនុយក្លេអ៊ែរឡើងវិញជាលើកដំបូង គិតចាប់តាំងពីឆ្នាំ២០១៧មក។

* អ្វីទៅជាច្បាប់នុយក្លេអ៊ែរថ្មីរបស់កូរ៉េខាងជើង?
បើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA តាមរយៈច្បាប់ថ្មីនេះ ទីក្រុងព្យុងយ៉ាងនឹងបើកការវាយប្រហារដោយប្រើអាវុធនុយក្លេអ៊ែរដោយស្វ័យប្រវត្តិ និងភ្លាមៗ ជាការ បង្ការទុកជាមុន ប្រសិនបើសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ព្យាយាមទម្លាក់លោក គីម ជុងអ៊ុនពីអំណាច។ ច្បាប់ថ្មីនេះបានបញ្ជាក់ទៀតថា ខណៈឃ្លាំងអាវុធនុយក្លេអ៊ែររបស់ កូរ៉េខាងជើងជាវិធានការកំញើញសត្រូវ អាវុធដ៏ប្រល័យនេះក៏អាចនឹងត្រូវបានប្រើប្រាស់ផងដែរ ក្នុងករណីការវាយប្រហារដោយអាវុធនុយក្លេអ៊ែរ ឬមិនមែននុយក្លេអ៊ែរ ប្រឆាំងនឹងមេដឹកនាំកូរ៉េខាងជើង ត្រូវបានធ្វើឡើង ឬក៏ស្ថិតនៅក្នុងស្ថានភាពដែលអាចនឹងកើតឡើងភ្លាមៗ។

បន្ថែមពីលើនេះ ហាក់ដូចជាសារព្រមានទៅកាន់កូរ៉េខាងត្បូង ច្បាប់នុយក្លេអ៊ែរថ្មីរបស់លោក គីម ជុងអ៊ុន បានចែងដែរថាកូរ៉េខាងជើងនឹងមិនប្រើអាវុធនុយក្លេអ៊ែរ​ប្រឆាំងនឹង​រដ្ឋ ឬក៏ប្រទេសណាមួយដែលមិនមានអាវុធនុយក្លេអ៊ែរឡើយ។ ក៏ប៉ុន្តែ អាវុធនុយក្លេអ៊ែរនឹងត្រូវបានប្រើដោយស្វ័យប្រវត្តិ ប្រសិនជាប្រទេសទាំងនោះ​ហ៊ានបើកការ​វាយប្រហារលើ កូរ៉េខាងជើង ដោយគប់គិតជាមួយមហាអំណាចនុយក្លេអ៊ែរដទៃ ក្នុងនោះរួមមានទាំងសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តអាមេរិកដូចជាកូរ៉េខាងត្បូង។ តាមពិតទៅ លោក គីម ជុងអ៊ុន បានបង្ហើបពីផែនការអនុម័តលើការអនុម័តច្បាប់អាវុធនុយក្លេអ៊ែរនេះ​តាំងតែកាលពីប៉ុន្មានខែមុនមកម្ល៉េះ។ នៅក្នុងសុន្ទរកថា​នាឱកាសចូល​រួម​ក្នុងព្យុហយាត្រាយោធាមួយ កាលពី ខែមេសាកន្លងទៅនេះ លោក គីម បានសន្យាថានឹងបង្កើនឃ្លាំងអាវុធនុយក្លេអ៊ែរ ជាមួយល្បឿនដ៏លឿនបំផុតតាម​ដែល​អាចធ្វើទៅ​បាន ហើយអាវុធទាំងនេះទៀតសោតនឹង មិនមែនត្រឹមតែប្រើដើម្បីកំញើញប៉ុណ្ណោះទេ តែក៏អាចប្រើដែរបើមានកម្លាំងខាងក្រៅណាមួយចង់បំពាន​លើប្រយោជន៍​ជាមូលដ្ឋានរបស់កូរ៉េខាងជើង។

ដោយមានច្បាប់ថ្មីនេះ កូរ៉េខាងជើងបានប្រែក្លាយគោលនយោបាយរបស់ខ្លួន ទៅជាច្បាប់នុយក្លេអ៊ែរ។ «ហើយការធ្វើបែបនេះបានបញ្ជាក់យ៉ាងច្បាស់ថាវានឹងមិនមានទៀត ឡើយកិច្ចចរចាស្ដីពីការរំសាយអាវុធនុយក្លេអ៊ែរ»។ នេះជាការកត់សម្គាល់របស់លោក គីម ជុងអ៊ុន ក្នុងសុន្ទរកថាមួយទៅកាន់សភាជាតិ កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍​នេះដោយ បន្ថែមថាកូរ៉េខាងជើងនឹងមិនបោះបង់ចោលអាវុធនុយក្លេអ៊ែរជាដាច់ខាត រហូតទាល់តែមានការផ្លាស់ប្ដូរបរិយាកាសនយោបាយ និងយោធា ជុំវិញឧបទ្វីបកូរ៉េ​សព្វថ្ងៃដែលលោក ផ្ទាល់ថាបានបង្ខំឱ្យកូរ៉េខាងជើងអភិវឌ្ឍអាវុធនុយក្លេអ៊ែរ។

ជុំវិញការអនុម័តច្បាប់នុយក្លេអ៊ែរថ្មីនេះដែរ លោក ជុង សឹង ចាង (Cheong Seong-chang) ជានាយកមជ្ឈមណ្ឌលសិក្សាពីកូរ៉េខាងជើង នៃវិទ្យាស្ថានសេជុង Sejong មាន មូលដ្ឋានក្នុងប្រទេសកូរ៉េខាងត្បូង យល់ថាការប្រកាសអមជាមួយការគំរាមវាយប្រហារប្រឆាំងនឹងការប៉ុនប៉ងផ្ដួលរំលំរបបដឹកនាំលោក គីម ជុងអ៊ុន គឺឆ្លុះបញ្ចាំងឱ្យឃើញថា ទីក្រុងព្យុងយ៉ាង កាន់តែមានទំនុកចិត្តលើសមត្ថភាពអាវុធនុយក្លេអ៊ែររបស់ខ្លួន។ លោក ជុង បានសង្កត់ធ្ងន់ដូច្នេះថា «បច្ចុប្បន្ន កូរ៉េខាងជើងបានបញ្ជាក់កាន់តែច្បាស់នៅក្នុង ច្បាប់មួយដែលថាខ្លួនអាចនឹងប្រើអាវុធនុយក្លេអ៊ែរ ឆ្លើយតបទៅនឹងការវាយប្រហារណាមួយ សូម្បីតែពីប្រទេសដែលមិនមានអាវុធនុយក្លេអ៊ែរក៏ដោយ។ នេះបានន័យថាបើមាន ការប៉ះទង្គិចគ្នា ឬគ្រោះថ្នាក់យោធាចៃដន្យធម្មតាណាមួយ នៅលើឧបទ្វីបកូរ៉េ នោះវាអាចនឹងជំរុញឱ្យមានការប្រើអាវុធនុយក្លេអ៊ែរតែម្ដង»។

ចំណែកឯ លោក លីហ្វ អេរីគ អឺសស្លី (Leif-Eric Easley) ជាសាស្រ្តាចារ្យម្នាក់ផ្នែកការសិក្សាអន្តរជាតិមកពីសាកលវិទ្យាល័យ Ewha Womans ក្នុងទីក្រុងសេអ៊ូល ក៏យល់ ដែរថាការអនុម័តច្បាប់នុយក្លេអ៊ែរថ្មីរបស់កូរ៉េខាងជើង វាមានន័យថាចាប់ពីពេលនេះតទៅ បើកូរ៉េខាងជើងយល់ព្រមត្រឡប់ចូលតុចរចាវិញជាមួយសហរដ្ឋអាមេរិក នោះ របបដឹកនាំលោក គីម ជុងអ៊ុន នឹងគ្រាន់តែពិភាក្សាពីការស្វែងរកការធានាសន្តិសុខឱ្យគ្នាទៅវិញទៅមកប៉ុណ្ណោះ ជាជាងជជែកពីការរំសាយអាវុធនុយក្លេអ៊ែរ។ មិនតែប៉ុណ្ណោះ លោក គីម ជុងអ៊ុន ដោយផ្អែកលើច្បាប់ថ្មីក៏រំពឹងដែរថាអាចនឹងជួយកូរ៉េខាងជើង ក្នុងការពង្រឹងទំនាក់ទំនងជាមួយចិន និងរុស្ស៉ី នៅចំពោះមុខភាពតានតឹងខាងភូមិសាស្ត្រ នយោបាយសកលដ៏ក្ដៅគគុក តាមរយៈការប្រកាន់ជំហរតឹងរ៉ឹងជាមួយសហរដ្ឋអាមេរិក។

គួរបញ្ជាក់ថា កូរ៉េខាងជើង បានបញ្ឈប់ការធ្វើតេស្ដអាវុធនុយក្លេអ៊ែរ ចាប់តាំងពីឆ្នាំ២០១៧មក ដើម្បីត្រួសត្រាយផ្លូវបើកកិច្ចចរចាជាមួយសហរដ្ឋអាមេរិក ក្រោមអាណត្តិដឹកនាំ របស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ជាមួយក្ដីរំពឹងថាអាចនឹងទទួលបានការបន្ធូរបន្ថយទណ្ឌកម្មសេដ្ឋកិច្ច។ ក៏ប៉ុន្តែ កិច្ចប្រជុំកំពូលរវាងលោក គីម និងលោក ត្រាំ ទាំងនៅក្នុង ប្រទេសសិង្ហបុរី កាលពីឆ្នាំ២០១៨ និងនៅវៀតណាម ក្នុងឆ្នាំ២០១៩ សុទ្ធតែទទួលបរាជ័យ ហើយក្នុងឆ្នាំ២០២២នេះ របបដឹកនាំលោក គីម ជុងអ៊ុនបានបាញ់ធ្វើតេស្ដបាញ់ មីស៊ីលរាប់សិបគ្រាប់ ខណៈក្រុមមន្ត្រីកូរ៉េខាងត្បូង និងអាមេរិកព្រមានថាកូរ៉េខាងជើងអាចនឹងធ្វើតេស្ដអាវុធនុយក្លេអ៊ែរឡើងវិញ ក្នុងពេលអនាគតដ៏ខ្លី៕