(វ៉ាស៊ីនតោន)៖ ជាមួយនឹងការសោយទីវង្គត់របស់ព្រះមហាក្សត្រីយានី Elizabeth II លោក Joe Biden ទទួលបានភាពខុសប្លែកពីគេ ក្នុងការក្លាយជាប្រធានាធិបតីទី១៣ និងចុងក្រោយបង្អស់របស់សហរដ្ឋអាមេរិក ដែលបានជួបស្ត្រីដែលគ្រងរាជសម្បត្តិរយៈពេលប្រាំពីរទសវត្សរ៍។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី០៩ ខែកញ្ញា ឆ្នាំ២០២២។

ព្រះមហាក្សត្រីដែលបានសោយទីវង្គត់កាលពីថ្ងៃព្រហស្បតិ៍នៅឯព្រះរាជដំណាក់រដូវក្តៅរបស់ទ្រង់ ក្នុងប្រទេសស្កុតលែនក្នុងព្រះជន្ម ៩៦ឆ្នាំ បានជួបជាមួយប្រធានាធិបតីអាមេរិកគ្រប់រូប ចាប់តាំងពី លោក Dwight Eisenhower លើកលែងតែ ប្រធានាធិបតី លោក Lyndon Johnson ដែលមិនបានទៅទស្សនកចិ្ចចក្រភពអង់គ្លេស ក្នុងអំឡុងពេលកាន់តំណែងជាប្រធានាធិបតី។

ព្រះមហាក្សត្រី Elizabeth II នៅពេលដែលទ្រង់បានជួបប្រធានាធិបតីអាមេរិក លោក Harry Truman នៅវ៉ាស៊ីនតោន នៅពេលនោះទ្រង់នៅជាព្រះនាងនៅឡើយទេ។

ព្រះមហាក្សត្រី Elizabeth II បានឡើងគ្រងព្រះសិរីរាជ្យសម្បតិ្តកាលពីព្រះជន្ម២៥ ព្រះវស្សា។ ជារួមព្រះមហាក្សត្រីបានគ្រងព្រះសិរីរាជ្យសម្បត្តិ មានរយៈពេលរហូតដល់ទៅ៧០ឆ្នំា ជាព្រះមហាក្សត្រីដែលសោយរាជ្យបានយូរជាងគេបង្អស់នៅក្នុងប្រវត្តិសាស្រ្តមហាក្សត្រនៃចក្រភពអង់គ្លេស ហើយនិងមហាក្សត្រដទៃទៀតនាពេលបច្ចុប្បន្ននៅជុំវិញពិភពលោក។

ចាប់តំាងពីឆ្នំា១៩៥២នោះមក ព្រះមហាក្សត្រី Elizabeth II បានជួបព្រះសវនាការជាមួយនឹងសម្តេចប៉ាបនៃព្រះសាសនារហូតដល់ទៅ៧អង្គ ហើយក៍បានឆ្លងកាត់ប្រធានាធិបតីអាមេរិករហូតដល់ទៅ១៤រូបឯណោះ។ មិនតែប៉ុណ្ណោះនៅក្នុងរាជ្យរបស់ទ្រង់បានឆ្លងកាត់ នាយករដ្ឋមន្រ្តីអង់គ្លេសរហូតដល់ទៅ១៥រូបឯណោះ៕