(អឺរ៉ុប)៖ ប្រទេស G7 បានដាក់ចេញនូវផែនការថ្មីទៅលើរុស្ស៊ី។ ប្រទេស G7 ចង់កំណត់ពិដានតម្លៃប្រេងរបស់រុស្ស៊ីដែលជាបំណងចង់រារាំងរុស្ស៊ីមិនឱ្យមានប្រាក់ចំណូល ពីវិស័យថាមពលនោះ យកទៅធ្វើសង្គ្រាមក្នុងអ៊ុយក្រែនឡើយ។ តើការចង់កំណត់តម្លៃលើប្រេងរុស្ស៊ីនោះមានរបៀបណាទៅវិញ? រុស្ស៊ីត្រូវគេចោទថាការដែលមាន លទ្ធភាពធ្វើសង្គ្រាមដាក់លើប្រទេសអ៊ុយក្រែនបានគឺដោយសារតែឧស្ម័ន, ការនាំចេញប្រេង ដែលធ្វើឱ្យរុស្ស៊ីអាចមានប្រាក់ដល់ច្រើនសិបពាន់លានដុល្លារ។

នៅក្នុងខែឧសភា ឆ្នាំ២០២២, ថវិកាចំណូលរបស់រុស្ស៊ីដែលបានមកពីការលក់ប្រេង និងឧស្ម័នមានចំនួន២០ពាន់លានដុល្លារ។ ប្រទេសG7 ចង់ធ្វើការទប់ស្កាត់មិនឱ្យ រុស្ស៊ីអាចលក់ប្រេង និងឧស្ម័នទាំងនោះបានទៀត ដោយការប្រើមធ្យោបាយកំណត់ពិដានតម្លៃប្រេងរុស្ស៊ី។ បើពិនិត្យលើកិច្ចព្រមព្រៀងសរសេរលើក្រដាសនោះ មើល ទៅហាក់ដូចជាធម្មតា ដូចជាការសរសេរថាអ្នកទិញទាំងអស់ត្រូវទិញប្រេងក្នុងតម្លៃថោក ជាពិសេសក្នុងការលក់ចុះថោក ដែលទាំងនេះមានន័យថាឧបមាបើសិនជា តម្លៃទីផ្សារកំណត់ថាតម្លៃប្រេងក្នុងមួយធុង១០០ដុល្លារ, ប៉ុន្តែកិច្ចព្រមព្រៀង សរសេរថាគឺគេនឹងមិនឱ្យរុស្ស៊ីអាចលក់តម្លៃដល់១០០ ដុល្លារនោះឡើយ ដោយតម្លៃប្រេង រុស្ស៊ីនឹងត្រូវគេកំណត់នៅក្រោម១០០ដុល្លារឬឱ្យថោក ច្រើនជាងនោះទៀតជាដើមដូចជាតម្លៃធ្លាក់មក៩០ឬ៨០ដុល្លារជាដើម។

ការកំណត់ពិដានតម្លៃប្រេងនេះ នឹងត្រូវស្វែងរកកាសម្រេចដោយអ្នកទិញទាំងអស់គ្នាថែមទៀតដើម្បីការអាចកាត់បន្ថយឬកាត់ផ្តាច់រុស្ស៊ីមិនឱ្យមានប្រាក់ចំណូលពី វិស័យថាមពលយកទៅធ្វើសង្គ្រាមក្នុងអ៊ុយក្រែនឡើយ។ ដូចជាប្រសាសន៍បញ្ជាក់របស់ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula Von Der Leyen ក្នុងសប្តាហ៍នេះ។
ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula Von Der Leyen បានថ្លែងក្នុងកិច្ចប្រជុំគណៈកម្មការអឺរ៉ុបថា «យើងមានបំណងចង់បន្ទាបតម្លៃឧស្ម័ន។ ហេតុដូច្នោះហើយ យើងបានស្នើរកការកំណត់ពិដានតម្លៃប្រេងឧស្ម័នរបស់រុស្ស៊ី ដែលទិសដៅនេះគឺបានបញ្ជាក់នៅទីនេះច្បាស់លាស់ហើយៗ យើងក៏បានដឹងថាទណ្ឌកម្មរបស់យើង គឺកំពុងចាក់ឱ្យចូលជ្រៅក្នុងសេដ្ឋកិច្ច របស់រុស្ស៊ីដែលបានធ្វើឱ្យសេដ្ឋកិច្ចរុស្ស៊ីមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ប៉ុន្តែលោកពូទីនបានបន្តរកប្រាក់ចំណូលខ្លះវិញតាមរយៈ ប្រាក់ចំណូលពីវិស័យថាមពលនេះ, ដូច្នេះ គោលដៅរបស់យើងនៅទីនេះ គឺត្រូវតែកាត់ផ្តាច់ចោលនូវប្រាក់ចំណូលរបស់រុស្ស៊ីដែលជាប្រាក់ត្រូវ លោក ពូទីន ប្រើសម្រាប់ ធ្វើសង្គ្រាមក្នុងអ៊ុយក្រែន»

យោងតាមការបញ្ជាក់របស់លោកស្រី Ursula Von Der Leyen ការកាត់ផ្តាច់ចោលនូវប្រាក់ចំណូលរបស់រុស្ស៊ី គឺជាគោលដៅធំបំផុតរបស់ប្រទេសលោកខាងលិច។ ប៉ុន្តែ ក្នុងការព្យាយាមកាត់បន្ថយបន្តិចម្តងៗក្នុងនយោបាយនោះ ការកំណត់ពិដានតម្លៃប្រេងរុស្ស៊ី គឺជាទិសដៅចំពោះមុខ។ ទោះជាយ៉ាងណាក្តីជាមួយនឹងគោលដៅដែលដាក់ ចេញនេះ លក្ខខណ្ឌមួយត្រូវតម្រូវថា ពិដានតម្លៃប្រេងបើទោះបីជាកំណត់ គឺត្រូវតែខ្ពស់ជាងតម្លៃផលិត បើពុំដូច្នោះទេគឺវាគ្មានសមហេតុផលសម្រាប់រុស្ស៊ី ក្នុងការនាំចេញប្រេងទៅលក់ឡើយ។

*តើផែនការនេះជួយប្រទេសលោកខាងលិចដោយរបៀបណា?

ផែនការនោះនឹងជួយកាត់បន្ថយការចំណេញរបស់រុស្ស៊ីចំពោះការលក់ប្រេង និងនៅជាមួយគ្នានេះផងទៀត ប្រទេសដទៃដែលផលិតប្រេងនឹងមិនមានភាពឈឺចាប់នូវ តម្លៃប្រេងលក់របស់គេឡើយ ដូចជាប្រទេសអារ៉ាប់សាអ៊ូឌីត, អ៊ឹរ៉ាក់ ឬប្រទេសសហភាពអេមីរ៉ាតនោះឡើយ ដែលប្រទេសទាំងនោះនឹងអាចមានលទ្ធភាពនាំប្រេងរបស់ គេចូលមកលក់បានក្នុងទីផ្សារ។ គម្រោងនេះមើលទៅដូចជាសាមញ្ញធម្មតា ប៉ុន្តែការអនុវត្តនឹងមានការលំបាកខ្លាំង។ ការកំណត់ពិដានតម្លៃត្រូវការឱ្យមានអ្នកទិញ គ្រប់គ្នាចូលរួមដែលក្នុងនោះរួមមានចិននិងឥណ្ឌាផងដែរ។ ប្រទេសចិននិងឥណ្ឌា បានបង្កើនការទិញប្រេងច្រើនណាស់ពីរុស្ស៊ីចាប់តាំងពីមានសង្គ្រាមកើតឡើង ក្នុងអ៊ុយក្រែននោះមក។ បើបូកបញ្ចូលតួលេខសារុបដែលប្រទេសទាំង ២បានទិញប្រេងពីរុស្ស៊ីគិតចាប់តាំងពីពេលនោះមក សរុបចំណុះមានប្រមាណជាង១១លាន តោនដែលតម្លៃមានជិតនឹង៩ពាន់លានដុល្លារ។

សំណួរមួយដែលដាក់ចេញមកនាពេលនេះគឺថាតើចិននិងឥណ្ឌាយល់ព្រមលើការកំណត់ពិដានតម្លៃប្រេងរុស្ស៊ីនោះដែរឬទេ? ចម្លើយអាចបង្ហាញមកវិញថាហេតុអ្វី បានជាប្រទេសទាំង២ ត្រូវព្រមធ្វើតាមក្រុមប្រទេសលោកខាងលិចនោះ? ប្រទេសរុស្ស៊ីបានយល់ព្រមលក់ក្នុងតម្លៃថោកទៅឱ្យប្រទេសទាំង២ រួចមកហើយ និងម្យ៉ាង ទៀតមេដឹកនាំរុស្ស៊ីលោក ពូទីន ក៏នឹងមិនសប្បាយចិត្តអំពីពិដានតម្លៃប្រេងនោះផងទៀត។ លោក ពូទីន បានព្រមានថាប្រទេសណាដែលចូលរួមក្នុងការធ្វើកំណត់ពិដាន តម្លៃប្រេងរុស្ស៊ីនេះ នឹងមិនទទួលបានការលក់ប្រេងរបស់រុស្ស៊ីឡើយ។

លោក ពូទីន ក្នុងវេទិកាសេដ្ឋកិច្ចបូព៌ាកាលពីថ្ងៃទី៨ ខែកញ្ញា បានថ្លែងបញ្ជាក់ថា «អ្វីដែលអ្នកបានធ្វើ វាគង់តែនឹងវិលទៅរកអ្នកវិញ។ លោក ពូទីនថ្លែងថាមានប្រទេសខ្លះ ចង់រកធ្វើការសម្រេចអំពីការកំណត់ពិដានតម្លៃនេះ។ វាជាអំពើដ៏ល្ងង់ឆោតមួយ។ ប្រសិនណាបើមានអ្នកណាចង់អនុវត្តនោះ, វាគឺមិនមែនជារឿងល្អសម្រាប់ ពួកគេឡើយ»

សម្តីព្រមានរបស់លោកពូទីននោះ គឺជាការប្រាប់ដល់ប្រទេសដែលធ្លាប់ទិញប្រេងពីរុស្ស៊ីត្រូវគិតដោយប្រុងប្រយ័ត្នចំពោះផលប៉ះទង្គិចលើប្រយោជន៍របស់ខ្លួន។ ប្រទេសឥណ្ឌាក្តី និងប្រទេសចិនក្តី សុទ្ធតែបានទទួលការទិញប្រេងរុស្ស៊ីនូវតម្លៃថោករួចមកហើយ។ ឧបមាបើពិដានតម្លៃប្រេងនោះបានកំណត់ការទម្លាក់ថ្លៃប្រេងរុស្ស៊ី ពិតមែននោះៗ គឺជាដំណើរចូលអន្ទាក់របស់សហរដ្ឋអាមេរិកដែលចង់ឱ្យប្រទេសរុស្ស៊ីចុះខ្សោយឥទ្ធិពល។ សហរដ្ឋអាមេរិកក្នុងការពង្រាយអន្ទាក់របស់ខ្លួនដើម្បីឱ្យរុស្ស៊ី ទន់ខ្សោយឥទ្ធិពល បានព្យាយាមទាញឥណ្ឌា និងចិនដើម្បីឱ្យចូលរួមផងដែរ។

អនុរដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក លោក Wally Adeyemo បានថ្លែងថា «ក្តីសង្ឃឹមរបស់សហរដ្ឋអាមេរិក គឺថាប្រទេសទាំងឡាយដូចជាចិន និងឥណ្ឌាជាដើម គប្បី ត្រូវរួមគ្នាកំណត់ពិដានតម្លៃ ឬបើពុំដូច្នោះទេត្រូវរកផលប្រយោជន៍ពីការរួមគ្នាកំណត់ពិដានតម្លៃនេះ ដើម្បីធ្វើឱ្យតម្លៃទិញប្រេងចុះទាបដែលរុស្ស៊ីនាំចេញយកមកលក់»

សំណួរដែលបានដាក់ចេញមកវិញនោះគឺថា បើសិនជាចិននិងឥណ្ឌាធ្វើតាម នោះរុស្ស៊ីនឹងមិន បិទការលក់ប្រេងដល់ប្រទេសទាំង២ទៅហើយ? ដែលពេលនោះចិន និងឥណ្ឌានឹងមិនបានផលចំណែញឡើយ ហើយក៏មិនដូចនឹងសម្តីរបស់អនុរដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក លោក Wally Adeyemo ដែលនិយាយថា «ត្រូវរកផលប្រយោជន៍ពីការរួមគ្នានូវការកំណត់ពិដានតម្លៃនេះ» ផងដែរ។ សេចក្តីរាយការណ៍បង្ហាញថា ទោះជាយ៉ាងណាក៏ដោយឥណ្ឌានៅមិនទាន់បានបញ្ជាក់ ទាំងស្រុងតបវិញចំពោះការទាត់ចោលនូវសំណើរបស់ប្រទេស G7 ដែលចង់ឱ្យឥណ្ឌាចូលរួមក្នុងការកំណត់ពិដានតម្លៃប្រេងរុស្ស៊ីនោះឡើយ។
រដ្ឋមន្ត្រីក្រសួងប្រេងឥណ្ឌា បាននិយាយថា គេនឹងសិក្សាលើសំណើនៃគំរោងនេះ និងនៅជាមួយគ្នានេះទៀត រដ្ឋមន្ត្រីឥណ្ឌាបានបញ្ជាក់ជំហររបស់ខ្លួនតបទៅវិញថា រុស្ស៊ីនឹងបន្តការទិញប្រេងរុស្ស៊ីតាមភាពចាំបាច់របស់ខ្លួន។ ចំណែកប្រទេសចិនវិញ បើទោះបីជាមិនទាន់មានការបង្ហាញឥរិយាបថណាមួយជុំវិញសំណើរបស់ប្រទេស G7 គឺគេអាចដឹងទុកជាមុនថាចិននឹងមិនទទួលយកនូវសំណើកំណត់ពិដានតម្លៃនោះឡើយ។ ដូច្នេះបើសិនជាគ្មានការគាំទ្រពីប្រទេសចិន និងឥណ្ឌានោះទេសំណើកំណត់ ពិដានតម្លៃប្រេងរុស្ស៊ី នឹងមិនអាចធ្វើទៅបានឡើយ, ហើយបំណងដែលចង់កាត់ផ្តាច់ប្រាក់ចំណូលរុស្ស៊ីពីការលក់ប្រេង និងឧស្ម័នគឺនឹងជួបភាពបរាជ័យ ជាមិនខានឡើយ។

*តើក្រុមប្រទេសលោកខាងលិច នឹងត្រូវធ្វើដំណើរយ៉ាងម៉េចទៀត?

ប្រទេសលោកខាងលិចនឹងអាចប្រើវិធីម្យ៉ាងទៀតនៃជំរើសនៃការប្រើវិចារណញ្ញាណ Rational Option។ ប្រាក់ចំណូលរបស់រុស្ស៊ីពីការលក់ប្រេងមានការកើនខ្ពស់ ដោយសារតែតម្លៃប្រេងកាន់តែឡើងថ្លៃដោយសារតែទណ្ឌកម្មរបស់អឺរ៉ុប បានផ្តល់លទ្ធផលមិនល្អចំពោះអឺរ៉ុបវិញ។ ដូច្នេះការព្យាយាមកាត់បន្ថយប្រាក់ចំណូលរុស្ស៊ី ទទួលបានមកពីការលក់ឧស្ម័ន និងប្រេងដែលក្រុមប្រទេសលោកខាងលិចបានប្រឹងប្រែងធ្វើច្រើនខែមកនេះ នៅមិនទាន់ទទួលអាចជោគជ័យឡើយ។ តាមពិតដើម្បី បង្កើនប្រេងនាំចេញ, ប្រទេស OPEC ដែលផលិតប្រេងគួរតែបង្កើនការផលិតប្រេង ប៉ុន្តែប្រទេស OPEC បានបញ្ជាក់ទៀតថាគេមិនព្រមបង្កើនការផលិតប្រេងច្រើន ទៀតឡើយ។

ប្រទេស OPEC នៅក្នុងសប្តាហ៍នេះ ថែមទាំងបានយល់ព្រមគ្នាលើការកាត់បន្ថយការផលិតប្រេងថែមទៀត ខណៈដែលមិនព្រមបង្កើនការផលិតទៅហើយនោះ។ ដូច្នេះជំរើសតែមួយគត់ដើម្បីធ្វើការកំណត់ថ្លៃប្រេងនោះ គឺត្រូវប្រមូលអ្នកផលិតប្រេងផង ដែលដើម្បីធ្វើការជួបជុំគ្នា។ ប៉ុន្តែប្រទេសអ៊ីរ៉ង់ និងប្រទេសវ៉េណេស៊ុយអេឡា ដែលរងនឹងទណ្ឌកម្មរបស់ប្រទេសលោកខាងលិចពិតជានឹងមិនបានចូលរួមប្រជុំឡើយ ដោយសារតែប្រទេសទាំង២ ត្រូវបានគេហាមឃាត់មិនឱ្យមានការនាំប្រេងចេញ ទៅលក់លើសកលលោកឡើយ។ ប្រសិនណាបើគេដកទណ្ឌកម្មចេញពីប្រទេសទាំង២នោះវិញ តម្លៃប្រេងលើទីផ្សារទំនងនឹងអាចធ្លាក់ចុះវិញ។ សមត្ថភាពរបស់អ៊ីរ៉ង់ នៅក្នុងការផលិតប្រេងមានចំណុះជិត៣លាន៨សែន ធុងក្នុងមួយថ្ងៃ, ចំណែកប្រទេសវ៉េណេស៊ុយអេឡា ផលិតជិត៧សែនធុងក្នុងមួយថ្ងៃៗនោះផងដែរ។
ប្រសិនណាបើប្រេងនៃប្រទេសទាំង២ នឹងត្រូវគេអនុញ្ញាតឱ្យយកចូលទៅលក់ក្នុង ទីផ្សារមែននោះ តម្លៃប្រេងនឹងអាចធ្លាក់ចុះវិញ។ ប៉ុន្តែក្រុមប្រទេសលោកខាងលិច ពិតជានឹងមិនអនុញ្ញាតការលើកចេញនូវទណ្ឌកម្ម នោះឡើយ។ ក្រុមប្រទេសលោកខាងលិច មិនដែលគិតពីផលប្រយោជន៍ប្រទេសដទៃជាងប្រយោជន៍របស់ខ្លួន នោះទេ។ ប្រទេសលោកខាងលិច នឹងមិនបោះបង់ចោលផលប្រយោជន៍របស់ពួកគេដែលចង់កាត់ផ្តាច់ប្រាក់ចំណូលរុស្ស៊ីបានមកពីវិស័យថាមពលនោះឡើយ ដូច្នេះហេតុអ្វីបានជាលោកខាងលិច បែរមកត្រូវជំរុញឱ្យចិន និងរុស្ស៊ីបាត់បង់ផលប្រយោជន៍ ដោយសារចង់រកកិច្ចសហការកំណត់ពិដានតម្លៃប្រេងរុស្ស៊ីនោះ?