(មូស្គូ)៖ ក្រសួងការបរទេសរុស្ស៉ី នៅថ្ងៃសុក្រនេះបានប្រកាសថា ខ្លួនកំពុងតាមដានយ៉ាងដិតដល់ រាល់សកម្មភាពយោធានៅលើឧបទ្វីបកូរ៉េ បន្ទាប់ពីកូរ៉េខាងជើងទើបនឹងបានប្រកាសអំពីច្បាប់ថ្មី ដែលផ្តល់សិទ្ធិប្រើអាវុធនុយក្លេអ៊ែរទុកជាមុន ក្នុងករណីចាំបាច់។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី៩ ខែកញ្ញា ឆ្នាំ២០២២២។

ដោយដកស្រង់ប្រភពចេញពីក្រសួងការបរទេសរុស្ស៉ី ទីភ្នាក់ងារសារព័ត៌មានរដ្ឋ RIA របស់រុស្ស៉ី បានរាយការណ៍ថា ស្ថានការណ៍ប្រែប្រួលថ្មីបង្កឡើងដោយសហរដ្ឋអាមេរិក បានធ្វើឲ្យមានការលំបាកក្នុងការបញ្ចុះបញ្ចូលកូរ៉េខាងជើង ឲ្យគិតថាសន្តិសុខនៃប្រទេសរបស់ខ្លួន អាចត្រូវធានាបានតាមច្រកនយោបាយការទូត ជាជាងមធ្យោបាយយោធា ហើយបានចោទប្រកាន់ទីក្រុងវ៉ាស៉ីនតោនថា ជាអ្នកធ្វើឲ្យមានអស្ថិរភាពនៅលើឧបទ្វីបកូរ៉េ។

គួរបញ្ជាក់ថា សភារបស់កូរ៉េខាងជើង បានអនុម័តច្បាប់ដែលកំណត់សិទ្ធិ ប្រើប្រាស់ការវាយប្រហារដោយនុយក្លេអ៊ែរជាមុន ដើម្បីការពារខ្លួន ជាអ្វីដែលមេដឹកនាំ លោក គីម ជុងអ៊ុន និយាយថា ច្បាប់នេះនឹងធ្វើឲ្យភាពចាំបាច់នៃការប្រើប្រាស់នុយក្លេអ៊ែររបស់ខ្លួន «មិនអាចបំផ្លាញបាន» និងអាចរារាំងរាល់កិច្ចពិភាក្សា ស្តីពីការរំសាយអាវុធនុយក្លេអ៊ែរ។ វាក៏អនុញ្ញាតឱ្យមានការវាយប្រហារនុយក្លេអ៊ែរទុកជាមុន ប្រឆាំងនឹងផែនការប្រើអាវុធប្រល័យលោក ឬប្រឆាំងនឹង «គោលដៅយុទ្ធសាស្ត្រ» របស់ប្រទេសណាមួយ ដែលត្រូវបានរកឃើញផងដែរ៕