(អ៉ីស្តង់ប៊ុល)៖ ប្រធានាធិបតីតួកគី លោក តាយីព អឺដូហ្កាន់ (Tayyip Erdogan) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា ថ្នាក់ដឹកនាំម្នាក់នៃក្រុមភេរវករ ISIS ឈ្មោះ បាសា ហាតាប់ ហ្គាហ្សាល់ អាល់ ស៊ូមៃដៃ (Bashar Hattab Ghazal al Sumaidai) ដែលមានរហស្សនាមថា ម៉ាស់ស្ទឺ ស៉ីអ៉ីត (Master Zeyd) ឬ អាប៊ូ ស៉ីអីត (Abu Zeyd) ត្រូវកងកម្លាំងសន្តិសុខរបស់តួកគី ចាប់ខ្លួនបាននៅក្នុងប្រទេសរបស់លោក។ នេះបើយោងតាមកដកស្រង់ផ្សាយចេញពីសារព័ត៌មានរុស្ស៉ី RT នៅថ្ងៃសុក្រ ទី៩ ខែកញ្ញា ឆ្នាំ២០២២។

ការបញ្ជាក់របស់ប្រធានាធិបតីតួកគីខាងលើនេះ ធ្វើឡើងកំលុងពេលដែលលោកត្រលប់មកពី បំពេញទស្សនកិច្ចនៅតំបន់បាល់កង់ វិញ។ លោក អឺដូហ្កាន់ បានគូសបញ្ជាក់ថា «បុគ្គលដែលត្រូវបានចាប់ខ្លួនគឺមេដឹកនាំដ៏សំខាន់មួយរូប នៃក្រុម ISIS បន្ទាប់ពី អាប៊ូ បាក អាល់ ប៊ែកដាឌី (Abu Bakr al-Baghdadi) ដែលជាស្ថាបនិករបស់ក្រុម ISIS ហើយបានសម្លាប់ខ្លួនឯងដោយការបំផ្ទុះអត្តឃាត កាលពីឆ្នាំ២០១៩ អំឡុងពេលនៃការវាយឆ្មក់របស់សហរដ្ឋអាមេរិក លើទីតាំងលាក់ខ្លួនរបស់លោក នៅក្នុងខេត្តអ៉ីតលីប ប្រទេសស៉ីរី»

លោក អឺដូហ្គាន់ បានពន្យល់ថា អាជ្ញាធរបានតាមដានទំនាក់ទំនងរបស់បុគ្គលខាងលើ ក្នុងប្រទេសតួកគី និងស៉ីរី ហើយបានរកឃើញថា បុគ្គលនេះមានផែនការចូលក្នុងប្រទេសរបស់លោក ដោយខុសច្បាប់។ ក្រោយចាប់ខ្លួន អាល់ ស៊ូមៃដៃ កំពុងស្ថិតក្រោមការសួរចម្លើយ ដោយស្ថាប័នស៉ើបការណ៍ជាតិរបស់តួកគី និងនាយកដ្ឋានប៉ូលិសនៃទីក្រុងអ៉ីស្តង់ប៊ុល។

គួរបញ្ជាក់ថា ជន អាល់ ស៊ូមៃដៃ មានឈ្មោះជាអ្នកដែលអាចបន្តវេន ពីមេដឹកនាំក្រុម ISIS ឈ្មោះ អាប៊ូ អាប្រាហ៉ីម អាល់ ហាសេមី អាល់ គូរ៉ៃស៉ី (Abu Ibrahim al-Hashemi al-Quraishi) ដែលដូចទៅនឹងអតីតមេដឹកនាំ ប៊ែកដាឌី គឺត្រូវគេអះអាងថាបានបំផ្ទុះខ្លួនស្លាប់ កំលុងប្រតិបត្តិការវាយឆ្មក់មួយរបស់សហរដ្ឋអាមេរិក កាលពីខែកុម្ភៈ ឆ្នាំ២០២២៕