(អ៉ីស្លាម៉ាបាដ)៖ អគ្គលេខាធិការនៃអង្គការសហប្រជាជាតិ (UN) លោក អាន់តូនីញ៉ូ ហ្គូតឺរ៉េស (Antonio Guterres) នៅថ្ងៃសុក្រនេះ បានធ្វើដំណើរមកដល់ប្រទេសប៉ាគីស្ថាន ដើម្បីផ្តល់ជាការគាំទ្រដល់ចំណាត់ការឆ្លើយតប ចំពោះវិបត្តិគ្រោះទឹកជំនន់ដ៏សែនអាក្រក់ ហើយលោកនឹងត្រូវជួបពិភាក្សាជាមួយ នាយករដ្ឋមន្រ្តីប៉ាគីស្ថាន លោក សេបាស សារីហ្វ (Shehbaz Sharif) ព្រមទាំងធ្វើទស្សនកិច្ច ទៅកាន់តំបន់ជន់លិច។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី៩ ខែកញ្ញា ឆ្នាំ២០២២។

បាតុភូតភ្លៀងធ្លាក់ខ្លាំងជោគជាំជាកំណត់ត្រា និងការរលាយទឹកកកនៅតំបន់ភ្នំភាគខាងជើង ដែលរដ្ឋាភិបាលប៉ាគីស្ថានអះអាងថា សុទ្ធតែបណ្តាលមកពី បញ្ហាប្រែប្រួលអាកាសធាតុនោះ បានបង្កឱ្យមានគ្រោះទឹកជំនន់យ៉ាងធ្ងន់ធ្ងរ ដែលបានជន់លិចផ្ទះសម្បែង ផ្លូវថ្នល់ ផ្លូវរថភ្លើង ស្ពាន សត្វ ផលដំណាំ និងផ្តាច់ជីវិតមនុស្សកើនដល់ប្រហែល ១,៤០០នាក់។ រដ្ឋាភិបាលប៉ាគីស្ថានបានឱ្យដឹងថា ផ្ទៃដីមួយផ្នែកភ្នំនៃប្រទេសកំពុងបន្តស្ថិតនៅក្រោមទឹក ហើយប្រជាជនរាប់សែននាក់ ត្រូវបានបង្ខំឱ្យចាកចេញពីលំនៅឋានរបស់ពួកគេ ខណៈជីវិតមនុស្សខ្ទង់ ៣៣លាននាក់ បានទទួលរងផលប៉ះពាល់។

លោក ហ្គូតឺរ៉េស បាននិយាយដូច្នេះថា «ខ្ញុំបានមកដល់ប៉ាគីស្ថានហើយ ដើម្បីបង្ហាញសាមគ្គីភាពយ៉ាងជ្រាលជ្រៅ ជាមួយប្រជាជនប៉ាគីស្ថាន ចំពោះមុខមហន្តរាយគ្រោះទឹកជំនន់នេះ»។ ទស្សនកិច្ចរបស់លោក នឹងមានរយៈពេល២ថ្ងៃ។ អង្គការសហប្រជាជាតិ ក៏បានបើកយុទ្ធនាការរៃអង្គាសថវិកា ជាជំហានដំបូងចំនួន១៦០លានដុល្លារ ដើម្បីជួយប៉ាគីស្ថានផងដែរ ប៉ុន្តែទីក្រុងអ៉ីស្លាម៉ាបាដ បានប៉ាន់ប្រមាណថា ទំហំនៃការខូចខាតដែលបង្កឡើងដោយគ្រោះទឹកជំនន់ គឺប្រហែល១០ពាន់លានដុល្លារឯណោះ។

គួរបញ្ជាក់ថា កាលពីខែកក្កដា និងខែសីហា កន្លងទៅ ប៉ាគីស្ថានទទួលរងទឹកភ្លៀងក្នុងកម្រិត៣៩១មីលីម៉ែត្រ ឬស្មើនឹងជិត១៩០% ច្រើនជាង កម្រិតជាមធ្យមនៃរយៈពេល៣០ឆ្នាំចុងក្រោយ។ រីឯខេត្តសីន (Sindh) នៅភាគខាងត្បូង គឺបានមើលឃើញការធ្លាក់ភ្លៀង ក្នុងកម្រិតដល់ជាង៤៦៦% ច្រើនជាងកម្រិតមធ្យម។ អង្គការសុខភាពពិភពលោក បាននិយាយថា ប្រជាជនប៉ាគីស្ថានជាង ៦.៤លាននាក់ ត្រូវការជាចាំបាច់នូវ ជំនួយផ្នែកមនុស្សធម៌នៅតាមតំបន់ជន់លិច៕