(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ សហរដ្ឋអាមេរិកបានប្រកាសដាក់ទណ្ឌកម្មលើក្រុមហ៊ុនអ៉ីរ៉ង់មួយ ដែលត្រូវបានចោទថា ជួយសម្របសម្រួលដល់ការដឹកជញ្ជូនដ្រូនរបស់អ៉ីរ៉ង់ ទៅកាន់ប្រទេសរុស្ស៉ី ព្រមទាំងលើក្រុមហ៊ុន៣ផ្សេងទៀត ដែលជាប់ពាក់ព័ន្ធ ក្នុងការផលិតដ្រូនរបស់អ៉ីរ៉ង់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី៩ ខែកញ្ញា ឆ្នាំ២០២២។

កន្លងមកនេះ ទីក្រុងវ៉ាស៉ីនតោនបានចោទអ៉ីរ៉ង់អំពី ការផ្គត់ផ្គង់ដ្រូនឱ្យទៅរុស្ស៉ី សម្រាប់ការប្រើប្រាស់ក្នុងសង្រ្គាមនៅអ៊ុយក្រែន ខណៈវាជាការចោទប្រកាន់ ដែលទីក្រុងតេហេរ៉ងបានបដិសេធ។ យោងតាមសេចក្តីថ្លែងការណ៍ របស់ក្រសួងហិរញ្ញវត្ថុអាមេរិក ក្រុមហ៊ុនអ៉ីរ៉ង់ដែលជាប់ទណ្ឌកម្ម ពីបទជួយសម្រួលជើងហោះហើរដឹកជញ្ជូនដ្រូន រវាងអ៉ីរ៉ង់និងរុស្ស៉ី មានឈ្មោះថា Safiran Airport Services។

ចំណែកក្រុមហ៊ុនអ៉ីរ៉ង់៣ទៀត រួមមាន Paravar Pars Company, Design and Manufacturing of Aircraft Engines និង Baharestan Kish Company ក៏រងទណ្ឌកម្មរបស់អាមេរិកផងដែរ ពីបទជាប់ពាក់ព័ន្ធក្នុងការងារស្រាវជ្រាវ អភិវឌ្ឍន៍ និងការផលិត ក៏ដូចជាទិញនៃដ្រូនរបស់អ៉ីរ៉ង់។

គួរបញ្ជាក់ថា ក្នុងចំណោមនោះ ក្រសួងហិរញ្ញវត្ថុអាមេរិក បានចង្អុលចំក្រុមហ៊ុន Paravar Pars ជាងគេ សម្រាប់ការពាក់ព័ន្ធ ក្នុងការងារចម្លងបច្ចេកវិទ្យាដ្រូន របស់អាមេរិកនិងអ៉ីស្រាអែល។ បើតាមសេចក្តីរាយការណ៍ របស់ទីភ្នាក់ងារព័ត៌មាន Reuters ដ្រូនអ៉ីរ៉ង់មួយចំនួន គឺផ្អែកលើដ្រូនមកពីប្រទេសដទៃ រួមមានទាំងដ្រូនឈ្លបការណ៍ម៉ូដែល RQ-170 Sentinel របស់អាមេរិក ដែលអ៉ីរ៉ង់រឹបអូសបាន កាលពីឆ្នាំ២០១១៕