(ពិភពលោក)៖ ម្ចាស់ក្សត្រិយ៍ អេលីហ្សាបេតទី២ (Queen Elizabeth II) ដែលទើបតែសោយទិវង្គតនៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២២ គឺជាព្រះមហាក្សត្រិយ៍និងប្រមុខរដ្ឋ នៃប្រទេសសរុបចំនួន១៤ផ្សេងទៀត ក្រៅពីចក្រភពអង់គ្លេស កាលពីទ្រង់នៅមានព្រះជន្ម។

ប្រទេសទាំង១៤នោះ មានទាំងប្រទេសធំៗ ក៏ដូចជាប្រទេសតូចៗ ដែលស្ថិតតំបន់សមុទ្រការីបង់ (Caribbean Sea) និងប៉ាស៉ីហ្វិក៖

១. កាណាដា (Canada)

២. អូស្រ្តាលី (Australia)

៣. នូវែលសេឡង់ (New Zealand)

៤. អង់ទីហ្កានិងបាប៊ុយដា (Antigua and Barbuda)

៥. បាហាម៉ា (Bahamas)

៦. បេលី (Belize)

៧. ហ្រ្គើណាដ (Grenada)

៨. ហ្សាម៉ាអ៉ីក (Jamaica)

៩. ប៉ាពូអាស៉ីនូវែលហ្គីណេ (Papua New Guinea)

១០. សាំងគីតនិងណេវីស (Saint Kitts and Nevis)

១១. សាំងលូស៊ី (Saint Lucia)

១២. សាំងវិនសិននិងដឹហ្គ្រើណាឌីន (Saint Vicent and the Grenadines)

១៣. ស៉ូឡូម៉ុន (Solomon Islands)

១៤. ទូវ៉ាលូ (Tuvalu)

ប្រទេសទាំងអស់នេះ ស្ថិតនៅក្នុងអង្គការអន្តររដ្ឋាភិបាលមួយហៅថា សហធនរដ្ឋ (Commonwealth of Nations) ដែលមានសមាជិកសរុប ៥៤ប្រទេស ហើយភាគច្រើនជា អតីតដែនដីអាណានិគមរបស់ចក្រភពអង់គ្លេស។ តាមពិតទៅ បើគិតអំលុងរយៈកាលគ្រងរាជ្យជាង៧០ឆ្នាំរបស់ទ្រង់ទាំងមូលវិញ គឺចាប់តាំងតែពីឆ្នាំ១៩៥២មក ម្ចាស់ក្សត្រិយ៍ Elizabeth II ធ្លាប់គង់ជាព្រះមហាក្សត្រិយ៍និងជាប្រមុខរដ្ឋ នៃប្រទេសសរុបចំនួន ៣១ផ្សេងទៀត ក្រៅពីចក្រភពអង់គ្លេស ប៉ុន្តែមកទល់ត្រឹមពេលទ្រង់ចូលទិវង្គត ១៧ប្រទេសក្នុងចំណោមនោះ លែងទទួលស្គាល់ម្ចាស់ក្សត្រី ជាប្រមុខរដ្ឋតទៀតហើយ។

គួរបញ្ជាក់ថា ពេលនេះ ព្រះបុត្រាច្បងរបស់ទ្រង់ គឺព្រះអង្គម្ចាស់ ឆាល (Charles) ព្រះជន្ម៧៣ព្រះវស្សា ដែលឡើងជាព្រះមហាក្សត្រចក្រភពអង់គ្លេសថ្មី ដោយមានព្រះនាមជា ស្តេច ឆាលទី៣ (Charles III) ក៏ត្រូវក្លាយជាប្រមុខរដ្ឋនៃប្រទេសទាំង១៤ ខាងលើផងដែរ។ យ៉ាងណាមិញ ក្រោយម្ចាស់ក្សតិយ៍ Elizabeth II សោយទិវង្គតបែបនេះ វាមិនទាន់ច្បាស់នៅឡើយទេថា តើនាពេលអនាគត ប្រទេសទាំងនោះសម្រេចនឹងបន្តឬលែងបន្ត ទទួលស្គាល់ស្តេច ឆាល ជាប្រមុខរដ្ឋនៃប្រទេសពួកគេ៕