(ញូដេលី)៖ កងទ័ពឥណ្ឌា និងចិន បានចាប់ផ្តើមដកខ្លួនចេញពីតំបន់ព្រំដែន ហ្គូក្រា ហតស្ព្រីង (Gogra-Hotsprings) ស្ថិតនៅភាគខាងលិចតំបន់ជួរភ្នំហិម៉ាឡៃ ហើយ ២ឆ្នាំក្រោយការប៉ះទង្គិចគ្នានៅព្រំដែន ដែលបង្កឲ្យមានភាពតានតឹងផ្នែកការទូតយ៉ាងខ្លាំងរវាងប្រទេសទាំងពីរ។ នេះបើយោងតាមការចុះផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី៩ ខែកញ្ញា ឆ្នាំ២០២២។

ការសម្រេចដកកងទ័ពចេញខាងលើនេះ ធ្វើឡើងមុនពេលកិច្ចប្រជុំនៅប្រទេសអ៊ូសបេគីស្ថាន ជាទីដែលប្រធានាធិបតីចិន លោក ស៉ី ជិនពីង (Xi Jinping) និងនាយករដ្ឋមន្រ្តីឥណ្ឌា លោក ណារិន ដ្រាម៉ូឌី (Narendra Modi) ត្រូវបានគេរំពឹងថានឹងចូលរួមជាមួយគ្នានៅទីនោះ។ ភាគីទាំងពីរ បានឲ្យដឹងថាដំណើរការ ចាកចេញរបស់កងទ័ព កំពុងប្រព្រឹត្តិទៅតាមច្រករបៀងដែលបានព្រមព្រៀងគ្នា និងតាមការគ្រោងទុក ផ្អែកលើការរក្សាសន្តិភាពនៅព្រំដែន។

មន្រ្តីការពារជាតិឥណ្ឌា បាននិយាយនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា ការប្រឈមមុខដាក់គ្នាត្រូវបានបញ្ចប់ បើទោះបីជាវត្តមានទាហានរាប់ពាន់នៃប្រទេសទាំងពីរ នៅតែមាននៅព្រំដែនរៀងៗខ្លួនក្តី។ រីឯ ក្រសួងការពារជាតិចិន នៅថ្ងៃសុក្រនេះបានឲ្យដឹងដែរថា ទាហានពីភាគីទាំងពីរបានចាប់ផ្តើមដកខ្លួនចេញ ក្នុងពេលជាមួយគ្នា និងតាមគ្រោងទុក។

គួរបញ្ជាក់ថា ឥណ្ឌា និងចិនមានព្រំដែនជាប់គ្នាប្រវែង ៣,៨០០គីឡូម៉ែត្រ ដែលកាលពីមុនកងទ័ពរបស់ពួកគេបានប្រកាន់ខ្ជាប់នូវការបញ្ចៀស នូវការប្រើប្រាស់ អាវុធណាមួយ។ កាលពីខែមិថុនា ឆ្នាំ២០២០ កងទ័ពឥណ្ឌា និងចិនបានប៉ះទង្គិចគ្នា នៅក្នុងតំបន់ហ្កាលវ៉ាន់ (Galwan) នៃតំបន់ឡាដាកហ៍ (Ladakh) ដែលបណ្ដាលឱ្យទាហានឥណ្ឌាយ៉ាងហោច ២០នាក់ និងចិន ៤នាក់ ត្រូវបានសម្លាប់នៅក្នុងវាយប្រយុទ្ធដោយដៃទល់នឹងដៃ និងបង្កភាពតានតឹងយ៉ាងខ្លាំងរវាង ប្រទេសទាំង២ ដែលសុទ្ធសឹងតែមានអាវុធនុយក្លេអ៊ែរ៕