(សេអ៊ូល)៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានបង្ហើបឱ្យដឹងថាប្រទេសរបស់លោកអាចនឹងចាប់ផ្ដើមយុទ្ធនាការចាក់វ៉ាក់សាំងបង្ការកូវីដ១៩ នៅខែវិច្ឆិកា ខាងមុខនេះ។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី៩ ខែកញ្ញា ឆ្នាំ២០២២។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA ធ្វើសេចក្ដីរាយការណ៍ខាងលើនៅថ្ងៃសុក្រនេះ តាមរយៈការស្រង់សម្ដីរបស់លោក គីម ជុងអ៊ុន ដែលបានថ្លែងសុន្ទរកថា ទៅកាន់សភាជាតិកាលពីថ្ងៃព្រហស្បតិ៍។ ថ្លែងនាឱកាសនោះ លោក គីម បានលើកឡើងពីការព្រមានរបស់អង្គការសុខភាពពិភពលោក (WHO) ដែលថាករណីឆ្លង កូវីដ១៩ នារដូវរងាខាងមុខ អាចនឹងមានកើនឡើងជាថ្មី។ មេដឹកនាំកូរ៉េខាងជើងរូបនេះមិនបានបញ្ជាក់អ្វីលម្អិតបន្ថែមនោះទេ ដោយគ្រាន់តែបង្ហើបដូច្នេះថា «គួបផ្សំជាមួយការចាក់វ៉ាក់សាំងបង្ការ យើងគួរតែផ្ដល់អនុសាសន៍ឱ្យប្រជាជនទាំងអស់ពាក់ម៉ាស ដើម្បីការពារសុខភាពរបស់ខ្លួន ចាប់ពីខែវិច្ឆិកាខាងមុខតទៅ»

គួរបញ្ជាក់ថា កូរ៉េខាងជើង មកទល់នឹងពេលនេះមិនទាន់បានទទួលស្គាល់ពីការចាក់វ៉ាក់សាំងបង្ការកូវីដ១៩ ជូនប្រជាជនរបស់ខ្លួននៅឡើយទេ បើទោះជាមាន សេចក្ដីរាយការណ៍ជាច្រើនថាទីក្រុងព្យុងយ៉ាង បានទិញវ៉ាក់សាំងបង្ការមួយចំនួនពីប្រទេសចិន កាលពីប៉ុន្មានខែមុននេះក៏ដោយ៕