(ឡុងដ៍)៖ ព្រះអង្គម្ចាស់ ឆាល (Charles) ដែលជាព្រះរាជបុត្រច្បងនឹងឡើងសោយរាជ្យបន្តជាព្រះមហាក្សត្រអង់គ្លេសថ្មី បន្ទាប់ពីព្រះមាតា គឺព្រះមហាក្សត្រិយ៍ អេលីហ្សាប៊ែតទី២ (Elizabeth II) សោយទិវង្គតកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ក្នុងព្រះជន្ម ៩៦ព្រះវស្សា។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃសុក្រ ទី៩ ខែកញ្ញា ឆ្នាំ២០២២។

ព្រះអង្គម្ចាស់ ឆាល (Charles) ត្រូវបានគេរំពឹងថានឹងត្រូវបានប្រកាសជាព្រះមហាក្សត្រជាផ្លូវការនៅថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ ដោយមានគោរមងារថា «ព្រះមហាក្សត្រឆាលទី៣»។ ព្រះអង្គម្ចាស់ ឆាលនឹងក្លាយជាព្រះមហាក្សត្រដែលមានវ័យចំណាស់ជាងគេ ដែលនឹងបានឡើងគ្រងរាជ្យ ក្នុងប្រវត្តិសាស្ត្រអង់គ្លេស នារយៈពេលជាង ១០០០ឆ្នាំមកនេះ។

ព្រះអង្គម្ចាស់ ឆាល ដែលបច្ចុប្បន្នមានព្រះជន្ម ៧៣វស្សា បានប្រសូតនៅឯព្រះរាជវាំង (Buckingham Palace) ក្នុងទីក្រុងឡុងដ៍ នៅថ្ងៃទី១៤ វិច្ឆិកា ឆ្នាំ១៩៤៨។ ព្រះអង្គជាព្រះរាជបុត្រច្បងរបស់ព្រះមហាក្សត្រិយ៍ អេលីហ្សាប៊ែតទី២ និងព្រះអង្គម្ចាស់ហ្វីលីព។ ព្រះអង្គម្ចាស់ឆាល បានក្លាយជាព្រះរជ្ជទាយាទ នៅពេលមាន ព្រះជន្មត្រឹម ៣វស្សាតែប៉ុណ្ណោះ។ ពោលគឺនៅក្រោយព្រះមាតា ឡើងសោយរាជ្យជាព្រះមហាក្សត្រិយ៍ បន្ទាប់ពីព្រះបិតា គឺព្រះមហាក្សត្រ ចច ទី៦ (King George VI) ចូលទិវង្គត ហើយព្រះអង្គម្ចាស់ ឆាល ក៏ជារជ្ជទាយាទ និងបុត្រដំបូងដែលបានទតឃើញព្រះមាតាឡើងសោយរាជ្យផងដែរ។

ព្រះអង្គម្ចាស់ ឆាល បានសម្រេចព្រះទ័យចូលរៀននៅឯសាលា ជាមួយសិស្សដទៃជាជាងទទួលបានការសិក្សានៅឯព្រះរាជវាំង។ ក្នុងឆ្នាំ១៩៧០ ព្រះអង្គបានបញ្ចប់ ការសិក្សាពីសាកលវិទ្យាល័យ Cambridge ដោយទទួលបានសញ្ញាប័ត្រ Bachelor of Arts ដែលធ្វើឱ្យព្រះអង្គក្លាយជារជ្ជទាយាទអង់គ្លេសដំបូងដែលទទួលបាន សញ្ញាប័ត្រពីសាកលវិទ្យាល័យ។ ក្រោយមកទៀត សាកលវិទ្យាល័យ Cambridge បានប្រគល់សញ្ញាប័ត្រអនុបណ្ឌិត Master of Arts ជូនព្រះអង្គម្ចាស់ឆាល។

ព្រះអង្គម្ចាស់ឆាល បានទទួលគោរមងារជា «Prince of Wales» ពីព្រះមាតាក្នុងឆ្នាំ១៩៦៩ ហើយព្រះអង្គក៏មានតួនាទីទាំងក្នុងជួរកងទ័ពជើងទឹក និងកងទ័ពអាកាសអង់គ្លេស ដោយយកគំរូតាមព្រះបិតាផងដែរ។ ក្នុងឆ្នាំ១៩៨១ ព្រះអង្គម្ចាស់ ឆាល បានរាជអភិសេកជាមួយនារីម្នាក់មកពីគ្រួសារអភិជនមួយដែល មានទំនាក់ទំនងជិតស្និទ្ធជាមួយសែរាជវង្សអង់គ្លេសគឺនាង ដាយអាណា ស្ពិនសឺ (Diana Spencer) ដែលក្រោយមកបានក្លាយជាព្រះនាងម្ចាស់វែល ឬ princess of Wales។ ព្រះអង្គទាំង២ មានបុត្រាពី ២ព្រះអង្គ គឺព្រះអង្គម្ចាស់ William និងព្រះអង្គម្ចាស់ Harry។

ក៏ប៉ុន្តែ ទំនាក់ទំនងស្នេហារវាងព្រះអង្គម្ចាស់ឆាល និងព្រះនាង ដាយអាណា បានប្រេះឆា នៅក្រោយព្រះអង្គម្ចាស់ ឆាល បានមានបន្ទូលនៅក្នុងសៀវភៅមួយថា ព្រះអង្គបានរៀបអភិសេកជាមួយព្រះនាង ដាយអាណា ដោយសាររងសម្ពាធបង្ខំឱ្យពីព្រះបិតា ហើយព្រះអង្គផ្ទាល់មិនបានស្រឡាញ់ព្រះនាងនោះទេ។ តែស្រឡាញ់ នារីម្នាក់ផ្សេងទៀតឈ្មោះ កាមីយ៉ា ផាកឃឺ បូវែល (Camilla Parker Bowles)។ ព្រះម្ចាស់ឆាល និងនាង កាមីយ៉ា ត្រូវបានគេរាយការណ៍ថាមានទំនាក់ទំនង ស្នេហានឹងគ្នា ក្នុងឆ្នាំ១៩៨៦។

រហូតដល់នៅឆ្នាំ១៩៩២ ទើបព្រះអង្គម្ចាស់ឆាល និងព្រះនាងដាយអាណា សម្រេចិត្តចែកផ្លូវគ្នា ហើយចំណងអាពាហ៍ពិពាហ៍រវាងអ្នកទាំង២ ត្រូវបានបិទបញ្ចប់ ៤ឆ្នាំក្រោយមកទៀត។ ព្រះនាង ដាយអាណា បានចាត់ទុកនាងកាមីយ៉ា គឺជាជនទី៣។ នៅឆ្នាំ១៩៩៧ ព្រះនាងដាយអាណា បានបាត់បង់ជីវិតនៅក្នុងគ្រោះថ្នាក់ ចរាចរណ៍មួយ នៅឯទីក្រុងបារីស ប្រទេសបារាំង ហើយនៅឆ្នាំ២០០៥ ព្រះអង្គម្ចាស់ឆាល បានរៀបអភិសេកជាមួយនាង កាមីយ៉ាដែលបានក្លាយជាព្រះនាងម្ចាស់ Duchess of Cornwall៕