(សេអ៊ូល)៖ ប្រទេសកូរ៉េខាងជើងបានអនុម័តច្បាប់ដែលកំណត់សិទ្ធិ ប្រើប្រាស់ការវាយប្រហារដោយនុយក្លេអ៊ែរជាមុនដើម្បីការពារខ្លួន ដែលមេដឹកនាំ លោក គីម ជុងអ៊ុន បាននិយាយថា ច្បាប់នេះនឹងធ្វើឲ្យភាពចាំបាច់នៃការប្រើប្រាស់នុយក្លេអ៊ែររបស់ខ្លួន «មិនអាចបំផ្លាញបាន» និងអាចរារាំងរាល់កិច្ចពិភាក្សាស្តីពីការរំសាយអាវុធនុយក្លេអ៊ែរ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី៩ ខែកញ្ញា ឆ្នាំ២០២២។

ចំណាត់ការខាងលើនេះកើតមានឡើងចំពេលដែលអ្នកសង្កេតការណ៍ និយាយថា កូរ៉េខាងជើង ហាក់ដូចជាកំពុងរៀបចំឡើងវិញនូការធ្វើតេស្តនុយក្លេអ៊ែរជាលើកដំបូង គិតចាប់តាំងពីឆ្នាំ២០១៧មក។ ទីភ្នាក់ងារសារព័ត៌មានរដ្ឋ KCNA បានរាយការណ៍នៅថ្ងៃសុក្រនេះថា សភាកូរ៉េខាងជើងបានអនុម័តច្បាប់នេះ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ។

ថ្លែងទៅកាន់សមាជិកសភា លោក គីម ជុងអ៊ុន បានគូសបញ្ជាក់ថា «សារៈសំខាន់នៃការបង្កើតច្បាប់នេះគឺដើម្បីកំណត់លក្ខខណ្ឌចាំបាច់ ដើម្បីកុំឲ្យមានកិច្ចចរចាលើកម្មវិធីនុយក្លេអ៊ែររបស់យើង»។ ច្បាប់នេះក៏ហាមប្រាមនូវការចែករំលែកអាវុធនុយក្លេអ៊ែរ ឬបច្ចេកវិទ្យាជាមួយ ប្រទេសដទៃទៀត ជាដើម។

គួរបញ្ជាក់ថា កន្លងមកកូរ៉េខាងជើងបានកំណត់ដាក់ប្រទេស ជារដ្ឋអាវុធនុយក្លេអ៊ែរក្នុងរដ្ឋធម្មនុញ្ញរបស់ខ្លួនរួចទៅហើយ ប៉ុន្តែច្បាប់ថ្មីនេះគឺបានបញ្ជាក់បន្ថែមពីពេលវេលាណា ដែលត្រូវប្រើអាវុធនុយក្លេអ៊ែរ រួមទាំងការឆ្លើយតបទៅនឹងការវាយប្រហារ ឬបញ្ឈប់ការឈ្លានពាន ណាមួយ។ វាក៏អនុញ្ញាតឱ្យមានការវាយប្រហារនុយក្លេអ៊ែរទុកជាមុន ប្រឆាំងនឹងផែនការប្រើអាវុធប្រល័យលោក ឬប្រឆាំងនឹង «គោលដៅយុទ្ធសាស្ត្រ» របស់ប្រទេសណាមួយ ដែលត្រូវបានរកឃើញផងដែរ៕