(ឡុងដ៍)៖ ព្រះអង្គម្ចាស់ ឆាល Charles ដែលជាព្រះរាជបុត្រច្បង នឹងឡើងសោយរាជ្យបន្តជាព្រះមហាក្សត្រអង់គ្លេស បន្ទាប់ពីព្រះមាតាគឺព្រះមហាក្សត្រិយ៍ អេលីហ្សាប៊ែត ទី២ (Elizabeth II) សោយទិវង្គតកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ក្នុងព្រះជន្ម ៩៦ព្រះវស្សា។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃសុក្រ ទី៩ ខែកញ្ញា ឆ្នាំ២០២២។

ព្រះអង្គម្ចាស់ ឆាល (Charles) ត្រូវបានគេរំពឹងថានឹងត្រូវបានប្រកាសជាព្រះមហាក្សត្រជាផ្លូវការនៅថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ ដោយមានគោរមងារថា ព្រះមហាក្សត្រឆាលទី៣។ ព្រះអង្គម្ចាស់ ឆាល មានព្រះជន្ម៧៣ព្រះវស្សា នឹងក្លាយជាព្រះមហាក្សត្រដែលមានវ័យចំណាស់ជាងគេដែលនឹងបានឡើងគ្រងរាជ្យ ក្នុងប្រវត្តិសាស្ត្រអង់គ្លេសក្នុងរយៈពេលជាង ១០០០ឆ្នាំមកនេះ។

គួរបញ្ជាក់ថា ខណៈព្រះអង្គម្ចាស់ ឆាល (Charles) នឹងក្លាយជាព្រះមហាក្សត្រឆាលទី៣ រាជវង្សអង់គ្លេសក៏បានបញ្ចេញបញ្ជីព្រះនាមនៃព្រះអង្គម្ចាស់ដែលត្រូវស្នង រាជ្យបន្តក្នុងនោះរួមមាន៖ ព្រះអង្គម្ចាស់វីលៀម (Prince William) ព្រះជន្ម៤០វស្សា, ព្រះអង្គម្ចាស់ ចច ព្រះជន្ម ៩វស្សា (Prince George) ព្រះនាងម្ចាស់ ឈាឡុត ព្រះជន្ម៧វស្សា (Princess Charlotte) និងព្រះអង្គម្ចាស់ល្វីស ព្រះជន្ម ៤វស្សា (Prince Louis)៕