(មូស្គូ)៖ រុស្ស៉ី នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បានទាមទារឲ្យសហរដ្ឋអាមេរិក និងអង់គ្លេស ផ្តល់ភស្តុតាងជុំវិញការចោទប្រកាន់របស់ពួកគេ ដែលថាទីក្រុងម៉ូស្គូកំពុងស្វែងរកការទិញយន្តហោះដ្រូន (drone) ពីប្រទេសអ៊ីរ៉ង់ និងគ្រាប់រ៉ុក្កែត ក៏ដូចជាកាំភ្លើងធំ ពីប្រទេសកូរ៉េខាងជើង សម្រាប់ប្រើប្រាស់ក្នុងសង្រ្គាមនៅអ៊ុយក្រែន។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី៩ ខែកញ្ញា ឆ្នាំ២០២២។

នៅចំពោះមុខក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UN) ឯកអគ្គរដ្ឋទូតរងសហរដ្ឋអាមេរិក លោក រីឆាដ មីលស៍ (Richard Mills) បានលើកឡើងពីការចោទប្រកាន់របស់សហរដ្ឋអាមេរិក ថាអ៊ីរ៉ង់បានផ្គត់ផ្គង់យន្តហោះដ្រូនដល់រុស្ស៊ី ជាអ្វីដែលទីក្រុងតេអេរ៉ង់បានបដិសេធ។ ជាមួយគ្នានេះ ទីក្រុងវ៉ាស៊ីនតោនក៏បានចោទប្រកាន់ទីក្រុងមូស្គូថា កំពុងស្ថិតក្នុងដំណើរការក្នុងការទិញគ្រាប់រ៉ុក្កែត និងកាំភ្លើងធំរាប់លានគ្រឿងពីប្រទេសកូរ៉េខាងជើង ផងដែរ។

រីឯ ឯកអគ្គរដ្ឋទូតចក្រភពអង់គ្លេសប្រចាំ UN លោកស្រី បាបារ៉ា វូដវឺដ (Barbara Woodward) បាននិយាយថា រុស្ស៊ីកំពុងងាកទៅរកប្រទេសអ៊ីរ៉ង់ ដើម្បីផ្គត់ផ្គង់យន្តហោះដ្រូន UAVs ដែលជាការរំលោភយ៉ាងច្បាស់លើការដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ ដល់ប្រទេសកូរ៉េខាងជើង ក្នុងការផ្គត់ផ្គង់គ្រាប់រំសេវ។

ជុំវិញការលើកឡើងខាងលើនេះ ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំ UN លោក វ៉ាស់ស៉ីលី ណេបិនហ្ស៉ីយ៉ា (Vassily Nebenzia) បានប្រាប់សមាជិកក្រុមប្រឹក្សាសន្តិសុខ យ៉ាងដូច្នេះថា «ខ្ញុំសូមស្នើពួកគេឥឡូវនេះ ឲ្យផ្តល់ភស្តុតាងដល់សមាជិកទាំងអស់គ្នា ឬទទួលស្គាល់ថាពួកគេកំពុងផ្សព្វផ្សាយព័ត៌មានដែលមិនគួរឱ្យទុកចិត្ត»

គួរបញ្ជាក់ថា រុស្ស៊ីបានស្នើកោះប្រជុំក្រុមប្រឹក្សាសន្តិសុខ ស្តីពីអ៊ុយក្រែនក្នុងរយៈពេលជាច្រើនថ្ងៃមកនេះ ដើម្បីពិភាក្សាអំពីការផ្គត់ផ្គង់អាវុធរបស់បរទេសដល់ទីក្រុងកៀវ។ សហរដ្ឋអាមេរិក អង់គ្លេស បារាំង និងប្រទេសដទៃទៀត បានឡើងការពារការផ្តល់ជំនួយយោធារាប់ពាន់លានដុល្លារ ដែលបានប្រគល់ឲ្យអ៊ុយក្រែនចាប់តាំងពីកងកម្លាំងរុស្ស៊ីបើកការវាយប្រហារ នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២៕