(ឡុងដ៍)៖ ព្រះរាជវាំង Buckingham ប្រកាសថា ព្រះមហាក្សត្រិយ៍ Elizabeth II របស់ប្រទេសអង់គ្លេស បានសោយទិវង្គតហើយ នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ក្នុងព្រះជន្ម៩៦ព្រះវស្សា។ នេះបើតាមសារព័ត៌មាន Sky News និង BBC។

ព្រះមហាក្សត្រិយ៍ Elizabeth II ត្រូវបានគេស្គាល់ទ្រង់ថា ជាព្រះមហាក្សត្រីនៃចក្រភពអង់គ្លេស ហើយក៏ជាក្សត្រីគ្រងលើរាជបុរីប្រមាណជា១៤ រាជបុរីផ្សេងទៀតនៅលើពិភពលោក។

យោងតាមព្រះរាជប្រវត្តិផ្លូវការរបស់ទ្រង់បានឱ្យដឹងថា ព្រះមហាក្សត្រីយ៍ Elizabeth II ទ្រង់ប្រសូត្រកាលពីថ្ងៃទី២១ ខែមេសា ឆ្នំា១៩២៦ បើគិតមកដល់ឆ្នំា២០២២នេះ ទ្រង់មានព្រះជន្មាយុ៩៦ព្រះវស្សាហើយ។ ទ្រង់បានរាជាភិសេកកាលពីខែវិច្ឆិកា ឆ្នាំ១៩៤៧ ជាមួយនឹងព្រះអង្គម្ចាស់ ហ្វីលីព ម៉ោនបាតធិន (Philip Mountbatten)។

នៅក្នុងកិច្ចព្រះរាជអាវាហមង្គលជាមួយនឹងព្រះអង្គម្ចាស់ Philip Mountbatten ព្រះមហាក្សត្រីយ៍ Elizabeth II បានផ្តល់កំណើតឱ្យព្រះរាជបុត្រា បុត្រីចំនួន៤ព្រះអង្គ។ ព្រះរាជអាវាហមង្គលនេះ មានរយៈពេល៧៣ឆ្នំា រហូតដល់ការសោយទិវង្គតរបស់ព្រះអង្គម្ចាស់ Philip Mountbatten កាលពីខែមេសា ឆ្នាំ២០២១។

ព្រះមហាក្សត្រិយ៍ Elizabeth II បានឡើងគ្រងព្រះសិរីរាជ្យសម្បតិ្តកាលពីព្រះជន្ម២៥ ព្រះវស្សា នៅឆ្នាំ១៩៥២ បន្ទាប់ពីព្រះបិតា គឺព្រះមហាក្សត្រ ចច ទី៦ (George VI) ចូលទិវង្គត។ ជារួមព្រះមហាក្សត្រិយ៍បានគ្រងព្រះសិរីរាជ្យសម្បត្តិ មានរយៈពេលរហូតដល់ទៅ៧០ឆ្នាំ ជាព្រះមហាក្សត្រីយ៍ ដែលសោយរាជ្យបានយូរជាងគេបង្អស់នៅក្នុងប្រវត្តិសាស្រ្តមហាក្សត្រនៃចក្រភពអង់គ្លេស ហើយនិងមហាក្សត្រដទៃទៀតនាពេលបច្ចុប្បន្ន នៅជុំវិញពិភពលោក។

ចាប់តំាងពីឆ្នាំ១៩៥២នោះមក ព្រះមហាក្សត្រិយ៍ Elizabeth II បានជួបព្រះសវនាការជាមួយនឹងសម្តេចប៉ាបនៃព្រះសាសនារហូតដល់ទៅ៧អង្គ ហើយក៍បានទទួលស្វាគមន៍ចំពោះលោកប្រធានាធិបតីអាមេរិករហូតដល់ទៅ១៤រូបឯណោះ។ មិនតែប៉ុណ្ណោះនៅក្នុងរាជ្យរបស់ទ្រង់បានឆ្លងកាត់ នាយករដ្ឋមន្រ្តីអង់គ្លេសរហូតដល់ទៅ១៥រូបឯណោះ៕