(ឡង់ដ៍)៖ ព្រះអង្គម្ចាស់ Charles និងព្រះអង្គម្ចាស់ William បានធ្វើដំណើរទៅប្រទេសស្កុតឡេនហើយ ដើម្បីទៅសួរសុខទុក្ខព្រះមហាក្សត្រីយានី Elizabeth II ចំពេលមានសេចក្តីរាយការណ៍អំពីសុខភាពរបស់ទ្រង់ដែលកាន់តែយ៉ាប់យ៉ឺន។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន BBC នៅថ្ងៃព្រហស្បិ៍ ទី០៨ ខែកញ្ញា ឆ្នាំ២០២២។

ព្រះអង្គម្ចាស់ Harry និងព្រះនាង Meghan ក៏កំពុងធ្វើដំណើរទៅកាន់វិមាន Balmoral នៅប្រទេសស្កុតឡេនផងដែរ ដើម្បីសួរសុខទុក្ខព្រះមហាក្សត្រី។

គួរបញ្ជាក់ថា ព្រះរាជវាំង Buckingham បាននិយាយថា ព្រះមហាក្សត្រិយានីកំពុងស្ថិតនៅក្រោមការត្រួតពិនិត្យផ្នែកវេជ្ជសាស្ត្រ នៅឯវិមាន Balmoral បន្ទាប់ពីគ្រូពេទ្យបានព្រួយបារម្ភ ចំពោះព្រះរាជសុខភាពរបស់ព្រះអង្គ។

ព្រះមហាក្សត្រីដែលមានព្រះជន្ម ៩៦វស្សា បានពន្យារពេលកិច្ចប្រជុំតាម Zoom របស់ទ្រង់ ជាមួយក្រុមប្រឹក្សាឯកជនកាលពីយប់ថ្ងៃពុធ បន្ទាប់ពីត្រូវបានគេណែនាំឱ្យសម្រាករយៈពេល ២៤ម៉ោង។

កាលពីថ្ងៃអង្គារសប្តាហ៍នេះ ព្រះមហាក្សត្រី Elizabeth II បានជួបអតីតនាយករដ្ឋមន្ត្រី លោក Boris Johnson មុនពេលបានតែងតាំងនាយករដ្ឋមន្ត្រីថ្មី លោកស្រី Liz Truss នៅវិមាន Balmoral ជាលើកដំបូង ក្នុងរជ្ជកាលរបស់ព្រះអង្គក្នុងការបំបែកប្រពៃណី៕