(ឡង់ដ៍)៖ ព្រះរាជវាំង Buckingham បាននិយាយថា ព្រះមហាក្សត្រិយានីកំពុងស្ថិតនៅក្រោមការត្រួតពិនិត្យផ្នែកវេជ្ជសាស្ត្រ នៅឯវិមាន Balmoral បន្ទាប់ពីគ្រូពេទ្យបានព្រួយបារម្ភ ចំពោះព្រះរាជសុខភាពរបស់ព្រះអង្គ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Skynews នៅថ្ងៃព្រហស្បតិ៍ ទី០៨ ខែកញ្ញា ឆ្នាំ២០២២។

ព្រះរាជវាំង Buckingham បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «បន្ទាប់ពីការវាយតម្លៃបន្ថែមនៅព្រឹកនេះ គ្រូពេទ្យរបស់ព្រះមហាក្សត្រិយានី មានការព្រួយបារម្ភចំពោះសុខភាពរបស់ព្រះអង្គ ហើយបានផ្តល់អនុសាសន៍ឱ្យទ្រង់ បន្តស្ថិតក្រោមការត្រួតពិនិត្យផ្នែកវេជ្ជសាស្ត្រ»

ព្រះមហាក្សត្រីដែលមានព្រះជន្ម ៩៦វស្សា បានពន្យារពេលកិច្ចប្រជុំតាម Zoom របស់ទ្រង់ ជាមួយក្រុមប្រឹក្សាឯកជនកាលពីយប់ថ្ងៃពុធ បន្ទាប់ពីត្រូវបានគេណែនាំឱ្យសម្រាករយៈពេល ២៤ម៉ោង។

កាលពីថ្ងៃអង្គារសប្តាហ៍នេះ ព្រះមហាក្សត្រី Elizabeth II បានជួបអតីតនាយករដ្ឋមន្ត្រី លោក Boris Johnson មុនពេលបានតែងតាំងនាយករដ្ឋមន្ត្រីថ្មី លោកស្រី Liz Truss នៅវិមាន Balmoral ជាលើកដំបូង ក្នុងរជ្ជកាលរបស់ព្រះអង្គក្នុងការបំបែកប្រពៃណី៕