(កៀវ)៖ រដ្ឋមន្រ្តីការបរទេសអាមេរិក លោក អាន់តូនី ប្លីងកិន (Antony Blinken) នៅថ្ងៃព្រហស្បតិ៍នេះ បានប្រកាសអំពី កញ្ចប់ជំនួយយោធាទំហំធំថ្មីមួយ មានតម្លៃជាង ២ពាន់លានដុល្លារអាមេរិក សម្រាប់អ៊ុយក្រែន និងប្រទេសអឺរ៉ុបជាច្រើនទៀត ដែលរងការគំរាមកំហែងពីរុស្ស៉ី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AP នៅថ្ងៃព្រហស្បតិ៍ ទី៨ ខែកញ្ញា ឆ្នាំ២០២២។

លោក ប្លីងកិន បានប្រាប់ថា រដ្ឋបាលប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នឹងផ្តល់ជំនួយយោធារយៈពេលវែងទំហំ ២ពាន់លានដុល្លារ ដល់អ៊ុយក្រែនព្រមទាំងប្រទេស១៨ផ្សេងទៀត នៅតំបន់អឺរ៉ុប ក្នុងនោះរួមមានទាំងសមាជិកអង្គការណាតូ (NATO) និងដៃគូសន្តិសុខក្នុងតំបន់ ដែលស្ថិតក្រោមហានិភ័យខ្ពស់ ពីការរំលោភបំពានដោយប្រទេសរុស្ស៉ី នាពេលអនាគត។

លោកប្រមុខការបរទេសអាមេរិក បានប្រកាសពីដំណឹងខាងលើ កំលុងជំនួបជាមួយក្រុមមន្រ្តីជាន់ខ្ពស់អ៊ុយក្រែន នៅទីក្រុងកៀវ ក្នុងដំណើរទស្សនកិច្ចមួយ ដែលពុំត្រូវបានប្រកាសឱ្យដឹងជាមុនឡើយ។ ក្នុងថ្ងៃដដែលនេះ រដ្ឋមន្រ្តីការពារជាតិអាមេរិក លោក ឡយ អូស្ទីន (Lloyd Austin) ក៏បានប្រកាសផងដែរអំពីការផ្តល់សព្វាវុធបន្ថែម គិតជាទឹកប្រាក់ស្មើនឹង ៦៧៥លានដុល្លារ ក្នុងសន្និសីទមួយ នៅឯប្រទេសអាល្លឺម៉ង់។ កញ្ចប់ជំនួយសព្វាវុធនោះរួមមាន កាំភ្លើងធំហោវីតសឺ, គ្រាប់កាំភ្លើងធំ, រថយន្តយោធា, រថពាសដែក និងប្រព័ន្ធប្រឆាំងរថក្រោះ ព្រមទាំងបរិក្ខារផ្សេងៗទៀត។

គួរបញ្ជាក់ថា ការផ្គត់ផ្គង់សព្វាវុធបន្ថែមទំហំ៦៧៥លានដុល្លារ ដែលប្រកាសដោយលោក អូស្ទីន គឺដាច់ដោយឡែកពីកញ្ចប់ជំនួយទំហំ ២ពាន់ដុល្លារ ដែលប្រកាសដោយ លោក ប្លីងកិន។ សម្រាប់ជំនួយ២ពាន់លានដុល្លារនោះ គឺមិនមានការបញ្ជាក់ច្បាស់ឡើយថា អ៊ុយក្រែននឹងទទួលបានប៉ុន្មាន ហើយប្រទេសអឺរ៉ុបណាខ្លះ ក្រៅពីអ៊ុយក្រែនដែលនឹងទទួលបាន។ យ៉ាងណាក្តី ការប្រកាសនាថ្ងៃព្រហស្បតិ៍នេះ នាំឱ្យការផ្តល់ជំនួយយោធារបស់ទីក្រុងវ៉ាស៉ីនតោន សម្រាប់ទីក្រុងកៀវ កើនដល់ ១៥.២ពាន់លានដុល្លារ គិតចាប់តាំងពីលោក បៃដិន ឡើងកាន់អំណាច ខណៈបើគិតចាប់តាំងពីការឈ្លានពានរបស់រុស្ស៉ីវិញ គឺកើនដល់ជាង១០ពាន់លានដុល្លារ៕