(បែរឡាំង)៖ រដ្ឋមន្រ្តីការពារជាតិអាមេរិក លោក ឡយ អូស្ទីន (Lloyd Austin) នៅថ្ងៃព្រហស្បតិ៍នេះ បានឱ្យដឹងថា សហរដ្ឋអាមេរិក បានអនុម័តការផ្គត់ផ្គង់គ្រឿងសព្វាវុធ គិតជាទឹកប្រាក់ស្មើនឹង៦៧៥លានដុល្លារបន្ថែមទៀត ដល់ប្រទេសអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Aljazeera នៅថ្ងៃព្រហស្បតិ៍ ទី៨ ខែកញ្ញា ឆ្នាំ២០២២។

លោក អូស្ទីន បានធ្វើសេចក្តីប្រកាសដូចខាងលើ ពេលកំពុងបើកកិច្ចប្រជុំជាមួយបណ្តាប្រទេសជាសម្ព័ន្ធមិត្ត នៅឯមូលដ្ឋានយោធា រែមស្តែន (Ramstein) របស់អាមេរិក ក្នុងប្រទេសអាល្លឺម៉ង់។ នៅក្នុងកិច្ចពិភាក្សាជុំថ្មី នៃកិច្ចប្រជុំស្តីពីការជួយជ្រោមជ្រែងដល់ យោធារបស់អ៊ុយក្រែន គឺមានការចូលរួមពីសំណាក់ អគ្គលេខាធិការនៃអង្គការណាតូ (NATO) លោក ជែន ស្តូលថិនបឺហ្គ (Jens Stoltenberg) ព្រមទាំងរដ្ឋមន្រ្តីការពារជាតិ និងប្រមុខយោធា មកពីប្រទេសសរុបជាង៤០។

គួរបញ្ជាក់ថា ចាប់តាំងពីសង្រ្គាមនៅអ៊ុយក្រែនផ្ទុះឡើងមក សហរដ្ឋអាមេរិកបានផ្ដល់ជំនួយយោធាសរុបយ៉ាងហោចជាង ១០ពាន់លានដុល្លារហើយ ដល់រដ្ឋាភិបាលរបស់ប្រធានាធិបតីអ៊ុយក្រែន លោក ហ្សេលេនស្គី៕