(ប៉េកាំង)៖ តើអ្នកណាទើបជា «ពួក Hacker» តាមបណ្តាញអ៊ីនធឺណែតដ៏ធំបំផុតនៅទូទាំងពិភពលោក? នៅថ្ងៃទី ៥ ខែកញ្ញា មជ្ឈមណ្ឌលជាតិដោះស្រាយបន្ទាន់ចំពោះវីរុសកុំព្យូទ័រ នៃប្រទេសចិននិងក្រុមបច្ចេកវិទ្យាចម្រុះនៃក្រុមហ៊ុន Qihoo ៣៦០ បានចេញផ្សាយដោយឡែកពីគ្នានូវរបាយការណ៍ស៊ើបអង្កេត អំពីហេតុការណ៍ដែលសកលវិទ្យាល័យឧស្សាហកម្មភាគពាយ័ព្យប្រទេសចិន រងការវាយប្រហារតាមបណ្តាញអ៊ីនធឺណែតពីបរទេស ដែលបានបន្ថែមភស្តុតាងថ្មីម្តងទៀត។

ការស៊ើបអង្កេតបានរកឃើញថា ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមក ការិយាល័យប្រតិបតិ្តការលុកលុយជាពិសេសហៅកាត់ TAO ស្ថិតនៅក្រោមឱវាទរបស់ទីភ្នាក់ងារសន្តិសុខសហរដ្ឋអាមេរិក ហៅកាត់ NSA បានធ្វើការវាយប្រហារតាមបណ្តាញអ៊ីនធឺណែត ដោយចេតនាអាក្រក់ចំនួនជាង ១ ម៉ឺនលើកទៅលើបណ្តាញអ៊ីនធឺណែតរបស់ប្រទេសចិន ហើយបានគ្រប់គ្រងបរិក្ខារបណ្តាញអ៊ីនធឺណែតរាប់ម៉ឺនគ្រឿង ព្រមទាំងបានលួចយកទិន្នន័យដ៏មានតម្លៃខ្ពស់ទំហំលើសពី ១៤០ GB ទៀតផង។

របាយការណ៍ទាំងពីរច្បាប់នេះបានបង្ហាញថា តាមការវិភាគផ្នែកបច្ចេកទេសនិងការតាមដានប្រភព នៃមជ្ឈមណ្ឌលជាតិដោះស្រាយបន្ទាន់ចំពោះ វីរុសកុំព្យូទ័រនៃប្រទេសចិននិងក្រុមបច្ចេកវិទ្យាចម្រុះ នៃក្រុមហ៊ុន Qihoo ៣៦០ ឱ្យដឹងថា ភស្តុតាងនៃរឿងដែលទីភ្នាក់ងារសន្តិសុខជាតិអាមេរិក ធ្វើការវាយប្រហារតាមបណ្តាញអ៊ីនធឺណែត និងលួចយកទិន្នន័យសម្ងាត់របស់ចិន គឺ ច្បាស់លាស់និងពេញលេញ ភស្តុតាងទាំងនេះបូករួមទាំងបុគ្គលិកចំនួន ១៣ នាក់ដែលបានធ្វើការវាយប្រហារតាមបណ្តាញអ៊ីនធឺណែត ទៅលើប្រទេសចិនដោយផ្ទាល់ពីក្នុងប្រទេសអាមេរិក ព្រមនិងកិច្ចសន្យាជាង ៦០ ច្បាប់ដែលបានចុះហត្ថលេខាជាមួយប្រតិបត្តិករទូរគមនាគមន៍អាមេរិក ដើម្បីបង្កើតបរិយាកាសវាយប្រហារតាមបណ្តាញអ៊ីនធឺណែតនិងឯកសារអេឡិចត្រូនិកជាង ១៧០ ច្បាប់ទៀត។

ចាប់តាំងពីឆ្នាំ ២០១៣ មក រដ្ឋាភិបាលអាមេរិកបានលាបពណ៌លើប្រទេសចិន ជុំវិញបញ្ហាសន្តិសុខបណ្តាញអ៊ីនធឺណែត ពោលគឺ៖មួលបង្កាច់រដ្ឋាភិបាលចិន ដែលបានធ្វើការវាយប្រហារតាមបណ្តាញអ៊ីនធឺណែតដោយផ្ទាល់ ឬដោយប្រយោលទៅលើអាមេរិក ចេញផ្សាយរបាយការណ៍មិនពិតដើម្បីបំភាន់ភ្នែករបស់អ្នកផងទាំងពួង ក្នុងសហគមន៍អន្តរជាតិ ក៏ដូចជាប៉ុនប៉ងបំភានថា ប្រទេសចិនជា «អ្នកបង្កផលប៉ះពាល់» និងសហរដ្ឋអាមេរិកជាអ្វីដែលហៅថា «អ្នករងគ្រោះ» ក្នុងន័យប្រឌិតលេសដើម្បីធ្វើអនុត្តរភាពលើ ប្រទេសចិនក្នុងវិស័យបណ្តាញអ៊ីនធឺណែតនិងឧស្សាហកម្មព័ត៌មានវិទ្យា។

គួររំលឹកថា មិនត្រឹមតែសំដៅចំពោះប្រទេសចិនប៉ុណ្ណោះទេ តាមការទម្លាយជាសាធារណៈបានឱ្យដឹងថា ដៃខ្មៅលួចស្តាប់របស់អាមេរិក ក៏បានលូកចូលនៅទូទាំងពិភពលោក ដែលបួករួមទាំងសម្ព័ន្ធមិត្តរបស់ខ្លួនផងដែរ។ កាលពីខែមិថុនា ឆ្នាំ ២០២១ ក្រុមហ៊ុនវិទ្យុផ្សាយសំឡេងនៃប្រទេសដាណឺម៉ាក ធ្លាប់ផ្សាយអត្ថបទពិសេសមួយ ក្នុងន័យលាតត្រដាងពីការដែលទីភ្នាក់ងារសន្តិសុខជាតិអាមេរិក លួចយកទិន្នន័យដើមនៃបណ្តាញអ៊ីនធឺណែតដាណឺម៉ាក តាមរយៈនាយកដ្ឋានស៊ើបការណ៍នៃក្រសួងការពារជាតិដាណឺម៉ាក ដើម្បីលួចស្តាប់សកម្មភាពអ្នកដឹកនាំ និងមន្ត្រីជាន់ខ្ពស់របស់ប្រទេសសម្ព័ន្ធមិត្តនៅអឺរ៉ុប ក្នុងនោះបូករួមទាំងលោកស្រី Angela Dorothea Merkelនាយករដ្ឋមន្ត្រីអាល្លឺម៉ងផងដែរ។

តាមការផ្សាយដំណឹងនៃទស្សនាវដ្តី «Der Spiegel» របស់អាល្លឺម៉ង់បានឱ្យដឹងថា ទិន្នន័យទូរស័ព្ទនិងបណ្តាញអ៊ីនធឺណែតជាង ៥០០ លានរបស់អាល្លឺម៉ង់ត្រូវបានលួចយកដោយទីភ្នាក់ងារសន្តិសុខសហរដ្ឋអាមេរិក។ល។ ប្រការទាំងនេះមានភស្តុតាង មិនអាចប្រកែកបាន ទីភ្នាក់ងារសន្តិសុខអាមេរិកដែលខ្លួនខុសបែរជាចោទថាគេខុសទើបជា «ពួក Hacker» តាមបណ្តាញអ៊ីនធឺណែតដ៏ធំបំផុតនៅទូទាំងពិភពលោក ។

របាយការណ៍ស៊ើបអង្កេតអំពីហេតុការណ៍ ដែលសកលវិទ្យាល័យឧស្សាហកម្មភាគពាយ័ព្យប្រទេសចិន រងការវាយប្រហារតាមបណ្តាញអ៊ីនធឺណែត ដែលចេញផ្សាយដោយរដ្ឋាភិបាលចិនលើកនេះ បានបង្ហាញពីការប្តេជ្ញាចិត្តរបស់ចិន ក្នុងការមិនអត់ឱនឱ្យអំពើលួចយកការសម្ងាត់ តាមបណ្តាញអ៊ីនធឺណែតជាដាច់ខាត និងអនុវត្តគោលនយោបាយការពារយ៉ាងសកម្ម។

បណ្តាប្រទេសទាំងអស់ដែលស្នេហាសន្តិភាពនៅលើពិភពលោក គួរតែចាត់ប្រតិបត្តិការជាក់ស្តែងដើម្បីធ្វើពហិការយ៉ាងដាច់ខាត ចំពោះអនុត្តរភាពតាមបណ្តាញអ៊ីនធឺណែតរបស់អាមេរិក និងជំរុញបណ្តាញអ៊ីនធឺណែតដែលប្រកបដោយ ភាពស្អាតស្អំជូនដល់ពិភពលោក៕

វិទ្យុមិត្តភាពកម្ពុជាចិន