(ស៉ីដនី)៖ រដ្ឋាភិបាលនៃប្រទេសដីកោះសូឡូម៉ុន បានចោទប្រកាន់អូស្រ្តាលីពីបទ «ជ្រៀតជ្រែក» ក្រោយការប្រកាសស្នើផ្តល់នូវមូលនិធិសម្រាប់ការបោះឆ្នោតបន្ទាប់របស់សូឡូម៉ុន ខណៈដែលសភានៃប្រទេសនេះកំពុងពិចារណាលើសេចក្តីព្រាងច្បាប់ សំដៅកែប្រែរដ្ឋធម្មនុញ្ញ ដើម្បីពន្យារពេលបោះឆ្នោត។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី៦ ខែកញ្ញា ឆ្នាំ២០២២។

រដ្ឋាភិបាលរបស់នាយករដ្ឋមន្រ្តី លោក ម៉ាណាសេហ៍ សូហ្កាវ៉ារ៉េ (Manasseh Sogavare) កំពុងប្រឈមមុខនឹងភាពតានតឹងកាន់តែខ្លាំង ក្នុងចំណោមប្រជាជននៃកោះនេះ បន្ទាប់ពីបានដាក់សំណើទៅកាន់សភា អំពីកែប្រែរដ្ឋធម្មនុញ្ញ ដែលនឹងពន្យារពេលរំលាយសភា ដែលបច្ចុប្ប ន្នត្រូវប្រព្រឹត្តទៅនៅខែឧសភា ឆ្នាំ២០២៣។ សភាសូឡូម៉ុន អាចនឹងសម្រេចលើសេចក្តីព្រាងច្បាប់នេះ នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ។

រដ្ឋមន្រ្តីការបរទេសអូស្រ្តាលី លោកស្រី ផេននី វង់ (Penny Wong) បាននិយាយនៅថ្ងៃអង្គារនេះថា អូស្រ្តាលីបានស្នើផ្តល់ហិរញ្ញប្បទាន ដល់ការបោះឆ្នោតបន្ទាប់របស់សូឡូម៉ុន ក្រោយលោក សូហ្កាវ៉ារ៉េ បាននិយាយថា ប្រទេសរបស់លោក មិនមានលទ្ធភាពក្នុងការផ្តល់មូលនិធិសម្រាប់ការប្រកួតកីឡាប៉ាស៉ីហ្វិក និងការបោះឆ្នោត ក្នុងឆ្នាំតែមួយឡើយ។ លោក សូហ្កាវ៉ា ចង់ឲ្យការបោះឆ្នោត ធ្វើឡើងនៅខែមីនា ឆ្នាំ២០២៤ ឯណោះ ប៉ុន្តែការពន្យារពេលនេះ ទទួលរងនូវការរិះគន់ពីសំណាក់គណបក្សប្រឆាំង។

គួរបញ្ជាក់ថា ទំនាក់ទំនងរវាងសូឡូម៉ុន និងអូស្រ្តាលី ជួបនឹងភាពតានតឹង ក្រោយពេលដែលសូឡូម៉ុន សម្រេចចុះកិច្ចព្រមព្រៀងសន្តិសុខ ជាមួយប្រទេសចិន ដែលបានបង្កើនការព្រួយបារម្ភក្នុងចំណោមសម្ព័ន្ធមិត្តសហរដ្ឋអាមេរិក អំពីការបង្កើនឥទ្ធិពលរបស់ចិន ក្នុងតំបន់កោះប៉ាស៉ីហ្វិក៕