(ប៉េកាំង)៖ ថ្ងៃទី៥ ខែកញ្ញា អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិននិងក្រុមហ៊ុនផ្តល់សេវាកម្មផ្សាយបន្តផ្ទាល់ នៃការប្រកួតកីឡាអូឡាំពិក បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបតិ្តការ ស្តីពីការផលិតសញ្ញាសាធារណៈអន្តរជាតិនៃការប្រកួតកីឡាអូឡាំពិកក្រុងប៉ារីសឆ្នាំ២០២៤។

អនុលោមតាមកិច្ចព្រមព្រៀងនេះ អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន នឹងទទួលបន្ទុកផលិតសញ្ញាសាធារណៈអន្តរជាតិ នៃការប្រកួតលើវិញ្ញាសាកាយសម្ព័ន្ធ វាយកូនឃ្លីលើតុ វាយសីនិងឡើងភ្នំថ្មរបស់ការប្រកួតកីឡាអូឡាំពិកក្រុងប៉ារីសឆ្នាំ២០២៤ ដែលបានក្លាយជាស្ថានីយទូរទស្សន៍ជាតិ ដែលទទួលបន្ទុកផលិតសញ្ញាសាធារណៈរបស់វិញ្ញាសាច្រើនបំផុត នៃការប្រកួតកីឡាអូឡាំពិកក្រុងប៉ារីស។

លោក Shen Haixiong អគ្គនាយកនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន និងលោក អ៊ីអានីស ប្រធានប្រតិបតិ្តនៃក្រុមហ៊ុនផ្តល់សេវាកម្មផ្សាយបន្តផ្ទាល់ នៃការប្រកួតកីឡាអូឡាំពិកបានចូលរួមពិធីចុះហត្ថលេខាអនឡាញ។

លោក Bach ប្រធានគណៈកម្មាធិការកីឡាអូឡាំពិកអន្តរជាតិបានផ្ញើសារលិខិត ដើម្បីអបអរសាទរចំពោះការដែលអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិនក្លាយជាស្ថាប័នផលិតសញ្ញាសាធារណៈអន្តរជាតិ នៃការប្រកួតកីឡាអូឡាំពិកក្រុងប៉ារីស។ លោក Bach បានលើកឡើងថា គុណភាពខ្ពស់និងសមត្ថភាពដ៏ជំនាញក្នុងការផ្សាយដំណឹង នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន បានរួមចំណែកយ៉ាងខ្លាំងក្លាដល់ការផ្សាយបន្តផ្ទាល់ដ៏ជោគជ័យ នៃការប្រកួតកីឡាអូឡាំពិក ព្រមទាំងបានជួយការប្រកួតកីឡាអូឡាំពិក ត្រូវផ្សាយទៅដល់ទស្សនិកជននៃបណ្តាតំបន់នានា នៅលើពិភពលោកទាំងមូល៕

វិទ្យុមិត្តភាពកម្ពុជាចិន