(សិង្ហបុរី)៖ បេសកជនពិសេសទទួលបន្ទុកកិច្ចការមីយ៉ាន់ម៉ា របស់អង្គការសហប្រជាជាតិ (UN) កាលពីថ្ងៃចន្ទសប្តាហ៍នេះ បានប្តេជ្ញាថាលោកស្រីនឹងមិនត្រឡប់ទៅធ្វើទស្សនកិច្ច នៅប្រទេសអាស៊ានមួយនេះសាជាថ្មីឡើយ រហូតទាល់តែលោកស្រី ត្រូវបានអនុញ្ញាតឱ្យចូលជួបអតីតមេដឹកនាំ លោកស្រី អោងសាន ស៊ូជី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី៦ ខែកញ្ញា ឆ្នាំ២០២២។

បេសកជន UN លោកស្រី ណូអេលីន ហេហ្សឺ (Noeleen Heyzer) បានជួបជាមួយក្រុមថ្នាក់ដឹកនាំជាន់ខ្ពស់ នៃរបបយោធាមីយ៉ាន់ម៉ា នៅឯរដ្ឋធានីណៃពិដោ កាលពីខែសីហាកន្លងទៅ កំលុងទស្សនកិច្ចលើកដំបូងរបស់លោកស្រី ដែលធ្វើឡើងនៅរយៈពេល ១០ខែ ក្រោយការចូលកាន់តួនាទី។

យ៉ាងណាមិញ ក្នុងឱកាសនោះ លោកស្រី ហេហ្សឺ មិនត្រូវបានអនុញ្ញាតឱ្យជួបជាមួយ លោកស្រី អោងសាន ស៊ូជី ឡើយ។ មកទល់ពេលនេះ លោកស្រី ស៊ូជី ត្រូវបានតុលាការយោធាកាត់ទោសដាក់ពន្ធនាគារ សរុបរយៈពេល២ទសវត្សរ៍ និងកំពុងបន្តជាប់ឃុំឃាំង ចាប់តាំងតែពីលោកស្រី ត្រូវបានគេធ្វើរដ្ឋប្រហារទម្លាក់ពីអំណាច កាលពីខែកុម្ភៈ ឆ្នាំ២០២១។

គួរបញ្ជាក់ថា អគ្គលេខាធិការ UN បានតែងតាំងលោកស្រី ហ្សេហ្សឺ ដែលជាសង្គមវិទូជនជាតិសិង្ហបុរី កាលពីឆ្នាំមុន ដើម្បីជំនួសតំណែង អ្នកការទូតជនជាតិស្វីស គឺលោកស្រី គ្រីស្ទីន ស្រាណឺ បឺហ្កេណឺ (Christine Schraner Burgener) ដែលត្រូវបានរដ្ឋាភិបាលយោធា រារាំងមិនឱ្យទៅបំពេញទស្សនកិច្ចនៅមីយ៉ាន់ម៉ា ជាទីដែលលោកស្រីសង្ឃឹមថា នឹងអាចបានជួបជាមួយលោកស្រី ស៊ូជី ដូចគ្នា។

ចំណែករដ្ឋមន្រ្តីការបរទេសកម្ពុជា ប្រាក់ សុខុន ដែលជាបេសកជនពិសេសរបស់អាស៊ាន ក៏ធ្លាប់បានទៅបំពេញទស្សនកិច្ចនៅមីយ៉ាន់ម៉ាចំនួន ២លើកផងដែរ ប៉ុន្តែរបបយោធា បានបដិសេធចំពោះលោកទាំង២លើក ក្នុងការចូលជួបលោកស្រី អោងសាន ស៊ូជី៕