(វ៉ាសូវី)៖ រដ្ឋមន្រ្តីការពារជាតិប៉ូឡូញ លោក ម៉ារីយូស ប្លាសហ្សាក់ (Mariusz Blaszczak) កាលពីថ្ងៃចន្ទសប្តាហ៍នេះ បាននិយាយថា ទីក្រុងវ៉ាសូវីនឹងបញ្ជាទិញប្រព័ន្ធកាំភ្លើងធំ AHS Krab ចំនួន៤៨គ្រឿងបន្ថែមទៀត ព្រមទាំងបរិក្ខារអមដំណើរ៣៦គ្រឿង ពីក្រុមហ៊ុនផលិតសព្វាវុធក្នុងស្រុក ហ៊ូតា ស្តាឡូវ៉ា វ៉ូឡា (Huta Stalowa Wola) ក្នុងតម្លៃ៣.៨ពាន់លានស្លុតទីស (៧៩៧លានដុល្លារអាមេរិក)។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី៦ ខែកញ្ញា ឆ្នាំ២០២២។

លោក ប្លាសហ្សាក់ បាននិយាយដូច្នេះថា «នេះគឺជាកិច្ចសន្យាទី២ ខណៈកិច្ចសន្យាទី១ ត្រូវសម្រេចបានជាស្ថាពរកាលពីឆ្នាំ២០១៦ ហើយកំពុងស្ថិតក្រោមការអនុវត្តនៅឡើយ»។ នៅក្នុងឆ្នាំ២០១៦ យោធាប៉ូឡូញបានបញ្ជាទិញ កាំភ្លើងធំហោវីតសឺប្រភេទខាងលើ ៩៦គ្រឿង ពីក្រុមហ៊ុន Huta Stalowa Wola ដែលនឹងត្រូវប្រគល់គ្រប់ចំនួន នៅត្រឹមឆ្នាំ២០២៤។

កាលពីចុងខែឧសភាកន្លងទៅ វិទ្យុប៉ូឡូញបានរាយការណ៍ថា ទីក្រុងវ៉ាសូវីបានផ្តល់កាំភ្លើងធំ Krab ចំនួន១៨គ្រឿងឱ្យអ៊ុយក្រែន។ កាំភ្លើងធំហោវីតសឺនេះ អាចបាញ់ចម្ងាយជាអតិបរមា៤០គីឡូម៉ែត្រ ហើយអាចចល័តបានដោយខ្លួនឯង ដោយមិនចាំបាច់ត្រូវការ គ្រឿងយន្តអូសទាញនោះឡើយ។

គួរបញ្ជាក់ថា ការឈ្លានពានរបស់រុស្ស៉ីលើអ៊ុយក្រែន បានបង្កបណ្តាប្រទេសនៅអឺរ៉ុបខាងកើត ដែលធ្លាប់ស្ថិតក្រោមឥទ្ធិពលរបស់ អតីតសហភាពសូវៀត កើតមានក្តីកង្វល់ចំពោះសន្តិសុខរបស់ពួកគេជាខ្លាំង។ ប៉ូឡូញដែលជាសមាជិកនៃអង្គការ NATO បានប្តេជ្ញាបង្កើនការចំណាយលើយោធាឱ្យដល់ ៣ភាគរយនៃអត្រា GDP របស់ខ្លួន ព្រមទាំងពង្រីកទំហំកងទ័ពទ្វេដង ដើម្បីត្រៀមទប់ទល់ការវាយប្រហារណាមួយ ដែលអាចកើតឡើង៕